ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីក្រុមបាតុករថៃដែលជំទាស់នឹងការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក បានទាមទារឲ្យមានការបណ្តេញប្រជាជនខ្មែរប្រមាណ ៥០០នាក់ចេញពីតំបន់បរិវេណជម្លោះនៃប្រាសាទព្រះវិហារ ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរបានមានប្រសាសន៍បង្ហាញជំហរយ៉ាងដូច្នេះថា ៖ «វាមិនមែនជារឿងតាមថៃសុំ ឬមិនសុំទេ កាលណាយើងដាក់ព្រះវិហារជាបេតិកភណ្ឌជាតិ យើងមានផែនការមេ ដើម្បីដូចថា មិនត្រូវមានសំណង់ថ្មី ហើយបន្តិចទៀត ប្រជាជននៅព្រះវិហារ យើងនឹងមានវិធានការរៀបចំ ប៉ុន្តែមិនមែនដោយសារការទាមទាររបស់ថៃទេ តែនេះជាផែនការមេ ដែលយើងដាក់ទៅ យូណេស្កូ ។ កាលណាយើងដាក់អ្វីមួយជាបេតិកភណ្ឌជាតិ យើងមានផែនការគេហៅថា ផែនការថែរក្សា គឺថា តើប្រជាជនត្រូវនៅកន្លែងណា សំណង់អ្វីខ្លះដែលមិនត្រូវធ្វើថ្មី» ។
កម្ពុជាបានសម្រេចដោយជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧កក្កដា បើទោះបីជាមានការជំទាស់តវ៉ាពីភាគីថៃខ្លះក៏ដោយ ។
ប៉ុន្មានថ្ងៃមកនេះ ប្រជាជនកម្ពុជានៅតាមទីកន្លែងខ្លះ នៅតែប្រារព្ធពិធីអបអរយ៉ាងគគ្រឹកគគ្រេង ផ្ទុយពីសា្ថនភាពរាយការណ៍ពីប្រទេសថៃ ដែលបានឲ្យដឹងថា មានការធ្វើបាតុកម្មតវ៉ាជំទាស់ខឹងនឹងមន្ត្រីដឹកនាំក្រុងបាងកក ដោយសារតែកម្ពុជាបានសម្រេចជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារនេះ ។
នៅក្នុងសេចក្តីព្រាងមួយរបស់អង្គការ យូណេស្កូ ទាក់ទងនឹងករណីការពារប្រាសាទបុរាណនេះ ចំណុចទី១១ បានសរសេរឲ្យកម្ពុជាត្រូវសហការជាមួយថៃ ដើម្បីការពារប្រាសាទបុរាណនេះ ក្នុងប្រការដែលថា ប្រជាជនថៃនិងកម្ពុជាដែលរស់នៅជុំវិញតំបន់នោះ មានការស្រឡាញ់និងគោរពជាយូរអង្វែងមកហើយចំពោះប្រាសាទព្រះវិហារនោះ ។
មន្ត្រីអ្នកនាំពាក្យខ្មែរ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍យ៉ាងនេះថា ៖ «រឿងសហការជារឿងផ្សេង ប៉ុន្តែរួមគ្នាក្នុងការដាក់សុំចូលជាបេតិកភណ្ឌគឺអត់បានទេ ពីព្រោះព្រះវិហារនៅក្រោមអធិបតេយ្យរបស់ខ្មែរ ។ អ៊ីចឹងនៅប្រទេសណាក៏ដោយ មិនមែនមានប្រទេសពីរដាក់ចូល អាហ្នឹងនឹងធ្វើឲ្យមានការភ័ន្តច្រលំ ប៉ុន្តែយើងដឹងថា ព្រះវិហារ ភ្ញៀវមកច្រើនបំផុតគឺតាមថៃ ដូច្នេះយើងនឹងអនុញ្ញាតប្រសិនបើប្រជាជនថៃឈប់ភាន់ច្រលំពីរឿងព្រះវិហារ ឈប់បាតុកម្មមុខព្រះវិហារ យើងនឹងបើកឲ្យចេញចូល ពេលហ្នុង វាចំណេញទេសចរដល់យើង ក៏ដូចជាចំណេញដល់ថៃដែរ ។ ប៉ុន្តែមិនអាចថៃនិងខ្មែរមកត្រួតប្រាសាទព្រះវិហារទាំងមូលគឺអត់បានទេ» ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ កម្ពុជានឹងប្រារព្ធពិធីធំមួយទៀត នៅពហុកីឡដ្ឋានអូឡាំពិក ដែលនឹងអាចមានមនុស្សចំនួន ២ម៉ឺននាក់ អបអរសាទរការដាក់ប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោក ៕