សេចក្តីអះអាងនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ បន្ទាប់ពីក្រុមសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើខេត្តខកខានមិនបានចាប់ឃាត់រថយន្តឆ្នៃឬគោយន្តចំនួនបីគ្រឿង ផ្ទុកទៅដោយឈើប្រណីតធ្នង់ប្រមាណ១៥ម៉ែត្រគូបនិងគំនរឈើគ្រញូងប្រមាណជិត១០ម៉ែត្រគូបទៀតនៅក្នុងចម្ការមួយនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។ ឈើប្រណីតខុសច្បាប់ទាំងនោះគេលាក់ទុកនិងប៉ុនប៉ងនាំចេញទៅលក់ឲ្យឈ្មួញនៅព្រំដែនវៀតណាម ក៏ប៉ុន្តែអ្នកភូមិនិងសកម្មជនសមាគមអាដហុក បានរាយការណ៍ទីតាំងលាក់ឈើទៅមន្ត្រីព្រៃឈើឲ្យធ្វើការបង្ក្រាបកាលពីថ្ងៃសុក្រ ទី២៦ កុម្ភៈ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ឈើត្រូវគេជម្លៀសចេញនៅចំពោះមុខមន្ត្រីព្រៃឈើ ហើយបន្ទាប់មកសកម្មជនសមាគមអាដហុក លោក ឆាយ ធី អ្នកបង្ហាញទីតាំងលាក់ឈើរងការគំរាមកំហែងពីម្ចាស់ឈើ។
លោក ប៉ែន ប៊ុណ្ណារ៍ បានឲ្យដឹងដូច្នេះ ៖ «យើងនឹងអន្តរាគមន៍ទៅព្រះរាជអាជ្ញាពីបទមិនយកចិត្តទុកដាក់និងការប្រព្រឹត្តល្មើសរបស់បុគ្គលមន្រ្តីប៉ូលិស»។
តំណាងសហគមន៍ភូមិអ៊ុន លោក ស្រ៊ី ព្រាវ មានប្រសាសន៍ថា ឈើគ្រញូងមួយគំនរជារបស់មន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំឈ្មោះ ហែម ង៉ែត ដែលជាអ្នកធ្វើជំនួញឈើខុសច្បាប់នោះ។ ចំណែកលោក ឆាយ ធី បញ្ជាក់ថា លោក ហែម ង៉ែត មានគ្នាពីរនាក់ជិះម៉ូតូប្រដេញតាមម៉ូតូលោក ធ្វើឲ្យលោកមានការភិតភ័យ ទើបលោករត់គេចរកអ្នកភូមិឲ្យជួយនិងទូរស័ព្ទសុំកិច្ចអន្តរាគមន៍ពីអធិការប៉ូលិស។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក យូ កានវិមាន បដិសេធសេចក្តីចោទនោះ ៖ «នៅក្នុងភូមិហ្នឹងកំពូលកាច ហើយយើងចូលទៅក្នុងរបងផ្ទះគេឬចម្កា យើងត្រូវមានដីកា។ រត់គេចទៅក្រោយក្នុងចម្ការពួកវាហ្នឹង ហើយវាទម្លាក់អីអស់។ ខ្ញុំឲ្យមន្រ្តីខ្ញុំចាំនៅហ្នឹងមើលសភាពការណ៍រហូត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីប៉ូលិសប៉ុស្តិ៍ ឃុំលំជ័រ លោក ហែម ង៉ែត បញ្ជាក់ពីករណីខាងលើនេះបានទេនៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ។
ចំណែកអធិការប៉ូលិសស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់ថា ៖ «ថាប៉ូលិសហ្នឹងមិនមែនទេ ប៉ូលិសទាល់តែពាក់ឯកសណ្ឋានជាប៉ូលិសដេញវ៉ៃអីអាហ្នឹងថាប៉ូលិស។ ខ្ញុំហៅឈ្មោះហ្នឹងមក វាអត់មានពាក់ព័ន្ធ ប៉ុន្តែខ្ញុំនឹងស៊ើបបន្តទៀតបើសិនជាមានសញ្ញាយើងអាចស្រាវជ្រាវបន្ត»។
សេចក្តីរាយការណ៍ពីប្រជាសហគមន៍នៅតាមមូលដ្ឋានស្រុកនានានៅខេត្តរតនគិរី ឲ្យដឹងថា ជំនួញឈើខុសច្បាប់ធ្វើឡើងជាខ្សែចង្វាក់ ហើយក្រុមសមត្ថកិច្ចមិនមានចេតនាបង្ក្រាបទេ។
អ្នកធ្វើជំនួញឈើប្រណីតម្នាក់នៅស្រុកវ៉ឺនសៃ និយាយថា ពួកគេរត់ការបង់ប្រាក់ប្រមាណ២៨.០០០ដុល្លារសម្រាប់ស្ថាប័នពាក់ព័ន្ធដើម្បីដឹកជញ្ជូនឈើប្រណីតមួយរថយន្តចំណុះពី៤០ទៅ៥០ម៉ែត្រគូបពីក្រុងបានលុង ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូរយ៉ាដាវ ទៅលក់ឲ្យឈ្មួញវៀតណាម។
វិទ្យុអាស៊ីសេរីមិនទាន់ទទួលបានប្រតិកម្មណាមួយពីមន្ត្រីអាជ្ញាធរខេត្តទាក់ទិនករណីនេះនៅឡើយទេ៕