ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

ប្រជា​នេសាទ​នៅ​តំបន់​ភាគ​ខាង​ត្បូង​បឹង​ទន្លេសាប​បាន​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដែល​បាន​ចែង​ក្នុង​សេចក្ដី​ព្រាង​នៃ​សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម​ថា ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ​ជួប​ការ​លំបាក​និង​ខ្វះ​ខាត។
ដោយ មណ្ឌលកែវ
2009-11-19
Share
នេសាទ​៣០៥ កម្មករ​លាង​ត្រី​ដើម្បី​ធ្វើ​ប្រហុក នៅ​ភូមិ​ច្រាំងចំរេះ ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​៨ មករា ២០០៩។
AFP Photo/Tang Chhin Sothy

តំណាង​ប្រជា​នេសាទ​ប្រចាំ​ខេត្ត​បាត់ដំបង គឺ​លោក ហ៊ុត ហាន មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​១៧ វិច្ឆិកា ក្នុង​សិក្ខា​សាលា​មួយ​ស្តីពី​ទិដ្ឋភាព​ច្បាប់​និង​ស្ថានភាព​នេសាទ​លក្ខណៈ​គ្រួសារ ថា ការ​កំណត់​ឲ្យ​ប្រជា​នេសាទ​ប្រើ​ឧបករណ៍​ដូច​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ព្រាង​នៃ​សេចក្តី​ប្រកាស​ស្តីពី​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ដែន​នេសាទ​ទឹក​សាប​និង​សមុទ្រ​របស់​ក្រសួង​កសិកម្ម នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ជីវភាព ព្រោះ​វា​មិន​អាច​ចាប់​ត្រី​បាន​ច្រើន​ល្មម​ដើម្បី​លក់​ដោះស្រាយ​ជីវភាព​បាន​ឡើយ។

លោក ហ៊ុត ហាន បាន​បញ្ជាក់​ថា ៖ «គាត់​មិន​មែន​តែ​នេសាទ​យក​មក​ចិញ្ចឹម​ឆ្នាំង​គាត់​ទេ គាត់​អាច​យក​ទៅ​ដោះ​ដូរ​លក់​ទិញ​ជា​អង្ករ ទិញ​ជា​សម្ភារៈ​ប្រើប្រាស់​ដូច​កូនចៅ​ដែល​រៀន​អ៊ីចឹង... បើ​កាល​ណា​កំណត់​ឲ្យ​ត្រឹម​តែ​លក្ខណៈ​គ្រួសារ​ចិញ្ចឹម​តែ​ឆ្នាំង​អ៊ីចឹង គាត់​មិន​អាច​រស់​បាន​ទេ»

លោក ស៊ឹម សុបញ្ញា តំណាង​ប្រជា​នេសាទ​ខេត្ត​កំពង់ឆ្នាំង ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា ៖ «អ៊ីចឹង​ខ្ញុំ​ក៏​សំណូម​សុំ​ដល់​ខាង​នាយកដ្ឋាន​ជលផល សុំ​ធ្វើ​យ៉ាង​ណា​តម្រូវ​ទៅ​តាម​ការ​នេសាទ​របស់​ប្រជា​នេសាទ​របស់​យើង​ដែល​នៅ​ក្នុង​តំបន់​នេសាទ​ហ្នឹង ជា​ពិសេស​តំបន់​បឹង​ទន្លេសាប»

ឧបករណ៍​នេសាទ​ចំនួន​៥៧​ប្រភេទ​ត្រូវ​បាន​កំណត់​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ តែ​អ្វី​ដែល​ជា​ប្រតិកម្ម​របស់​ប្រជា​នេសាទ​នោះ​គឺ​បរិមាណ​នៃ​ឧបករណ៍​នីមួយៗ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ក្នុង​ការ​ចាប់​ត្រី​ឲ្យ​បាន​សមល្មម​ដើម្បី​យក​ទៅ​លក់​យក​ប្រាក់​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​ពួក​គេ​បាន។ ឧទាហរណ៍ លប សៃយឺន ឬ​ទ្រូ មាន​កម្ពស់​តិច​ជាង​០,៨​ម៉ែត្រ និង​បន្ទាត់​ផ្ចិត​តិច​ជាង​០,៣​ម៉ែត្រ មង​មិន​ឲ្យ​លើស​ពី​៣​ម៉ែត្រ​ជាដើម​នោះ។

អនុ​ប្រធាន​រដ្ឋបាល​ជលផល លោក​ស្រី កាំង ឃីម ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​ថា ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មាន​គោលដៅ​អភិរក្ស​ធនធាន​មច្ឆា​ជាតិ។

លោកស្រី កាំង ឃីម បាន​មាន​ប្រសាសន៍​ថា ៖ «ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ហ្នឹង​មិន​ត្រូវការ​ដើម​ទុន​ច្រើន អ៊ីចឹង​ហើយ​គឺ​ផ្ដល់​សក្ដានុពល​សម្រាប់​អ្នក​នេសាទ​យើង គាត់​ជា​អ្នក​ក្រីក្រ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​គាត់​ចូលរួម​ប្រើប្រាស់​ធនធាន​របស់​យើង។ ដូច្នេះ​ការ​ថែទាំ​ធនធាន​របស់​យើង​គឺ​ដើម្បី​ធានា​ឲ្យ​ប្រជាជន​យើង​គាត់​អាច​ចាប់​យក​ផល​នេសាទ​នោះ​មាន​និរន្តរភាព បាន​ន័យ​ថា ធានា​ធនធាន​ជលផល​ហ្នឹង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ឲ្យ​នៅ​គង់វង្ស»

មាត្រា​ទី​៣១​នៃ​ច្បាប់​ស្តីពី​ជលផល​បាន​ចែង​ថា ការ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​អាច​ប្រព្រឹត្ត​ទៅ​បាន​នៅ​គ្រប់​ទី​កន្លែង​និង​គ្រប់​ពេល​វេលា ទោះ​បី​ជា​ក្នុង​រដូវ​បិទ​នេសាទ​ក៏​ដោយ ដោយ​ប្រើ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ៕

ព័ត៌មាន (2)

មើល​មតិ​ទាំង​អស់.

Anonymous says:
Nov 20, 2009 10:44 PM

Bravo pour les initiatives, que les autorités ne baissent les bras, ils sont sur les bonnes voies. Vive le changement de comportement des khmers!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល