ណៅ ធួក៖ ត្រី​ងាប់​នៅ​បឹង​ទន្លេសាប​កន្លង​មក​ដោយ​សារ​ខ្វះ​អុកស៊ីហ្សែន

ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ណៅ ធួក បាន​អះអាង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ថា ករណី​ត្រី​ងាប់​នៅ​បឹង​ទន្លេសាប​កន្លង​មក​នេះ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ធូរស្រាល និង​ចប់​សព្វគ្រប់​ហើយ ដោយ​សារ​តែ​ទឹក​ទន្លេ​បន្ត​ឡើង និង​មាន​ភ្លៀង​ធ្លាក់​ច្រើន ធ្វើ​ឲ្យ​ទឹក​ទន្លេ​នៅ​ទីនោះ​មាន​អុកស៊ីហ្សែន​គ្រប់គ្រាន់ សម្រាប់​ត្រី​ដក​ដង្ហើម។
ដោយ សុខ សេរី
2012-07-17
Share
ត្រី ទន្លេ​សាប ៣០៥ ប្រជាពលរដ្ឋ​ប្រមូល​ផល​ត្រី​នៅ​បឹង​ទន្លេ​សាប ក្នុង​អំឡុង​ឆ្នាំ​២០០៤
RFA/Sok Serey

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ មាន​សេចក្តី​រាយការណ៍​ព័ត៌មាន​នានា​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ត្រី​ងាប់​នោះ គឺ​ដោយ​សារ​តែ​គេ​ដាក់​ថ្នាំ​ពុល​ក្នុង​ចំណី​ត្រី បាច​ឲ្យ​ត្រី​ស៊ី។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ជលផល​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់ បាន​រក​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ត្រី​ងាប់​នោះ គឺ​ដោយ​សារ​តែ​ត្រី​ខ្វះ​អុកស៊ីហ្សែន​នៅ​ក្នុង​ទឹក ដើម្បី​ដក​ដង្ហើម។

ករណី​ត្រី​ងាប់​នៅ​បឹង​ទន្លេសាប នៅ​ខេត្ត​កំពង់ឆ្នាំង នោះ គឺ​នៅ​គ្រា​ដែល​រដ្ឋបាល​ជលផល​កំពុង​តែ​អនុវត្ត​វិធានការ​រដូវ​បិទ​នេសាទ និង​ជា​រដូវ​ត្រី​ពង​កូន។

ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក ដែល​បាន​តាម​ដាន​ករណី​នេះ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ ពី​ខេត្ត​ព្រៃវែង មក​ថា ពុំ​មាន​ត្រី​ងាប់​ទៀត​ទេ​នៅ​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ឆ្នាំង នោះ។ លោក​បាន​ស្នើ​ឲ្យ​សហគមន៍​អ្នក​នេសាទ បន្ត​តាម​ដាន​ករណី​នេះ​ទៀត៖ «នែ! យើង​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ភ្លាម​ហ្នឹង​ថា ត្រី​ហ្នឹង​គឺ​វា​មក​ពី​ទឹក​ស្អុយ ខ្វះ​អុកស៊ីហ្សែន ដោយ​សារ​តែ​ទឹក​រលួយ​ស្លឹក​ឈើ ស្មៅ​ហ្នឹង​ណា ហើយ​យើង​វិភាគ​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ចេញ​លទ្ធផល​គឺ​អត់​ឃើញ​មាន​សារជាតិ​ពុល ឬ​ក៏​កន្ទក់​ដែល​មាន​អ្នក​ខ្លះ​គេ​ប្រកាស​ថា ត្រី​ហ្នឹង​ពុល​ដោយ​សារ​តែ​មាន​គេ​បាច​ថ្នាំ​ពុល​លាយ​ជាមួយ​កន្ទក់​អីចឹង គឺ​អត់​មាន​ទេ។ ហើយ​ទី​២ គឺ​យើង​ពិនិត្យ​ឃើញ​ថា អុកស៊ីហ្សែន នៅ​ក្នុង​ទឹក​មាន​តែ ២,៩ មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ទឹក ហើយ​ត្រី​វា​ត្រូវ​ការ​អុកស៊ីហ្សែន​ហ្នឹង ៤,៥ មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ទឹក ទើប​វា​អាច​រស់​បាន»

លោក​បាន​ប៉ាន់ស្មាន​ថា ត្រី​ដែល​បាន​ងាប់​កាល​សប្ដាហ៍​កន្លង​មក​នេះ គឺ​មាន​ចំនួន​ជាង ៦០០​គីឡូក្រាម។

ទាក់​ទង​នឹង​ករណី​ត្រី​ងាប់​ជាច្រើន​រយ​គីឡូក្រាម​នេះ នាយក​ប្រតិបត្តិ នៃ​សម្ព័ន្ធភាព​ដើម្បី​អភិវឌ្ឍន៍​ធនធាន​ជលផល នៅ​ប្រទេស​កម្ពុជា លោក ឱម សាវ៉ាត បាន​មាន​ប្រសាសន៍​ថា លោក​សោក​ស្ដាយ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​រដូវ​នេះ​ជា​រដូវ​ត្រី​ពង​កូន៖ «កាល​ណា​វា​ងាប់​ច្រើន វា​ប៉ះពាល់​ដល់​ផល​ស្តុក ឬ​ត្រី​មេ​ពូជ​មួយ​ចំនួន ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ​លោក»

សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ជលផល ចុះ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ចុះ​ស៊ើប​អង្កេត​របស់​មន្ត្រី​ជំនាញ​ជលផល​កន្លង​មក​នេះ បាន​រក​ឃើញ​ថា ត្រី​ដែល​បាន​ងាប់​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ គឺ​ជា​ប្រភេទ​ត្រី​រៀល​អង្កាម ត្រី​អង្កត់​ប្រាក់ ត្រី​កំផ្លៀវ និង​ត្រី​ខ្នងវែង ដែល​ជា​ប្រភេទ​ត្រី ស ត្រូវ​ការ​អុកស៊ីហ្សែន​កម្រិត​ខ្ពស់។

កន្លែង​កើត​ហេតុ​នោះ គឺ​ជា​វាលស្មៅ និង​វាល​ត្រែង ដែល​មាន​ទំហំ​ជាង ១០​ហិកតារ និង​មាន​ត្រី​ងាប់​នៅ​រាយ​ប៉ាយ ប៉ុន្តែ​ត្រី​ដទៃ​ទៀត បាន​ងើប​ក្បាល​ពី​ផ្ទៃ​ទឹក ដើម្បី​ដក​ដង្ហើម។

ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក បាន​បញ្ជាក់​ថា កន្លែង​ដទៃ​ទៀត នៅ​បឹង​ទន្លេសាប​ពុំ​មាន​ករណី​ត្រី​ងាប់​បែប​នេះ​កើត​ឡើង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល