ហើយបច្ចុប្បន្ន ផ្លូវគមនាគមន៏ដឹកជញ្ជូនដ៏សំខាន់គឺផ្លូវជាតិលេខ៧៨ ក៏ត្រូវកាត់ផ្តាច់ទៀត ដូច្នេះ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នឹងរងផលប៉ះពាល់ដោយសារទំនិញឡើងថ្លៃ ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្រីក្រ អ្នកលក់ដូរ អាជីវករនៅក្នុងខេត្ត ឲ្យដឹងថា ប្រេងឥន្ធនៈ មានតម្លៃ ៤៨០០ រៀល ក្នុងមួយលីត្រ អង្ករលេខមួយ ៣៥០០រៀល ទៅ ៣៧០០រៀល ក្នុងមួយគីឡូក្រាម អង្ករលេខពីរ ២៧០០រៀល ទៅ ២៨០០រៀល ក្នុងមួយគីឡូក្រាម អង្ករលេខបី ២៤០០រៀល ទៅ ២៥០០រៀល ក្នុងមួយគីឡូក្រាម ។
ត្រីរ៉ស់ ១៥០០០រៀល សាច់គោ ២៥០០០រៀល សាច់ជ្រូក ២០០០០ និង អំបិល ១២០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ បើទោះបីរាជរដ្ឋាភិបាលអះអាងថា នឹងចាត់វិធានការធ្វើឲ្យចុះថ្លៃវិញ ក៏ដោយ ។
ប្រជាពលរដ្ឋ អ្នកលក់ដូរនំចំណីនៅផ្សារបានលុង បញ្ជាក់ ៖ «កាលពីប៉ុន្មានថ្ងៃមុន ចុះបន្តិចដែរ ប៉ុន្តែ ឥឡូវ ឡើងវិញហើយ ។ អ្នករកស៊ីហ្នឹង វេទនាណាស់ ឡើងថ្លៃស្ទើរមួយជាពីរទៅហើយ» ។
ចំណែក កសិករនៅស្រុកលំផាត់ បញ្ជាក់ដែរថា ៖«ខ្វះអង្ករស៊ីខ្លាំង ដូចអ្នកមានកូនចៅច្រើនដូចខ្ញុំអីហ្នឹង សព្វថ្ងៃដាំបបរស៊ីហើយ»។
កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ មេសា ស្ពានស្រែពកដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវជាតិលេខ៧៨ ខេត្តរតនគិរី ទៅទីក្រុងភ្នំពេញនិងបណ្តាខេត្តនានា ក្នុងការដឹកជញ្ជូនទំនិញសព្វសារពើ ត្រូវកាត់ផ្តាច់ដោយសាររថយន្តដឹកឈើលើសទម្ងន់ធ្វើឲ្យស្ពានឆ្លងកាត់ទន្លេស្រែពកដ៏វែង បានបាក់ ។
អាជីវករនាំអង្ករពីបណ្តាខេត្តផ្សេងៗមកលក់នៅខេត្តរតនគិរី សម្ដែងការព្រួយបារម្ភថា ៖ «ពីភ្នំពេញមកខេត្តរតនគិរីមានចម្ងាយឆ្ងាយ ហើយផ្លូវពិបាក ដូច្នេះ ធ្វើឲ្យទំនិញកាន់តែឡើងថ្លៃថែមទៀត ។ វាប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ពលរដ្ឋយើង ។ រដ្ឋាភិបាលមានគោលនយោបាយបែបម៉េចដើម្បីដោះស្រាយបញ្ហានេះ?» ។
បើតាមមន្រ្តីអាជ្ញាធរខេត្តរតនគិរី បញ្ជាក់ថា ខេត្តនេះពុំមានស្បៀងអាហារត្រៀមបម្រុងសម្រាប់ដោះស្រាយ ទប់ស្កាត់ទំនិញឡើងថ្លៃបានទេ ក្រៅពីស្បៀងសម្រាប់ការងារសង្គមកិច្ច ដែលមានអង្ករតិចតួចប៉ុណ្ណោះ ។
អនុប្រធានប៉ូលិសការិយាល័យប្រឆាំងបទល្មើសខេត្តរតនគិរី លោក យន់ សារឿន បញ្ជាក់ថា ការស្រាវជ្រាវអំពីមូលហេតុនៃទំនិញឡើងថ្លៃតែមួយគត់ ដែលអាជ្ញាធរកំពុងចាត់វិធានការ ៖ «កំពុងឲ្យកម្លាំងជំនាញចុះស្រាវជ្រាវ ពិនិត្យមើលមើល៍ ហេតុយ៉ាងម៉េចបានជាឡើងថ្លៃ» ។
ចំណែក អនុប្រធានមន្ទីរគមនាគមន៏ខេត្តស្ទឹងត្រែង លោក សន នូ បញ្ជាក់ដែរថា ការចរាចរទំនិញឡើងវិញ គឺត្រូវចំណាយវេលាប្រមាណជិតមួយសប្តាហ៏ ដើម្បីតភ្ជាប់ស្ពានដែលបាក់ ៖ «ឥឡូវនេះ យើងកំពុងប្រើផ្លូវវៀង» ។
អាជីវករផ្គត់ផ្គង់លក់អង្ករនៅទីផ្សារខេត្តរតនគិរី បញ្ជាក់ថា សេចក្តីត្រូវការអង្ករសម្រាប់បរិភោគមានប្រមាណ ២០០០តោន ក្នុងមួយឆ្នាំ ហើយឆ្នាំកន្លងទៅនេះ មានអង្ករតែប្រមាណ ៤០០តោន ប៉ុណ្ណោះដែលប្រមូលទិញបាន ហើយបច្ចុប្បន្ន អង្ករទាំងនោះបញ្ចេញទៅទីផ្សារអស់ហើយ ៕