ដី​ព្រៃ​២​លាន​ហិកតា​នឹង​ត្រូវ​ប្រគល់​ឲ្យ​ប្រជា​សហគមន៍​គ្រប់គ្រង

ដី​ព្រៃ​ចំនួន ២​លាន​ហិកតា​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សន្យា​ថា នឹង​ប្រគល់​ឲ្យ​ប្រជា​សហគមន៍​ក្នុង​ទូទាំង​ប្រទេស​គ្រប់គ្រង​យ៉ាង​យូរ​បំផុត​ត្រឹម​ឆ្នាំ​២០២៩ ខាង​មុខ​នេះ។

0:00 / 0:00

មាន​ប្រសាសន៍​ក្នុង​អង្គ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​ការ​អភិវឌ្ឍ​សហគមន៍​ព្រៃ​ឈើ​នៅ​ព្រឹក​ថ្ងៃ​៣០ មីនា នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ តុងអ៊ីវ បាន​អះអាង​ថា ដោយ​យល់​ច្បាស់​ពី​ផល​ប្រយោជន៍​របស់​ព្រៃ​ឈើ​ចំពោះ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ រាជ​រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្ដល់​ដី​ព្រៃ​ចំនួន ២​លាន​ហិកតា​ទៅ​ឲ្យ​ប្រជា​សហគមន៍​ព្រៃ​ឈើ​គ្រប់គ្រង​ថែ​រក្សា ការពារ និង​អាស្រ័យ​ផល។

លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​បាន​ចាត់​ទុក​សហគមន៍​ព្រៃ​ឈើ​ជា​ការងារ​អាទិភាព​ក្នុង​ការ​គ្រប់គ្រង​ព្រៃ​ឈើ ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ដោយ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ជា​សហគមន៍​ព្រៃឈើ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត។

លោក ច័ន្ទ តុងអ៊ីវ មាន​ប្រសាសន៍​ដូច្នេះ ៖ «រដ្ឋបាល​ព្រៃឈើ​ត្រូវ​ជំរុញ កំណត់​តំបន់​ព្រៃ​ឈើ​សម្រាប់​រៀបចំ​ជា​ព្រៃ​សហគមន៍​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សូចនាករ​ដូច​ដែល​បាន​រំដោះ​ក្នុង​កម្មវិធី​ព្រៃ​ឈើ​ជាតិ​ចំនួន ២​លាន​ហិកតារ​ក្នុង​រយៈពេល ៣០​ឆ្នាំ»

នាយក​ប្រតិបត្តិ​សមាគម​អភិវឌ្ឍន៍​កុមារ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ធ្វើ​ការងារ​ផ្ដោត​លើ​បញ្ហា​សហគមន៍​ព្រៃ​ឈើ លោក ជា បូរ៉េត បាន​សម្ដែង​ពី​ទឹកចិត្ត​រីករាយ​ចំពោះ​ដំណឹង​នេះ។ ប៉ុន្តែ​លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ឧបសគ្គ​នានា ដែល​រួម​មាន​ភាព​អនាធិបតេយ្យ​នៃ​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន និង​កង្វះ​ការ​គាំទ្រ​របស់​អាជ្ញាធរ​ដែនដី​ក្នុង​ការ​បង្កើត​សហគមន៍​ព្រៃ​ឈើ​ថា ជា​ការ​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ព្រៃ​ឈើ​ក្នុង​ទូទាំង​ប្រទេស។

លោក ជា បូរ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «ឧបសគ្គ​ចម្បង​ទាក់ទិន​ទៅ​នឹង​មូលដ្ឋាន​យើង​មួយ​ចំនួន គឺ​អត់​ទាន់​យល់​នូវ​តម្លៃ​នៃ​ព្រៃ​ឈើ​ប៉ុន្មាន​ទេ ភាគ​ច្រើន​គាត់​គិត​តែ​ផល​ប្រយោជន៍​បុគ្គល ដូច​ជា​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​គាត់​ទិញ​ដី ឃុបឃិត​គ្នា​លក់​ដី​អី​អ៊ីចឹង​ទៅ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍។ មួយ​ទៀត​ទាក់​ទង​នឹង​ការ​បង្កើត​ភូមិ​ថ្មីៗ​មាន​ការ​ពេញ​និយម។ មាន​ន័យ​ថា គេ​បង្កើត​ដោយ​យក​កងទ័ព​មក​ដាក់​មុខ ហើយ​គេ​នាំ​ប្រជាជន​មួយ​ចំនួន​ទៅ​នៅ​ក្នុង​ព្រៃ​ហ្នឹង»

ប្រធាន​សហគមន៍​ព្រៃ​ឈើ​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ឈ្មោះ​ថា "សហគមន៍​ពេជចង្វារ​រុក្ខា​ល្អ​ឆើត" គឺ​អ្នកស្រី យិន ប៉ិច សម្ដែង​ពី​ការ​ត្រេកអរ​លាយ​ឡំ​នឹង​ក្ដី​បារម្ភ​ថា អំពើ​ពុករលួយ​និង​ការិយាធិបតេយ្យ​អាច​ជា​គន្លឹះ​រាំង​ស្ទះ​គោល​បំណង និង​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​ព្រៃ​ឈើ​នេះ។

អ្នកស្រី យិន ប៉ិច មាន​ប្រសាសន៍​ថា ៖ «សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​បង្កើត​សហគមន៍​ព្រៃ​ឈើ ដូច​ជា​សហគមន៍​ខ្ញុំ ដូច​ជា​សហគមន៍​ព្រៃ​ឈើ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ឆាប់ៗ​នេះ ព្រោះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង»

ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក ទី សុគន្ធ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្នុង​ទូទាំង​ប្រទេស​មាន​សហគមន៍​ព្រៃ​ឈើ​ចំនួន ៤២៤​កន្លែង មាន​សមាជិក​សហគមន៍​សរុប​មាន ៨១.៩២៤​គ្រួសារ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ ៤០​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ចំនួន ២០ នៃ​ស្រុក​ចំនួន ៨២ និង ១៩៧​ឃុំ។ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សហគមន៍​ព្រៃ​ឈើ​តែ ១៤៥​កន្លែង​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រកាស​ទទួល​ស្គាល់៕