ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ខ្លីរវាងលោក សំ បូរិន្ទ នៃវិទ្យុអាស៊ីសេរី និងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងជាអនុរដ្ឋលេខាធិការក្រសួងនេះ។
សំ បូរិន្ទ ៖ ដូចបានជ្រាបតាមសេចក្ដីរាយការណ៍របស់វិទ្យុអាស៊ីសេរី តើឯកឧត្ដមអាចជម្រាបសាធារណជននិងអ្នកស្ដាប់បានយ៉ាងម៉េចអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅតាមបណ្ដោយព្រំដែនខ្មែរថៃនាពេលនេះ?
កុយ គួង ៖ តាមរបាយការណ៍លោកអភិបាលខេត្តឧត្ដរមានជ័យ គឺបញ្ជាក់ថា ពលរដ្ឋយើងមានចំនួន១២នាក់ ដែលថា ឆ្លងដែនទៅខុសច្បាប់ ហើយត្រូវកងទ័ពថៃដែលបើកឧទ្ធម្ភាគចក្រល្បាតហ្នឹង បានទម្លាក់ខ្លួនមកបាញ់រះមកលើពលរដ្ឋយើងឲ្យរបួស ២នាក់ ហើយម្នាក់ត្រូវបានគ្នាគាត់គ្រារួចផុតមកដែនដីយើងវិញ ហើយម្នាក់ទៀតរត់មិនរួច ហើយត្រូវកងទ័ពថៃដុតបន្ថែមឲ្យស្លាប់ទៅ។
សំ បូរិន្ទ ៖ ទាក់ទងនឹងព្រឹត្តិការណ៍នេះ តើរាជរដ្ឋាភិបាលកម្ពុជាបានធ្វើអ្វី ឬមានផែនការនឹងធ្វើយ៉ាងម៉េចដែរ?
កុយ គួង ៖ សំខាន់គឺយើងនឹងធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងមួយទៅខាងភាគីថៃ ដើម្បីឲ្យពន្យល់អំពីព្រឹត្តិការណ៍ដ៏សែនរន្ធត់នេះ ដោយយើងចាត់ទុកថាជាអំពើអមនុស្សធម៌ ព្រៃផ្សៃខ្លោចផ្សាបំផុត ជាអំពើយង់ឃ្នងដែលមិនអាចទទួលយកបាន ហើយអំពើនេះ ដែលខ្លួនខ្ញុំផ្ទាល់ប្រៀបដូចជាការធ្វើទារុណកម្មក្នុងរបបខ្មែរក្រហម ដែលពួកខ្មែរក្រហមធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់ ធ្វើទារុណកម្មរហូតដល់ស្លាប់។
ចំណុចនេះហើយជាអំពើព្រៃផ្សៃ ហើយខ្ញុំយល់ថា ដោយសារអំពើព្រៃផ្សៃរបស់ទាហានថៃបែបនេះហើយ បានជាអាចថាភាគខាងត្បូងថៃនៅតែមានចលនាបះបោរនោះ គឺអាចដោយសារតែអំពើព្រៃផ្សៃរបស់ទាហានថៃបែបនេះហើយ។
សំ បូរិន្ទ ៖ ឯកឧត្ដម នៅពេលដែលមិនទាន់មានកំណត់ការទូតអ្វីពីរាជរដ្ឋាភិបាលកម្ពុជានៅឡើយហ្នឹង តើរដ្ឋាភិបាលថៃ ឬក៏មន្រ្តីផ្លូវការនៃរាជរដ្ឋាភិបាលប្រទេសជិតខាងមួយហ្នឹង បាននិយាយអ្វីទៅកាន់មន្រ្តីផ្លូវការកម្ពុជាខ្លះទេមកទល់ពេលនេះ?
កុយ គួង ៖ គេមិនទាន់ទេៗ យើងក៏បានឲ្យខាងអគ្គកុងស៊ុលខ្មែរយើងនៅខាងខេត្តស្រះកែវ ទឹកដីថៃ ឲ្យធ្វើការស្រាវជ្រាវផងដែរ ប៉ុន្តែមកដល់ពេលនេះ លោកស្រាវជ្រាវមិនទាន់បានព័ត៌មាននោះទេ អ៊ីចឹងយើងបានព័ត៌មានខាងយើងនេះច្បាស់ គឺថាយើងនឹងធ្វើកំណត់ទូតតវ៉ាប្រឆាំងនៅពេលឆាប់ៗខាងមុខនេះ ប្រហែលជាថ្ងៃស្អែកយើងនឹងបញ្ជូនទៅហើយ៕
