ជើង​ហោះ​ហើរ​ទៅ​ក្រុង​បាងកក​ត្រូវ​ផ្អាក​ដោយសារ​បាតុកម្ម​នៅ​ថៃ

ជើង​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ ៣ ដែល​ហោះហើរ​ពី​ភ្នំពេញ​និង​សៀមរាប​ទៅ​ក្រុង​បាងកក​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា​នេះ បាន​ផ្អាក​ការ​ហោះហើរ​បណ្តោះ​អាសន្ន ដោយសារ​តែ​ស្ថានភាព​នយោបាយ​វឹកវរ​ដោយ​ក្រុម​បាតុករ​ថៃ​កំពុង​កាន់កាប់​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​បាងកក។

0:00 / 0:00

ភ្ញៀវ​អ្នក​ធ្វើ​ដំណើរ​កក​កុញ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​និង​សៀមរាប ត្រូវ​ខក​ដំណើរ​រាប់​រយ​នាក់។

ចំណែក​ឯ​មន្រ្តី​នៃ​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មួយ​រួប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៣​នោះគឺ​ក្រុមហ៊ុន Bangkok Airways, Thai Airways និង​ក្រុមហ៊ុន Air Asia ត្រូវ​បាន​ផ្អាក​ជើង​ហោះហើរ​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​នេះ ដោយសារ​អសន្តិសុខ​ក្នុង​ក្រុង​បាងកក។ មន្រ្តី​រូប​នោះ​បាន​បញ្ជាក់​ទៀត​ថា ការ​ផ្អាក​បណ្តោះ​អាសន្ន​នេះ គឺ​ប៉ះពាល់​តែ​ការ​ហោះ​ហើរ​ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ប៉ុណ្ណោះ។

អ្នក​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ចំនួន ១៥០​នាក់ ទៅ​ធ្វើ​ហាជ្ជ​នៅ​ទីក្រុង​ម៉ាក្កះ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ឈ្មោះ អាលី មោសា បាន​មាន​ប្រសាសន៍​ថា ខាង​ក្រុមហ៊ុន​គួរតែ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​ព្រោះ​អ្នក​ទៅ​ធ្វើ​ហាជ្ជ គឺ​មាន​កាលបរិច្ឆេទ​និង​ត្រូវ​ទៅ​សុំ​ទិដ្ឋាការ​ទៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត តាមរយៈ​ស្ថានទូត​អារ៉ាប៊ី សាអូឌីត ក្នុង​ប្រទេស​ថៃ។

លោក អាលី មោសា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ក្រុម​របស់​ខ្ញុំ​មាន​ជាង​១០០​នាក់ ទៅ​ពីរ​ជើង ជើង​ទី​មួយ​ទៅ​ព្រឹក​នៅ​ម៉ោង ៩​ជាង ខក ហើយ​នៅ​ពេល​ល្ងាច​នៅ​ម៉ោង​ជាង ៧។ ឆ្នាំ​នេះ​គឺ​មាន​បញ្ហា​ច្រើន​នៅ​ស្រុក​ថៃ ដូច​ជា​មាន​បាតុកម្ម​ច្រើន​ដែល​នាំ​ឲ្យ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ។ ខ្ញុំ​គិត​ថា គេ​គួរ​តែ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់»

លោក លី បូរី ដែល​ជូន​ដំណើរ​បង​ប្អូន​ទៅ​ក្រៅ​ប្រទេស បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​មាន​ការ​បារម្ភ​ចំពោះ​ការ​ខកខាន​នេះ ព្រោះ​ស្ទើរ​តែ​គ្រប់​គ្នា​នៃ​អ្នក​ធ្វើ​ដំណើរ​គឺ​មាន​ការងារ​សំខាន់​របស់​ខ្លួន​ក្នុង​ការ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​នោះ។

លោក លី បូរី ថ្លែង​ដូច្នេះ​ថា ៖ «បើ​សិន​ជា​នៅ​ខាង​ប្រទេស​ថៃ​គេ​អាច​សម្រួល​បាន គឺ​យើង​អ្នក​ទៅ​ហ្នឹង​អត់​មាន​បញ្ហា​អី​ទេ ប៉ុន្តែ​បើ​បញ្ហា​ចេះ​តែ​កើត​មាន​បន្ត​ពី​មួយ​ថ្ងៃ​មិន​អាច​ដោះស្រាយ​បាន ហើយ​ថ្ងៃ​ស្អែក​មិន​អាច​ដោះស្រាយ​បាន​ទៀត គឺ​អាច​ប៉ះពាល់​ច្រើន»

សូម​ជម្រាប​ថា យោង​តាម​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន Bangkok Airways ចេញ​ដំណើរ​ពី​ភ្នំពេញ​-បាងកក ពីរ​ជើង​ក្នុង​មួយ​ថ្ងៃ គឺ​ពេល​ព្រឹក​ចេញ​ដំណើរ​នៅ​ម៉ោង ៩​និង​៤០​នា​ទី និង​ពេល​យប់​នៅ​ម៉ោង ៨។ ក្រុមហ៊ុន Thai Airways ពេល​ព្រឹក​ចេញ​ដំណើរ​នៅ​ម៉ោង​១០ និង​ល្ងាច​នៅ​ម៉ោង ៨​និង​២៥​នាទី និង​ក្រុមហ៊ុនAir Asia គឺ​ចេញ​ដំណើរ​នៅ​ម៉ោង​៥​ល្ងាច។

អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ដែល​បាន​ពន្យារ​ការ​ធ្វើ​ដំណើរ​នោះ មាន​ប្រមាណ ៧០០​នាក់ រីឯ​ការ​ខកខាន​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ខេត្ត​សៀមរាប​វិញ មាន​ប្រមាណ ៥០០​នាក់។

យោង​តាម​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្ទះ​ដំណើរ​ក្នុង​ក្រុង​បាងកក​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា មក បាន​ឲ្យ​ដឹង​ថា ពួក​គាត់​នៅ​មិនទាន់​អាច​ចេញ​ទៅ​កាន់​ប្រទេស​ទី​៣​នៅ​ឡើយ​ទេ៕