ការបញ្ជាក់ជំហរជាថ្មីទៀតនេះគឺបានធ្វើឡើងបន្ទាប់ពីសាលាក្តីខ្មែរក្រហមប្រកាសកាលពីថ្ងៃពុធ ទី២ ខែកញ្ញា ថា មន្រ្តីស៊ើបអង្កេតនឹងអាចបើកការស៊ើបអង្កេតរកជនសង្ស័យខ្មែរក្រហមមួយចំនួនទៀតដើម្បីនាំយកមកផ្តន្ទាទោស។
លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលខ្មែរផងនោះ មានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៥ កញ្ញា ថា ការជំទាស់នេះគឺមានតាំងតែពីដើមមក។
សូមជម្រាបថា កន្លងមក លោក ខៀវ កាញារីទ្ធ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ធ្លាប់ថ្លែងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឬសាលាក្ដីខ្មែរក្រហម គួរផ្ដោតការកាត់សេចក្ដីលើសំណុំរឿងរបស់អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចាស់ជរាកំពុងជាប់ឃុំចំនួន៥រូបសិន។
លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ថ្លែងថា កិច្ចការចង់ស៊ើបអង្កេតជនសង្ស័យបន្ថែមនេះគឺត្រូវការពេលវេលាវែងឆ្ងាយទៅមុខទៀត។
លោក រាជ សម្បត្តិ បានបញ្ជាក់ថា ៖ «កិច្ចការហ្នឹងព្រះរាជអាជ្ញាអត់ទាន់មានធ្វើសកម្មភាពអីផង អ៊ីចឹងយើងមានអត្ថាធិប្បាយអីបន្ថែមទេ»។
លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែងមួយរូប ដែលកំពុងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងការជំនុំជម្រះក្តី លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស-២១ បានថ្លែងថា លោកវ័យកាន់តែចាស់ ហើយលោកចង់ឲ្យតុលាការរកយុត្តិធម៌ចំពោះករណី៥នាក់ដំបូងនេះសិន។
លោក ជុំ ម៉ី បានឲ្យដឹងថា ៖ «ប៉ុណ្ណឹងរាប់ឆ្នាំរាប់អីមកទៅហើយ គ្រាន់តែ៥នាក់ហ្នឹង ចុះបើយើងហៅ៦នាក់មកទៀត តើវាត្រូវឆ្នាំណាបានចប់? យកល្អតែ៥នាក់ហ្នឹងបានហើយ ចប់ល្អបរិបូរទៅខ្ញុំសប្បាយចិត្តហើយ។ អាហ្នឹងគំនិតផន់ខ្ញុំទេ»។
លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលបានឃ្លាំមើលដំណើរការប្រព្រឹត្តទៅរបស់សាលាក្តីខ្មែរក្រហមជារហូតមក ថ្លែងដូច្នេះថា ៖ «យ៉ាងហោចណាស់ក៏អាចជឿថា តុលាការនេះនៅបន្តទៅមុខ ហើយការពារឯករាជភាពរបស់ខ្លួន កុំឲ្យមានការរិះគន់បានច្រើន ក៏ប៉ុន្តែគ្រាន់តែនៅមានការមន្ទិលខ្លះប៉ុណ្ណឹងទេ!»។
សំណើឲ្យមានការស៊ើបអង្កេតជនសង្ស័យថ្មីបន្ថែមទៀតដែលស្នើឡើងដោយសហព្រះរាជអាជ្ញាអន្តរជាតិ បានធ្វើឲ្យមានការខ្វែងយោបល់គ្នាជាមួយសហព្រះរាជអាជ្ញាជាតិ ចាប់តាំងពីខែធ្នូ ឆ្នាំ២០០៨មក។ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០០៩ អង្គបុរេជំនុំជម្រះបានសម្រេចឲ្យអនុវត្តតាមសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ។
សាលាក្តីខ្មែរក្រហមនឹងចំណាយពេញមួយសប្តាហ៍ក្រោយនេះប្រជុំពិភាក្សាពេញអង្គរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាផ្សេងៗសម្រាប់ការប្រព្រឹត្តទៅនៃសាលាក្តីវិសាមញ្ញនេះ៕
