តើ​ការ​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​បរទេស​ប៉ះពាល់​យ៉ាង​ដូចម្ដេច​ដល់​សេដ្ឋកិច្ច​កម្ពុជា?

ការ​ប្រើប្រាស់​រូបិយ​ប័ណ្ណ​បរទេស​ដែល​រួម​មាន​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក ប្រាក់​បាត​របស់​ថៃ​និង​ប្រាក់​ដុង​របស់​វៀតណាម​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​ទូទាត់​តម្លៃ​ទំនិញ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន ត្រូវ​អ្នក​សេដ្ឋកិច្ច​ថ្លែង​ថា វា​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ។

0:00 / 0:00

ក៏​ប៉ុន្តែ​ថា អ្នក​សេដ្ឋកិច្ច​ថ្លែង​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ប្រឈម​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​មាន​អតិផរណា​កើត​ឡើង ឬ​ក៏​ត្រូវ​យាយី​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ។

សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​និង​សេដ្ឋកិច្ច គឺ​លោក​សាស្ត្រាចារ្យ ហ៊ួត ពុំ មាន​ប្រសាសន៍​ថា ខណៈ​ដែល​កម្ពុជា​កំពុង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​សេដ្ឋកិច្ច​នោះ គឺ​វត្តមាន​នៃ​រូបិយ​ប័ណ្ណ​បរទេស​ក្នុង​កាលៈទេសៈ​នេះ គឺ​ជា​ចំណុច​ល្អ​មួយ​ក្នុង​មធ្យោបាយ​ទូទាត់។

លោក​សាស្ត្រាចារ្យ ហួត ពុំ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មធ្យោបាយ​ទូទាត់​យើង​មើល​ថា តើ​អ្នក​ណា​គេ​ត្រូវការ​អាហ្នឹង​ខ្លះ? ហើយ​មនុស្ស​ទាំង​អស់​គេ​ត្រូវ​ការ​អាហ្នឹង អ៊ីចឹង​វា​ជា​មធ្យោបាយ​មួយ​ទូទាត់ ហើយ​វា​ងាយ​ជាង​គេ អ៊ីចឹង​គេ​ទទួល​លុយ​ហ្នឹង​ទៅ។ នៅ​តាម​ព្រំដែន​ទាំង​អស់ ជា​ពិសេស​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម ឬ​សកម្មភាព​សេដ្ឋកិច្ច យើង​ប្រើ​លុយ​បាត​តែ​ម្ដង ហើយ​កន្លែង​ហ្នុង​ស្ទើរ​តែ​លុយ​ដុល្លារ​អត់​ចង់​យក​ទៀត។ គឺ​លុយ​បាត និង​លុយ​ខ្មែរ​ហ្នឹង​ឯង អ៊ីចឹង​ទៅ​វា​តាម​តម្រូវការ​ជាក់​ស្ដែង។ ហើយ​បើ​យើង​គិត​រឿង​ថា​ខាត​ហ្នឹង គឺ​ខាត​លក្ខណៈ​ជា​នយោបាយ ជា​សង្គម​អី ប៉ុន្តែ​លក្ខណៈ​សេដ្ឋកិច្ច វា​អត់​ខាត​ទេ ចំណេញ​វិញ ពីព្រោះ​ធម្មតា​របស់​ដែល​គេ​សម្រាប់​ទូទាត់ របស់​ដែល​គេ​ចូល​ចិត្ត គេ​និយម​ជាង គេ​យក​អាហ្នឹង​ទៅ​មាន​ប្រយោជន៍​ហើយ ទាំង​អ្នក​ទទួល​លុយ អ្នក​ទូទាត់​ឲ្យ​គេ​ក៏​ងាយ​ដែរ»

ក៏​ប៉ុន្តែ​លោក​សាស្ត្រាចារ្យ ហ៊ួត ពុំ បាន​ថ្លែង​ថា រូបិយ​ប័ណ្ណ​និង​សេដ្ឋកិច្ច​កម្ពុជា អាច​ប្រឈម​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ នៅ​គ្រា​ដែល​អតិផរណា​កើត​ឡើង ៖ «បញ្ហា​គឺ​យើង​អាស្រ័យ​លើ​គេ​ទាំង​ស្រុង ហើយ​ជួន​កាល​របស់​យើង​ត្រូវ​ចំណេញ ប៉ុន្តែ​ដោយសារ​អតិផរណា​ឡើង យើង​ប្ដូរ​មក​លុយ​យើង​វិញ យើង​ខាត​តែ​ម្ដង អាហ្នឹង​ជា​ចំណុច​មួយ​ធំ​ដែរ ដែល​លើក​នៅ​ក្នុង​ការ​ដែល​យើង​ចាយ​លុយ​បរទេស ដែល​ប្រើ​ពាក្យ​ថា Monetary substitution ដែល​ចាយ​លុយ​គេ​ហ្នឹង​ឯង ហើយ​យើង​ខាត ខាត​អាហ្នឹង​មួយ​ធ្ងន់​ដែរ នៅ​ពេល​ដែល​អត់​មាន​ស្ថិរភាព»

