លោក ង៉ោ ហុងលី គណៈប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរអប្សរាបានថ្លែងទៅកាន់ក្រុមអ្នកកាសែតដែលនៅតែបន្តតាមដានបញ្ហានេះកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា នៅក្នុងប្រាសាទអង្គរវត្តថា មិនមានការដាប់ថ្មជញ្ជាំងប្រាសាទអង្គរវត្តនៅត្រង់ឆាករាមកេរ្តិ៍នោះដើម្បីវាយឈើបញ្ចូលចាប់ជើងអំពូលហ្វាទេ ហើយក៏មិនមានប្រើប្រាស់ស៊ីម៉ង់ត៍ដើម្បីបិទផ្ជិតរន្ធថ្មប្រាសាទណាមួយទេ។
លោក ង៉ោ ហុងលី បានឲ្យដឹងថា ៖ «អត់មានធ្វើរន្ធថែមទេ ហើយក៏អត់មានបិទស៊ីម៉ង់ត៍ដែរ។ ទៅសួរមគ្គុទ្ទេសក៍ យកសម្ដីមគ្គុទេ្ទសក៍ សំខាន់ជាងសម្ដីអ្នកដែលទទួលខុសត្រូវ។ អ្នកមគ្គុទ្ទេសក៍ចេះតែថាហើយដើរទៅបាត់ ចចាមអារ៉ាមក៏ចេះតែថាដែរ»។
អ្នកស្រី ម៉ៅ ល្អ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបូរាណវិទ្យាបង្ការបានថ្លែងដោយបង្ហាញជាផ្ទាំងរូបថតថា យោងតាមឯកសាររបស់សាលាបារាំងចុងបូព៌ាបានឲ្យដឹងថា ប្រហោងថ្មជាច្រើននៅអង្គរវត្តត្រូវបានគេដាប់កាលពីអំឡុងឆ្នាំ១៩៤៧-១៩៤៨ នៅពេលដែលមានការចាប់ផ្តើមជួសជុលអង្គរនិងសម្ភារៈជាងមិនសូវទំនើប ដែលការដាប់ប្រហោងនោះសម្រាប់ដាក់ឈើរន្ទាសម្រាប់ជាន់ធ្វើការ។
អ្នកស្រី ម៉ៅ ល្អ បានមានប្រសាសន៍ថា ៖ «ជំនាន់នៅឆ្នាំ១៩៤៧ហ្នឹង ការជួសជុលប្រាសាទ សម្ភារៈដែលគេប្រើប្រាស់ហ្នឹងមិនទាន់មានការរីកចម្រើន។ ដូច្នេះនៅក្នុងរូបភាពហ្នឹងយើងឃើញហើយ គឺយើងប្រើកំណាត់ឈើ»។
មន្ត្រីដដែលបានអះអាងថា ប្រហោងដាប់ថ្មចាប់ពីជំនាន់នោះបានបន្សល់ទុកមកដល់បច្ចុប្បន្នប្រមាណ២០០០នៅតាមប្រាសាទអង្គរវត្តដោយពុំមានការដាប់ថ្មីៗទេ។ ការព្យាយាមថ្លែងអះអាងរបស់មន្ត្រីរដ្ឋាភិបាលនេះធ្វើឡើងជំទាស់ទៅនឹងក្រុមមគ្គុទ្ទេសក៍អង្គរខ្លះដែលនៅតែជឿថា ពិតជាមានការដាប់ថ្មប្រាសាទដើម្បីដាក់ស្នៀតឈើតបណ្តាញភ្លើងអគ្គិសនីនោះ។
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ដែលបានមកពិនិត្យផ្ទាល់ភ្នែកបានទទួលស្គាល់ថា ពុំមានការដាប់ថ្មប្រាសាទដើម្បីតបណ្តាញភ្លើងហ្វាអគ្គិសនីនោះទេ ប៉ុន្តែលោកនៅតែរិះគន់ការតបណ្តាញភ្លើងនោះមានការដាក់រាយខ្សែភ្លើងគ្មានសណ្តាប់ធ្នាប់និងសម្ភារៈដែលគ្មានគុណភាពត្រូវបានគេយកមកដាក់លើអច្ឆរិយវត្ថុដ៏មានតម្លៃនោះ ហើយលោកក៏មិនទាន់ប្រាកដទេថា តើអំពូលភ្លើងទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់ប្រាសាទបូរាណឬយ៉ាងណា?
លោក មឿង សុន បានបញ្ជាក់ថា ៖ «ខ្ញុំឡើងទៅវាស់អំពូលដែលគេបើកពន្លឺមកហើយវាមានកម្ដៅ តែខ្ញុំមិនអាចឲ្យជាបច្ចេកទេសបានទេ គឺខ្ញុំទុកឲ្យអង្គការយូណេស្កូដែលលោកមានអ្នកបច្ចេកទេសចុះ»។
សូមរំឭកថា ប្រតិកម្មពីក្រុមមគ្គុទ្ទេសក៏និងអ្នកទេសចរណ៍បរទេសមួយចំនួនបានផ្ទុះឡើងកាលពីថ្ងៃទី២៣ ខែឧសភាកន្លងមក ខណៈដែលគេបានប្រទះឃើញមានអំពូលភ្លើងហ្វាជាច្រើនត្រូវបានគេមូលភ្ជាប់កំណាត់ឈើដាក់ក្នុងប្រហោងជញ្ជាំងថ្មប្រាសាទអង្គរវត្តនៅប៉ែកខាងលិចឆៀងខាងជើងដោយគេជឿថាមានការដាប់ថ្មប្រាសាទដើម្បីវាយកំណាត់ឈើបញ្ចូលក្នុងនោះ៕
