ស៊ិនជីវយិតប៉ៅ បានស្រង់តួលេខស្ថិតិរបស់សមាគមម្ចាស់រោងចក្រកាត់ដេរកម្ពុជាថា បរិមាណការនាំចេញសម្លៀកបំពាក់ទៅកាន់ផ្សារសហរដ្ឋអាមេរិកដែលជាផ្សារធំបំផុតរបស់កម្ពុជាបានធ្លាក់ពីចំនួនខ្ពស់បំផុត គឺ ៣៣% កាលពីត្រីមាសទី១ ឆ្នាំ២០០៦ ចុះមកទាបបំផុតគឺ ៨% នៅត្រីមាសទី ៤ ឆ្នាំ២០០៧ ។
អ្នកខ្លះគិតថា ការធ្លាក់ចុះនេះកើតមកពីតម្រូវការធ្លាក់ចុះរបស់អាមេរិកព្រោះតែវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់អាមេរិក ក៏ប៉ុន្តែតួលេខបានបង្ហាញថាស.រ.អ.ក្នុងប៉ុន្មានឆ្នាំក្រោយមកនេះ បានបញ្ជាទិញសម្លៀកបំពាក់កាន់តែច្រើនឡើងពីប្រទេសដទៃទៀត ដូចជា ទិញពីប្រទេសយៀកណាម ២៦០% កាលពីឆ្នាំ២០០៦ បើប្រៀបទៅនឹងឆ្នាំ ២០០២ ទិញពីប្រទេសហ្សកដានី ២២៦% ច្រើនជាងមុន និងពីប្រទេសចិន ១៤២% ។
ទាំងនេះមកពី អង្គការពាណិជ្ជកម្មពិភពលោកបានបើកទ្វារទទួលសមាជិកថ្មីទៀតមានចិននេះជាដើមនិងការដែលប្រទេសកាន់តែច្រើនបានចូលទៅក្នុងផ្សារពិភពលោក ហើយអ្នកប្រកួតប្រជែងថ្មីៗទាំងនេះ បានធ្វើឲ្យកម្ពុជាអស់ភាពបានប្រៀបក្នុងវិស័យតម្លៃពលកម្មនិងការគោរពច្បាប់ពលកម្ម ៕