គ្រួសារអ្នកនេសាទចំនួនជាង១.០០០គ្រួសារនៅក្នុងខេត្តកោះកុង បានអះអាងថា ពួកគាត់មិនអាចនេសាទត្រីបានទេនាពេលនេះ ដោយសារតែកប៉ាល់និងសាទ្បង់ធំៗជាច្រើនគ្រឿងកំពុងតែការបូមខ្សាច់ទាំងយប់ទាំងថៃ្ងនៅខេត្តកោះកុង បណ្តាលឲ្យទឹកស្អុយនិងបានបង្ហូរប្រេងចូលក្នុងទឹកសមុទ្រ។
គ្រួសារអ្នកនេសាទនៅក្នុងចំណោមគ្រួសាររងគ្រោះជាង១.០០០គ្រួសារនៅក្នុងសង្កាត់ដងទុង ស្រុកខ្សាច់មានជ័យ ខេត្តកោះកុង បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងសៅរ៍ ទី២ ខែមករា ឆ្នាំ២០១០នេះថា ស្ថានការណ៍នេសាទកាន់តែដុនដាបទៅៗនៅពេលនេះ។
ពលរដ្ឋអ្នកនេសាទនៅកោះកុងបានថ្លែងដូច្នេះ ៖ «កប៉ាល់វាបូមដីបណ្ដាលឲ្យល្អក់ទឹក មច្ឆាសមុទ្រវារត់ឆ្ងាយ រត់ចេញទៅក្រៅ ហើយណាមួយក្ដាមខ្យងក្នុងព្រែកវាអត់មានជម្រកនៅ ដាក់លប ដាក់ក្ដាមក្នុងព្រែកវាអត់មាន ស្លាបចាក់វាធំៗពេក វារត់ល្អក់ទឹកពេញណាពេញណីអស់ហើយ»។
សុខ សេរី ៖ ឮថាមានការបង្ហូរប្រេង តើរឿងនេះពិតឬទេ? ពលរដ្ឋ ៖ បង្ហូរប្រេងពេញមាត់សមុទ្រហ្នឹង ពីក្នុងព្រែកទៅ។ ទឹកនាចហូរទៅក្រៅ។
ប្រភពបានឲ្យដឹងថា កប៉ាល់និងសាទ្បង់ធំៗចំនួន៦០គ្រឿងកំពុងតែបូមខ្សាច់ពីបាតសមុទ្រនៅក្នុងខេត្តកោះកុងនោះរយៈពេលជាងបីឆ្នាំមកហើយរហូតមកដល់ពេលនេះ។
គ្រួសារអ្នកនេសាទចំនួនជាង១.០០០គ្រួសារបានងើបតវ៉ានៅខាងមុខសាលាខេត្តកោះកុង សុំឲ្យបណ្តេញកប៉ាល់និងសាទ្បង់បូមខ្សាច់នោះចេញកាលពីខែតុលានិងខែវិច្ឆិកា ឆ្នាំ២០០៩កន្លងទៅនេះ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានដំណោះស្រាយនៅទ្បើយទេ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងដើម្បីសុំការបញ្ជាក់ណាមួយនៅទ្បើយទេអំពីការដោះសា្រយតាមសំណើរបស់គ្រួសារអ្នកនេសាទទាំងនោះពីលោក ប៊ុន ឡឺត ជាអភិបាលថ្មីនៃខេត្តកោះកុង ជំនួសលោក យុទ្ធ ភូថង នោះ។
លោក សេត វឌ្ឍនៈ ជាមន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ហៅកាត់ថាលីកាដូ នៅក្នុងខេត្តកោះកុង បានមានប្រសាសន៍ថា ស្ថានការណ៍នេសាទរបស់គ្រួសារអ្នកនេសាទទាំងនោះកំពុងតែដុនដាបយ៉ាងខ្លាំង។
លោក សេត វឌ្ឍនៈ មានប្រសាសន៍ដូច្នេះ ៖ «ឥឡូវហ្នឹងអត់ទាន់មានដំណោះស្រាយអីទេ។ គាត់(ពលរដ្ឋ)តវ៉ាម្ដងហើយនៅអភិបាលខេត្តចាស់ ហើយមកដល់ខែ១១ហ្នឹងគាត់តវ៉ាទៀត ប៉ុន្តែគេទើបនឹងឡើងអភិបាលខេត្តថ្មីមក ក៏មិនទាន់មានដំណោះស្រាយអីទេ»។
នៅជុំវិញរឿងខាងលើនេះ លោក លឹម គានហោ ជារដ្ឋមន្រ្តីនៃក្រសួងធនធានទឹកនិងឧត្តុនិយមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍កាលពីខែតុលា កន្លងទៅឲ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យកប៉ាល់នោះបូមខ្សាច់នៅក្នុងព្រែកតែប៉ុណ្ណោះ។
លោក លឹម គានហោ មានប្រសាសន៍ដូច្នេះថា ៖ «សូមបញ្ជាក់ជូនថា គ្មានទាន់អនុញ្ញាតឲ្យអាជីវករណាមួយធ្វើនៅក្នុងផ្ទៃលំហសមុទ្រទេ ធ្វើនៅតាមព្រែកបាន តែព្រែកហ្នឹងយើងសិក្សាទៀត»។
មានក្រុមហ៊ុនបូមខ្សាច់ចំនួន១៤ក្រុមហ៊ុនត្រូវបានរដ្ឋាភិបាលកម្ពុជា បានផ្តល់អាជ្ញាបណ្ណ័ឲ្យធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងខេត្តកោះកុង ខេត្តព្រះសីហនុនិងខេត្តកំពត។
ប្រភពពីគ្រួសារអ្នកនេសាទបានឲ្យដឹងថា គ្រួសារអ្នកនេសាទជាច្រើនគ្រួសារបានភៀសខ្លួនទៅខេត្តផ្សេងៗនិងតំបន់ផ្សេងៗទៀតដើម្បីនេសាទត្រី នៅគ្រាដែលកន្លែងធ្លាប់នេសាទត្រីបាននោះមិនមានត្រីដូចពីមុនទៀត៕