អ្នក​សេដ្ឋកិច្ច​បាន​ថ្លែង​ថា អ្នក​ជំនួញ​មិន​ទុក​ចិត្ត​អំពី​តម្លៃ​និង​ស្ថិរភាព​នៃ​ប្រាក់​រៀល​ខ្មែរ តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩​០មក។ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ នៅ​តាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​ថៃ អាជីវករ ឬ​អ្នក​ជំនួញ​បាន​ប្រើប្រាក់​បាត​ថៃ។ ចំណែក​ឯ​នៅ​តាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម គេ​ប្រើ​ប្រាក់​ដុង​របស់​វៀតណាម ស្រប​នឹង​ប្រាក់​រៀល​របស់​ខ្មែរ។

អ្នក​សេដ្ឋកិច្ច​មួយ​រូប គឺ​លោកស្រី គីន ណាតាស្យា ដែល​ជា​ចាងហ្វាង​ទស្សនាវដ្តី​សេដ្ឋកិច្ច មាន​ប្រសាសន៍​បន្ថែម​អំពី​លំហូរ​ចូល​និង​ការចរាចរណ៍​ប្រាក់​បរទេស​នៅ​ប្រទេស​កម្ពុជា​យ៉ាង​ដូច្នេះ​ថា ៖ «មួយ​ដោយសារ​លុយ​ដុល្លារ​ហ្នឹង​វា​ហូរ​ចូល​ច្រើន តាំង​ពី​អ៊ុនតាក់​មក ហើយ​មួយ​ទៀត​ដោយសារ​គេ​ឃើញ​ថា អ្នក​វិនិយោគ វា​មាន​សម្ពាធ​ខ្លាំង ខាង​អ្នក​វិនិយោគ​ដើម្បី​ប្រើ​លុយ​ដុល្លារ ដោយសារ​វា​ស្រួល​ខាង​អ្នក​វិនិយោគ​បរទេស​អ៊ីចឹង។ ហើយ​អ្នក​សេដ្ឋកិច្ច​ក៏​គេ​ថា​អ៊ីចឹង​ដែរ ក្នុង​ពេល​ដែល​យើង​ប្រើ​លុយ​ដុល្លារ ពេល​ហ្នឹង​ធ្វើ​ឲ្យ​ការ​ងាយ​ស្រួល​ធ្វើការ​រក​ស៊ី លក់​ដូរ​អ៊ីចឹង»

សេដ្ឋកិច្ច​កម្ពុជា ដែល​រួម​មាន​ទាំង​វិស័យ​ទេសចរណ៍ វិស័យ​សំណង់ និង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​នោះ ត្រូវ​គេ​មើល​ឃើញ​ថា ពឹង​អាស្រ័យ​លើ​ការ​វិនិយោគ​ពី​បរទេស​និង​ប្រើ​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក។

ថ្មី​នេះ​ៗ បណ្តា​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​បាន​ត្រៀម​ខ្លួន​ទប់​លំ​នឹង​សេដ្ឋកិច្ច​របស់​ខ្លួន ស្រប​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​បន្ត​កើត​មាន​នោះ។ ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ ឬ​ហៅ​កាត់​ថា IMF ក៏​បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​ដែរ​ថា នៅ​ឆ្នាំ​២០០៩ ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​យូរ៉ូ និង​ប្រាក់​យ៉េន​របស់​ជប៉ុន នឹង​ធ្លាក់​ចុះ​ជា​កំហុគ ដែល​នេះ​គឺ​ជា​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​ថ្មី​មួយ​ដែល​កើត​មាន​នៅ ៥០​ឆ្នាំ​ចុង​ក្រោយ​នេះ។

មន្ត្រី​ធនាគារ​ជាតិ​មិន​អាច​ទាក់ទង​បាន​ដើម្បី​បញ្ជាក់​អំពី​ផែនការ​ទប់​ទល់​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នោះ​នៅ​ឡើយ​ទេ។

លោកស្រី គីន ណាតាស្យា ចាងហ្វាង​ទស្សនាវដ្តី​សេដ្ឋកិច្ច​មាន​ប្រសាសន៍​ថា ធនាគារជាតិ​របស់​ខ្មែរ​អាច​លំបាក​ក្នុង​ករណី​ខាង​លើ​នេះ ដោយសារ​តែ​ធនាគារ​ជាតិ​មិន​អាច​ធ្វើ​អន្តរាគមន៍​ណា​មួយ លើ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ដុល្លារ ឬ​ប្រាក់​បរទេស​ដែល​កំពុង​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

លោកស្រី គីន ណាតាស្យា មាន​ប្រសាសន៍​ថា ៖ «ធម្មតា ឧទាហរណ៍​មាន​អតិផរណា ដែល​មាន​ទំនិញ​ឡើង​ថ្លៃ ធនាគារ​កណ្ដាល​អាច​ធ្វើ​អន្តរាគមន៍​ដើម្បី​ទប់ស្កាត់​អាហ្នឹង ដូច​ជា​គេ​បោះពុម្ព​លុយ​ខ្មែរ​អី​អ៊ីចឹង។ ប៉ុន្តែ​បើ​សិន​ជា​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង យើង​ប្រើ​លុយ​ទាំង​២ លុយ​ខ្មែរ​និង​លុយ​ដុល្លារ គឺ​ធនាគារ​កណ្ដាល​មិន​អាច​ប៉ះពាល់​លុយ​ដុល្លារ​ទេ»

ក៏​ប៉ុន្តែ លោក​បណ្ឌិត​សេដ្ឋកិច្ច កង ច័ន្ទតារារដ្ឋ មាន​ប្រសាសន៍​ថា វិបត្តិ​នោះ​គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ៖ «លុយ​រៀល​យើង​វា​អត់​មាន​តួនាទី​អី ឬ​ក៏​ទម្ងន់​អី​ខ្លាំង​ទៀត​ទេ នៅ​ក្នុង​សេដ្ឋកិច្ច​នៅ​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ធ្វើ​ហិរញ្ញប្បទាន​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច។ អ៊ីចឹង​នៅ​ពេល​ដែល​ទោះ​បី​អតិផរណា​ឡើង​ខ្ពស់​ក៏​ដោយ ប៉ះ​ពាល់​ត្រឹម​តែ​ដុល្លារ ហើយ​ប្រជាជន​យើង​វា​មាន​កម្រិត​ណាស់ ដែល​ថា​នៅ​ពេល​ដែល​ដុល្លារ​ប្រែប្រួល​តម្លៃ នាំ​គ្នា​បក​យក​មក​គិត​លុយ​រៀល​វិញ ខ្ញុំ​ជឿ​ថា យើង​អត់​ទាន់​ដល់​ពេល​ហ្នឹង​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​សេដ្ឋកិច្ច​ខ្មែរ​បាន​ថ្លែង​ស្រប​គ្នា​ថា វិធានការ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រាក់​រៀល​វិញ​នោះ គឺ​កម្ពុជា​អាច​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​កំណត់​អំពី​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

លោក​បណ្ឌិត កង ច័ន្ទតារារដ្ឋ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «បើ​សិន​ជា​យើង​មាន​លុយ​ខ្លួន​ឯង​សម្រាប់​ចាយ​ខ្លួន​ឯង ខ្ញុំ​ចង់​និយាយ​ថា​លុយ​ខ្លួន​ឯង​គឺ​ជា​លុយ​រៀល ដែល​ប្រជាជន​មាន​ទំនុក​ចិត្ត​វិញ បើ​សិន​ជា​ក្នុង​ករណី​នោះ​វិញ គឺ​យើង​មាន​ឱកាស​អភិវឌ្ឍ​បាន​ច្រើន អ៊ីចឹង​អាច​កំណត់​នូវ​កំណើន ហើយ​យើង​អាច​ដឹង​កម្លាំង​របស់​យើង​ថា​តើ​អាច​ចង់​អភិវឌ្ឍ​អី ក្នុង​កម្រិត​ប៉ុន្មាន​ទៀត​បាន យើង​មិន​អាស្រ័យ​ទៅ​លើ​ពិភព​នៃ​ដុល្លារ តាមរយៈ​ការ​នាំ​ចេញ ទេសចរណ៍ និង​វិនិយោគ​ទេ»

សូម​ជម្រាប​ថា យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​របស់​ធនាគារ​ជាតិ​បាន​សរសេរ​ថា ប្រទេស​កម្ពុជា​ធ្លាប់​រង​ផល​ប៉ះពាល់​តិច​តួច​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​នា​ឆ្នាំ​១៩៩៧។ ការ​គេច​ផុត​ពី​ហានិភ័យ​ខ្ពស់​នេះ គឺ​ដោយសារ​ចំណុច​សំខាន់​៣ ក្នុង​នោះ​គឺ​ប្រតិបត្តិការ​របស់​ធនាគារ​ស្ទើរ​តែ​១០០% បាន​ប្រព្រឹត្ត​ទៅ​ជា​រូបិយ​ប័ណ្ណ ហើយ​កម្ពុជា​មាន​សេដ្ឋកិច្ច​ប្រាក់​ដុល្លារ​ខ្ពស់៕