បញ្ហានេះ ធ្វើឱ្យអ្នកទេសចរណ៍ ដែលចូលទៅទស្សនាប្រាសាទ នៅតែលាត់ជើងខោ និងដើរលុយទឹករហូតដល់ថ្ងៃពុធ ទី ២៨ ខែកញ្ញា។
អាជ្ញាធរអប្សរា ទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបូរាណកំពុងប្រឹងប្រែងរំដោះ និងបញ្ចៀសទឹកជំនន់ចេញពីប្រាសាទបូរាណទាំងនោះ។
លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា មានប្រសាសន៍ថា អាជ្ញាធរអប្សរាកំពុងប្រឹងប្រែងទប់ទឹកនៅជុំវិញប្រាសាទខ្លះ តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យទឹកហូរចូលថែមទៀត។ ចំណែកនៅប្រាសាទបន្ទាយស្រី ដែលទឹកហូរចូលនៅក្នុងបរិវេណជាច្រើនថ្ងៃមកហើយនោះ គឺអាជ្ញាធរកំពុងប្រើម៉ាស៊ីនបូមទឹកចេញ។
លោកមានប្រសាសន៍ថា រហូតមកដល់ពេលនេះ អាជ្ញាធរអប្សរានៅមិនទាន់ព្រួយបារម្ភលើប្រាសាទបូរាណណាមួយ ដែលលិចទឹកជំនន់នៅឡើយទេ ពីព្រោះតែទឹកដែលចូលទៅក្នុងបរិវេណប្រាសាទនោះ មិនមានកម្លាំងហូរច្រោះខ្លាំងឡើយ។
ទោះជាយ៉ាងនេះក្ដី លោកព្រួយបារម្ភលើផ្លូវមួយចំនួន សម្រាប់ធ្វើដំណើរក្នុងបរិវេណឧទ្យានអង្គរនោះ ពីព្រោះផ្លូវខ្លះ ត្រូវទឹកហូរកាត់ខ្លាំងបណ្ដាលឱ្យច្រោះដី និងបាក់ខូចខាត៕
