មន្ត្រី​ជលផល៖ ផល​ត្រី​ប្រហុក​ឆ្នាំ ២០១១ កើន​ជាង​ឆ្នាំ ២០១០​កន្លង​ទៅ

ដំណើរ​ការ​ប្រមូល​ផល​ត្រី​ទឹក​សាប នៅ​ទន្លេសាប និង​ទន្លេ​មេគង្គ កំពុង​តែ​ចាប់​ផ្ដើម​រយៈ​ពេល ២ ថ្ងៃ​មក​ហើយ ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ ២០១២។ មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​ជលផល អះអាង​ថា ផល​ត្រី​ឆ្នាំ ២០១១ កន្លង​ទៅ​នេះ គឺ​កើន​ជាង​ឆ្នាំ​មុនៗ បន្ទាប់​ពី​រដ្ឋាភិបាល​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប និង​មេគង្គ​កន្លង​មក។
ដោយ សុខ សេរី
2012-01-02
Share
ត្រី​ប្រហុក ០២-មករា-២០១២៖ ត្រី​សម្រាប់​ធ្វើ​ប្រហុក ដែល​អ្នក​នេសាទ​ប្រមូល​បាន និង​ចែកចាយ​នៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។
RFA/Sok Serey

អ្នក​ភូមិ​ចាម​នៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ ២០១២ បាន​សំដែង​ភាព​រីករាយ ដោយសារ​តែ​ពួក​គាត់​បាន​ប្រមូល​ផល​ត្រី​កើន​ជាង​ឆ្នាំ​មុនៗ ចំនួន ២ ឬ ៣ ដង ដើម្បី​ធ្វើ​ប្រហុក និង​ផ្អក​សម្រាប់​ឆ្នាំ ២០១២។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ប្រហុក និង​ផ្អក នៅ​ឆ្នាំ ២០១២ គឺ​មិន​ខ្វះ​សម្រាប់​បរិភោគ​ទេ។

ត្រី​រៀល​ជា​ច្រើន​រយ​តោន ដែល​គេ​កាត់​ក្បាល​ដោយ​ម៉ាស៊ីន​រួច​ហើយ គឺ​មាន​តម្លៃ​រវាង​ពី ៥០០​រៀល ទៅ ៨០០ រៀល ក្នុង​មួយ​គីឡូ​ក្រាម សម្រាប់​លក់​ឲ្យ​ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​នានា ដើម្បី​ធ្វើ​ប្រហុក ឬ​ផ្អក។ តម្លៃ​នេះ គឺ​ថោក​ជាង​ឆ្នាំ ២០១០ កន្លង​ទៅ ដែល​មាន​តម្លៃ​ប្រមាណ ១.៨០០​រៀល ឬ​ជិត ២.០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

អ្នក​ភូមិ​មួយ​រូប​នៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ឈ្មោះ សា សារលឹម អាយុ ៥៥​ឆ្នាំ បាន​ថ្លែង​នៅ​ក្បែរ​កន្លែង​ប្រមូល​ផល​ត្រី​ថា អ្នកស្រី​គ្រោង​ធ្វើ​ប្រហុក​ឲ្យ​បាន ១០០​តោន​នៅ​ឆ្នាំ ២០១២​នេះ ដោយសារ​តែ​ផល​ត្រី​សម្បូណ៌​ជាង​ឆ្នាំ​មុនៗ។ កាល​ពី​ឆ្នាំ​មុន អ្នកស្រី​ធ្វើ​ប្រហុក​បាន​តែ ២០ តោន ដោយសារ​តែ​ខ្សត់​ត្រី។

ឈ្មោះ សា សារលឹម៖ «ឆ្នាំ​នេះ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ធ្លាក់​ត្រី​មក​ច្រើន តាំង​ពី​ទន្លេសាប​រហូត​មក​ដល់​ភ្នំពេញ​យើង​ណា ហូរហែ​មក ហើយ​ប្រជាជន​សប្បាយ។ ហ្នឹង​ហើយ​អត់​បាន​បិទ​ឡូត៍​នេសាទ​ទេ។ បើក​ឡូត៍​នេសាទ​ទាំង​អស់។ ហ្នឹង​ហើយ ប្រជាជន​សម្បូរ​សប្បាយ»។

