ប្រជានេសាទភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខែត្រកំពត បានអះអាងថា ពួកគាត់បានឃើញទូកវៀតណាម ច្រើនគ្រឿងចូលមកនេសាទក្នុងដែលសមុទ្រ ក្បែរភូមិរបស់ពួកគាត់កំពុងរស់នៅច្រើនខែឆ្នាំមកហើយ។ ឃើញដូច្នេះ ពួកគាត់បានដាក់សញ្ញាគ្នានៅយប់ថ្ងៃ១៩ ខែតុលា ដើម្បីព័ទ្ធចាប់។ ពួកគាត់អះអាងថា បានប្រើទូកនេសាទចំនួន ១០០គ្រឿង និងប្រើកម្លាំងមនុស្សប្រមាណ ៣០០នាក់ ព័ទ្ធចាប់បានទូកវៀតណាម ១គ្រឿង នៅយប់ម៉ោងជាង ១អធ្រាត្រ ឈានចូលព្រលឹមថ្ងៃទី២០ ខែតុលា។
លោក សើ សារ៉េត បានអះអាងថា ៖ «ប្រមូលគ្នាម៉ោង ១២យប់ ចាប់បាននៅម៉ោង១។ ទូកឥឡូវនៅកន្លែងជលផល ទូករបស់វៀតណាម។ ទូកនោះសុទ្ធតែមានអ្នកធានាឲ្យចូលនេសាទ។ ធានាគេខាងជើងទឹក មានអូប័រគេអ្នកធានា គេមានតែម មានសំបុត្រ ធ្វើជាប័ណ្ណធានារបស់គេហ្នឹងតែម្ដង ជាអក្សរខ្មែរ»។
លោក លាស់ សើ បន្ថែមថា ៖ «ឥឡូវសំណូមពរឲ្យរាជរដ្ឋាភិបាលបំបាត់នូវអាទូកយួន នៅតំបន់ខែត្រកំពតនោះឲ្យអស់ ដើម្បីឲ្យប្រជាពលរដ្ឋស្រណុកធ្វើការនេសាទរកស៊ីចិញ្ចឹមជីវិត»។
តំណាងក្រុមអ្នកនេសាទសមុទ្រ លោក នាក់ សេម បានឲ្យដឹងថា អ្នកដែលចេញលិខិតអនុញ្ញាតឲ្យទូកវៀតណាមចូលនេសាទ គឺជាស្ថាប័នការពារព្រំដែនខាងភាគីកម្ពុជា ៖ «គេអត់ដាក់ឈ្មោះទេ គេខាងការពារព្រំដែនទេ។ ថ្ងៃឲ្យចូល ថ្ងៃ១៣ ខែ១០ រហូតដល់ផុតកំណត់នៅថ្ងៃ៣០ ខែ១ ឆ្នាំ២០១១»។
មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងខេត្តកែប លោក ស សារិន វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោកជម្រាបសួរអំពីចំណាត់ការរបស់ជលផល និងបញ្ជូនសំណុំរឿងទូកវៀតណាម ដែលប្រជានេសាទព័ទ្ធចាប់បានទៅតុលាការ ឬរក្សាទុករង់ចាំដោះស្រាយបានទេ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា។
មន្ត្រីតុលាការខេត្តកំពត ឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលា តុលាការមិនទាន់បានទទួលពាក្យបណ្ដឹងពីមន្ត្រីជលផល ប្ដឹងអំពីទូកវៀតណាម ឆ្លងដែនមកនេសាទក្នុងប្រទេសកម្ពុជា ដែលប្រជានេសាទខ្មែរព័ទ្ធចាប់បាននោះនៅឡើយទេ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស្រី ទ្រី ឈូន ឲ្យដឹងថា បទល្មើសនេសាទមានបណ្ដឹងទៅតុលាការច្រើនករណី ប៉ុន្តែអ្វីដែលសមាគមកត់សម្គាល់ គឺឃើញតែប្រជានេសាទខ្មែរដែលបានទទួលទោសតាមច្បាប់ ចំណែកអ្នកនេសាទវៀតណាម មិនដែលឃើញច្បាប់បានដាក់ទោសទេ ព្រោះមានការចរចាសម្របសម្រួលរវាងប្រទេសកម្ពុជា-វៀតណាម។
លោកស្រី ទ្រី ឈូន បន្ថែមថា ៖ «អាការចាប់ហ្នឹងបានជារឿយៗដែរ ប៉ុន្តែគ្រាន់តែថា ជាលក្ខណៈសម្រួលគ្នាទៅវិញទៅមក មិនមានការអនុវត្តឲ្យបានតឹងរ៉ឹងតាមផ្លូវច្បាប់ទេ»។
មន្ត្រីសម្របសម្រួលនៃអង្គការសម្ព័ន្ធភាពអភិរក្សធនធានធម្មជាតិសមុទ្រ (FACT) លោក តុង រ៉ា បានឲ្យដឹងថា ប្រជាជនកាន់តែច្រើនបានយល់អំពីច្បាប់ជលផល និងចេះការពារធនធានធម្មជាតិសមុទ្ទ និងចេះជួយគ្នានៅគ្រាដែលឃើញមានការឈ្លានពាន ការនេសាទ និងបំផ្លាញផលសមុទ្រ ដែលអង្គការនេះបានជួយអប់រំ និងបណ្ដុះបណ្ដាលរាល់ខែនោះ។ លោកថា ការប្រមូលគ្នាចុះចាប់ទូកនេសាទវៀតណាម ជាឧទាហរណ៍របស់ប្រជានេសាទដែលជួយគ្នាការពារធនធានសមុទ្ររបស់ខ្លួន៕