មន្ត្រីក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ប្រទេសកម្ពុជាមានការកំណត់ច្បាស់លាស់ មិនឲ្យបុរសបរទេសមានអាយុលើសពី ៥០ឆ្នាំ និងមានប្រាក់ចំណូលទាប រៀបការជាមួយនារីខ្មែរឡើយ។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៦ ខែមីនា ពីមូលហេតុនាំឲ្យក្រសួងចេញកំណត់ទូតពីអាយុ និងប្រាក់ចំណូលបុរសបរទេសចង់មករៀបការជាមួយស្ត្រីខ្មែរធ្វើជាភរិយា ប្រយោជន៍ទប់ស្កាត់អាពាហ៍ពិពាហ៍ក្លែងក្លាយ និងការជួញដូរស្ត្រីឲ្យបម្រើផ្លូវភេទជាដើម ៖ «ជាពិសេសការជួញដូរពលកម្មនោះ។ ជាងនេះទៀត យើងចង់ឃើញនូវអាពាហ៍ពិពាហ៍មួយប្រព្រឹត្តិទៅពិតប្រាកដ ហើយសមរម្យ និងស្ត្រីខ្មែរយើងដែលទៅរស់នៅជាមួយស្វាមីជាបរទេសនៅបរទេស ឲ្យមានលក្ខណៈថ្លៃថ្នូរសមរម្យ។ ដូច្នេះបានជាយើងកម្រិតទាំងវ័យ ទាំងប្រាក់ចំណូលរបស់ជនបរទេសដែលមានបំណងចង់មករៀបការជាមួយស្ត្រីកម្ពុជានោះ»។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ បានចេញកំណត់ការទូត ១ច្បាប់ ផ្ញើជូនបេសកកម្មការទូត និងកុងស៊ុលនានាប្រចាំប្រទេសកម្ពុជា អំពីការកំណត់វ័យបុរសបរទេស មានអាយុលើសពី ៥០ឆ្នាំ និងមានប្រាក់ចំណូលទាបជាង ២៥០០ដុល្លារអាមេរិក មិនអនុញ្ញាតឲ្យរៀបមង្គលការជាមួយស្ត្រីខ្មែរនោះទេ។
លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជា បានគាំទ្រចំពោះវិធានការរដ្ឋាភិបាល ដែលបានកំណត់អាយុ និងប្រាក់ចំណូលបុរសបរទេសចង់បានភរិយាជាស្ត្រីខ្មែរ ថាជាយន្តការល្អមួយ ដើម្បីជួយដល់ស្ត្រីខ្មែរទូទៅកុំឲ្យមានការកេងប្រវ័ញ្ចផ្លូវភេទ ឬក៏ឲ្យពួកគេមានជីវភាពរស់នៅបានសមរម្យ។ ប៉ុន្តែលោកថា វិធានការត្រឹមកំណត់អាយុ និងប្រាក់កម្រៃរបស់បុរសបរទេស គឺមិនទាន់គ្រប់គ្រាន់ទេ គឺរដ្ឋាភិបាលត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីផលប៉ះពាល់នៃអាពាហ៍ពិពាហ៍ខុសជាតិសាសន៍ ឬភាសាខុសគ្នាឲ្យបានប្រសើរជាងសព្វថ្ងៃ ៖ «អ្នកខ្លះការទៅតាមរបៀបតែផ្លូវភេទទេ មិនមែនរៀបស្រឡាញ់រស់នៅជាលក្ខណៈប្ដីប្រពន្ធទេ។ តាមការពិតរឿងអាពាហ៍ពិពាហ៍គេមិនដែលនិយាយពីអាយុក្មេង ឬក៏ចាស់ទេ សំខាន់គឺសាមីខ្លួនទាំងពីរហ្នឹងគេពិតជាស្រលាញ់គ្នា ឬអត់។ ម្យ៉ាងទៀតសាមីខ្លួនឯងហ្នឹងទាល់តែមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកផង។ កុំរបៀបមើលឃើញតែលុយគេ កាលណាយើងមើលឃើញតែលុយគេ អាហ្នឹងហើយដែលវាអាចរងគ្រោះពេលដែលយើងទៅនៅក្រៅប្រទេសនោះ»។
តាមការគូសបញ្ជាក់របស់លោក យ៉ា ណាវុធ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ គិតតែកោះតៃវ៉ាន់មួយប៉ុណ្ណោះ មានស្ត្រីខ្មែរជាង ២០នាក់ ដែលបានរៀបការជាមួយបុរសតៃវ៉ាន់ ត្រូវបានអង្គការខារ៉ាមកម្ពុជាជួយសង្គ្រោះមកកាន់កម្ពុជាវិញ ដោយស្ត្រីទាំងនោះត្រូវបានគេជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។
យ៉ាងនេះក្តី លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានចាត់ទុកការកំណត់អាយុបុរសបរទេស និងប្រាក់ចំណូល ដែលចង់រៀបការជាមួយស្ត្រីខ្មែរ ថាជាការរើសអើងជាតិសាសន៍ ព្រោះមនុស្សគ្រប់រូបមានសិទ្ធិជ្រើសរើសគូស្រករសម្រាប់អនាគតរៀងៗខ្លួន។ ប៉ុន្តែលោក កឹម សុខា បានសាទររដ្ឋាភិបាល ប្រសិនបើចំណាត់ការនេះ មានគោលដៅគិតគូរពីអនាគតស្ត្រីខ្មែរស្មោះត្រង់នោះ ៖ «ឧទាហរណ៍គេមានប្រាក់ខែតិច ប៉ុន្តែគេមានធនធាននៅក្រៅប្រទេស។ មានអ្នកខ្លះអាយុចាស់ទៅគាត់មានធនធានគាត់ច្រើន។ ជនបរទេសមួយចំនួនពេលចាស់ទៅគេមានសល់ធនធានគេច្រើនដែរ មិនបាច់ប្រាក់ខែគេទេ។ អាហ្នឹងត្រូវជជែកឲ្យច្បាប់ឡើងវិញ។ យើងមិនអាចគ្រាន់តែថា កំណត់ប្រាក់ខែ១បានទេ។ តើគេត្រូវធានាអីខ្លះ យើងត្រូវធានាយ៉ាងម៉េចដែលគេអាចចិញ្ចឹមភរិយាខ្មែរយើងហ្នឹងបានជាជាងត្រឹមតែយើងកំណត់តែប្រាក់ខែហ្នឹង»។
ទោះជាបែបនេះក្ដី លោក ខៀវ សុភ័គ្រ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាមានប្រសាសន៍ថា ការកំណត់អាយុ និងប្រាក់ចំណូលបុរសបរទេស គឺពិតជាបានរួមចំណែកជួយដល់ស្ត្រីខ្មែរពីការកេងប្រវ័ញ្ចតាមគ្រប់រូបភាព រួមមានការជួញដូរផ្លូវភេទ ការជួញដូរកម្លាំងពលកម្ម ក៏ដូចជាចូលរួមចំណែកជួយដល់ស្ត្រីខ្មែររៀបការជាមួយបុរសបរទេស មានជីវភាពរស់នៅសមរម្យ ៖ «មិនតែចំពោះស្ត្រីទេ ខាងបុរសក៏អ៊ីចឹងដែរ បើសិនយកទៅគ្រាន់តែបម្រើគេ ឬក៏យកទៅគ្រាន់តែដើម្បីរងទុក្ខវេទនា។ អាហ្នឹងទុក្ខរបស់ភរិយា ឬក៏ទុក្ខរបស់ស្វាមីហ្នឹង គឺជាទុក្ខរបស់ពលរដ្ឋខ្មែរទូទៅដែរ។ ជាពិសេសរដ្ឋាភិបាលលោកមានភារកិច្ចដើម្បីគាំពារពលរដ្ឋខ្មែរទាំងអស់ ទាំងរស់នៅក្នុងស្រុក ក៏ដូចជារស់នៅក្រៅប្រទេស»។
មន្ត្រីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា គិតជាមធ្យមមានបុរសបរទេសមកស្ដីដណ្ដឹង ឬរៀបការជាមួយស្ត្រីខ្មែរធ្វើជាភរិយា មានពី៥០ ទៅ៧០គូក្នុង១ខែៗ។
កាលពីឆ្នាំ២០០៧ កាសែតតៃប៉ិថែមស៍ (Taipei Times) បានដកស្រង់សម្ដីស្ត្រីខ្មែរជិត ៣ពាន់នាក់ ដែលបានរៀបការជាមួយបុរសតៃវ៉ាន់ មកចុះផ្សាយបានឲ្យដឹងថា មានស្ត្រីខ្មែរភាគច្រើនត្រូវបានរដ្ឋាភិបាលតៃវ៉ាន់ បដិសេធន៍មិនផ្ដល់សញ្ជាតិឲ្យនោះទេ ដោយសារស្ត្រីខ្មែរទាំងនោះ បានរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ។ ហើយថាភាគច្រើននៃស្ត្រីកម្ពុជា ត្រូវបានគេជួញដូរកម្លាំងពលកម្ម និងជួញដូរផ្លូវភេទ៕