ជនជាតិ​ម្នាក់​ទៀត ឈ្មោះ ម៉ូត សាលេស អាយុ ៤៨​ឆ្នាំ បាន​និយាយ​ថា លោក​គ្រោង​ធ្វើ​ប្រហុក​ឲ្យ​បាន​ជាង ១០០​តោន​ដែរ នៅ​ឆ្នាំ​នេះ។ ប៉ុន្តែ លោក​ព្រួយ​បារម្ភ​អំពី​ខ្វះ​កម្លាំង​កម្មករ​ធ្វើ​ប្រហុក ដោយសារ​តែ​ផល​ត្រី​សម្បូណ៌​ជាង​ឆ្នាំ​មុនៗ។

លោក ម៉ូត សាលេស៖ «សប្បាយ! ធ្វើ​មិន​ទាន់។ សម្បូណ៌​ពេក​ធ្វើ (ប្រហុក) មិន​ទាន់។

សុខ សេរី៖ «មូលហេតុ​អ្វី​បាន​សម្បូណ៌​បាទ»?

ម៉ូត សាសេស៖ «មូលហេតុ​មក​ពី​គេ​ដក​ឡូត៍​នេសាទ​ចេញ​អស់​បាន​សម្បូណ៌។ ខ្ញុំ​បើ​វាយ​ទាន់​បាន ១០០​តោន គឺ​ធ្វើ ១០០​តោន។ បើ​ធ្វើ​អត់​ទាន់ បាន​ប៉ុន្មាន គឺ​ធ្វើ​ប៉ុណ្ណឹង»។

ទាក់ទង​នឹង​ការ​ប្រមូល​ផល​ត្រី​ធ្វើ​ប្រហុក​នេះ ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ណៅ ធួក មាន​ប្រសាសន៍​ថា លោក​ក៏​រីករាយ​ដែរ ដោយសារ​ផល​ត្រី​កើន​ច្រើន​បែប​នេះ។

លោក ណៅ ធួក៖ «សូម​ថ្លែង​អំណរ​គុណ ចំពោះ​សម្ដេច តេជោ ហ៊ុន សែន ដែល​លោក​បាន​ឈ្លាស​វៃ ក្នុង​ការ​ផ្អាក​ឡូត៍​នេសាទ​នៅ​បឹង​ទន្លេសាប និង​ធ្វើ​ឲ្យ​ប្រហុក ផល​ត្រី​ជា​ទូទៅ​នេះ​កើន​ឡើង​យ៉ាង​ច្រើន សម្រាប់​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​យើង​ទូទៅ ដែល​ត្រូវ​ការ​ប្រហុក​នេះ​គ្រប់​គ្នា»។

ការ​កើន​ផល​ត្រី​ទឹក​សាប​នៅ​ឆ្នាំ ២០១១ គឺ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​បាន​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​កន្លង​មក និង​បាន​រឹប​អូស​ឡូត៍​នេសាទ​ឯកជន​ចំនួន ៣៥ នៅ​បឹង​ទន្លេសាប ដាក់​ជា​សម្បត្តិ​រដ្ឋ ដើម្បី​បង្កើន​ផល​ត្រី នៅ​ឆ្នាំ​ក្រោយៗ ទៀត។

រដ្ឋបាល​ជលផល បាន​បើក​រដូវ​នេសាទ នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ។ ប៉ុន្តែ រដូវ​ដែល​ប្រជា​ពលរដ្ឋ​ប្រមូល​ផល​ត្រី​ទឹក​សាប ដើម្បី​ធ្វើ​ប្រហុក ឬ​ផ្អក​នោះ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី ៧ ខែ​មករា ដើម​ឆ្នាំ ២០១២។ ការ​ប្រមូល​ផល​ត្រី​ទឹក​សាប​នេះ និង​ធ្វើ​ម្ដង​ទៀត នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ ២០១២។

រដ្ឋបាល​ជល​ផល​មាន​ផែន​ការ​ប្រមូល​ផល​ត្រី ដើម្បី​ធ្វើ​ប្រហុក និង​ផ្អក​ឲ្យ​បាន​ចំនួន​ជាង ៥​សែន​តោន នៅ​ឆ្នាំ ២០១២ គឺ​កើន​ជាង​ឆ្នាំ ២០១០ កន្លង​ទៅ។ ទី​ផ្សារ​សម្រាប់​នាំ​ចេញ​ប្រហុក​ជា​ច្រើន​ពាន់​តោន​ពី​កម្ពុជា​នោះ គឺ​ទៅ​ប្រទេស​ថៃ ដើម្បី​យក​ទៅ​កែ​ច្នៃ​បន្ថែម​ទៀត៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល