លោក ហ៊ុន សែន នឹង​ក្លាយ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន

យុវជន​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ជាតិ និង​ជា​អ្នក​ស្នង​ការងារ​សង្គមកិច្ច នយោបាយ សេដ្ឋកិច្ច និង​ការងារ​ផ្សេងៗ​ទៀត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​នៅ​ពេល​អនាគត។

0:00 / 0:00

ទោះ​បី​យ៉ាង​ណា​ក្ដី យុវជន​បច្ចុប្បន្ន​មិន​ទាន់​មាន​ឱកាស​បញ្ចេញ​នូវ​សមត្ថភាព​ក្នុង​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ។ រី​ឯ​យុវជន​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ទៅ​រក​ការងារ​ធ្វើ។

ក្រុម​អ្នក​ធ្វើ​ការ​ទាក់ទង​នឹង​យុវជន​បាន​លើក​ឡើង​ថា យុវជន​ជា​គោលដៅ​មួយ​សំខាន់​របស់​គណបក្ស​នយោបាយ ដើម្បី​អូស​ទាញ​ឲ្យ​គាំទ្រ​បក្ស​របស់​ខ្លួន​ក្នុង​គោលបំណង​បង្កើន​សន្លឹក​ឆ្នោត​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​ម្ដងៗ។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពេល​ជាប់​ឆ្នោត​ហើយ ក្រុម​យុវជន​មិន​ត្រូវ​បាន​គណបក្ស​នយោបាយ​ទាំង​នោះ​ធ្វើ​ដូច​អ្វី​ដែល​ខ្លួន​បាន​សន្យា​នោះ​ទេ។

ការ​លើក​ឡើង​ដូច្នេះ នៅ​ខណៈ​ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ មករា អំពី​សេចក្ដី​ព្រាង​ព្រះ​រាជក្រឹត្យ​ស្ដីពី​ការ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន និង​អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន ដែល​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន​នេះ ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា បញ្ហា​សំខាន់​នៅ​ត្រង់​ថា តើ​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ការងារ​នោះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច​ម្ដេច ហើយ​ក្រុម​ប្រឹក្សា​ជាតិ​យុវជន​នោះ ជួយ​ដល់​សហគមន៍​យុវជន​ទូទៅ​ដែរ​ទេ ឬ​ក៏​បាន​បម្រើ​ផលប្រយោជន៍​យុវជន​តែ​ផ្នែក​គណបក្ស​មួយ ឬ​យ៉ាង​ណា?

លោក ជាង សុខា បាន​បន្ថែម​ថា ចង់​មិន​ចង់ ការ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន​នេះ នៅ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៖ «គោលបំណង​ហ្នឹង​មាន​អត្ថន័យ​ពេញលេញ​ហើយ​សម្រាប់​យើង​មើល។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ យុវជន​ទាំង​អស់ ក៏​ដូច​ជា​អង្គការ​យុវជន ចាំបាច់​ត្រូវ​តាមដាន​ក្រុមប្រឹក្សា​ជាតិ​យុវជន​ហ្នឹង បើ​មិន​អ៊ីចឹង​ទេ​វា​មាន​ប្រយោជន៍ តែ​ក្រុម​យុវជន​មួយ​ចំនួន​ក្នុង​សង្គម»

បន្ថែម​ពី​លើ​បញ្ហា​នេះ លោក ជាង សុខា បាន​លើក​ឡើង​ថា សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន​នេះ រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​តួនាទី​នេះ​ឲ្យ​ទៅ​យុវជន ជា​ការ​ចែក​រំលែក​ការងារ និង​ជា​ការ​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ផ្ដល់​ប្រយោជន៍​ជា​រួម​ដល់​យុវជន​ជា​ទូទៅ។

លោក ជាង សុខា៖ «ខ្ញុំ​គិត​ថា លោក​នាយករដ្ឋមន្ត្រី លោក​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ទេ ពីព្រោះ​ថា លោក​មាន​កាតព្វកិច្ច​ច្រើន​ណាស់ ដូច្នេះ​លោក​មិន​មាន​ពេល​វេលា​សម្រាប់​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​យុវជន​នេះ​ដំណើរ​ការ​ទៅ​ដោយ​រលូន​ដែរ»

ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​បាន​លើក​ឡើង​ថា វា​មិន​មែន​ជា​រឿង​អ្វី​ប្លែក​ទេ​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន ដែល​មន្ត្រី​រដ្ឋាភិបាល​មាន​តួនាទី​ច្រើន​នៅ​ក្នុង​ស្ថាប័ន​នីមួយៗ ហើយ​បញ្ហា​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា មនុស្ស​ម្នាក់​មាន​តួនាទី​ច្រើន​ដូច្នេះ ជា​ការ​ក្ដោបក្ដាប់​អំណាច ប៉ុន្តែ​វា​មិន​មាន​ប្រសិទ្ធភាព​ការងារ​នោះ​ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​លើក​កម្ពស់​ធនធាន​យុវជន និង​កំណែ​ទម្រង់​យុវជន​ឲ្យ​ស្ថិត​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដោយ​យុត្តិធម៌ ដែល​ជា​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​សម្រាប់​អនាគត​កម្ពុជា មិន​មែន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​អ្វី​ទេ។

លោក ផៃ ស៊ីផាន៖ «អ្វី​ដែល​ការ​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចូល​កម្ពុជា នៅ​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៥ ជា​ទិស​ដៅ​របស់​យុវជន ដើម្បី​ទីផ្សារ មិន​មែន​យុវជន​ដើម្បី​ផលប្រយោជន៍​នយោបាយ​ទេ ក្នុង​ការ​សាង​ជាតិ កសាង​សង្គម​របស់​រដ្ឋាភិបាល»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​ជា​កត្តា​សំខាន់​នៅ​ក្នុង​បរិបទ​កម្ពុជា សព្វ​ថ្ងៃ​នេះ អ្នក​វិភាគ​បាន​ពន្យល់​ថា រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​ការងារ​ឲ្យ​យុវជន ពីព្រោះ​ថា អង្គការ​ធ្វើ​ការ​ទាក់​ទង​នឹង​យុវជន​បាន​រក​ឃើញ​ថា ទាំង​យុវជន​មាន​ការ​អប់រំ និង​យុវជន​គ្មាន​ការ​អប់រំ នៅ​តែ​ប្រឈម​នឹង​ភាព​ឥត​ការ​ងារ​ធ្វើ​ច្រើន​នៅ​ឡើយ។ ម្យ៉ាង​ទៀត យុវជន​មិន​ទាន់​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​អនុវត្ត​គំនិត​ច្នៃប្រឌិត ឬ​គំនិត​ច្នៃប្រឌិត​ការងារ​របស់​យុវជន​ជាដើម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​១៨ មករា សរសេរ​ថា ការ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន​នេះ ក្នុង​គោល​បំណង​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ឲ្យ​បាន​ជោគជ័យ។ រដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១។

អ្នក​ស្រាវជ្រាវ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា នៅ​ក្នុង​ស្ថាប័ន​កម្ពុជា សព្វ​ថ្ងៃ​នេះ ជា​ការ​ចាំបាច់​ក្នុង​ការ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​យុវជន​នេះ ប៉ុន្តែ​ក្រុមប្រឹក្សា​នេះ រដ្ឋាភិបាល​ត្រូវ​បញ្ចូល​ឲ្យ​គ្រប់​សមាសភាព ដើម្បី​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ក្រុមប្រឹក្សា​នេះ។

លោក កែម ឡី បាន​លើក​ជា​បទពិសោធន៍​ថា កន្លង​មក​រដ្ឋាភិបាល​បាន​បង្កើត​ក្រុមប្រឹក្សា​ជា​ច្រើន ដូច​ជា​ក្រុមប្រឹក្សា​កុមារ និង​ក្រុមប្រឹក្សា​ផ្សេងៗ​ទៀត ដែល​ក្រុមប្រឹក្សា​ទាំង​នេះ​អនុវត្ត​ការងារ​មិន​សូវ​មាន​ប្រសិទ្ធភាព៖ «យើង​ឃើញ​ក្រុមប្រឹក្សា​ជាតិ​កុមារ យើង​ឃើញ​គ្មាន​យន្តការ​ណា​មួយ​ដែល​មាន​សមាសភាព​កុមារ ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី គឺ​មាន​សមាសភាព​របស់​ក្រសួង​ស្ត្រី​ដដែល។ បើ​សិន​ជា​យន្តការ​ហ្នឹង​ឲ្យ​មាន​ការ​ការ​ចូល​រួម​ចម្រុះ ពីព្រោះ​វា​មិន​មែន​ជា​ក្រសួង​ទេ វា​គ្រាន់​តែ​យន្តការ​ក្នុង​ការ​សម្របសម្រួល​ដើម្បី​ជំរុញ​សម្រេច​គោលនយោបាយ​យុទ្ធសាស្ត្រ​ក្រុមប្រឹក្សា​យុវជន»

លោក ផៃ ស៊ីផាន បាន​ឆ្លើយ​តប​ថា ការងារ​នេះ​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល គឺ​ដាច់​ដោយ​ឡែក​ពី​អង្គការ​សង្គម​ស៊ីវិល ដូច្នេះ​រដ្ឋាភិបាល​មិន​អាច​បញ្ចូល​សមាសភាព​តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ក្រុមប្រឹក្សា​នេះ​បាន​ទេ។

គោលនយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា កាល​ពី​ឆ្នាំ​២០១១ នោះ គឺ​មាន​ចក្ខុវិស័យ​ធ្វើ​ឲ្យ​កម្ពុជា មាន​ចក្ខុវិស័យ​រយៈពេល​វែង ដោយ​ប្រមូល​ផ្ដុំ​កម្លាំង​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​ជាតិ សំដៅ​លើ​ការ​រួម​ចំណែក​អភិវឌ្ឍន៍​យុវជន​ឲ្យ​កាន់​តែ​មាន​ផល​វិជ្ជមាន និង​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​អភិវឌ្ឍន៍​សក្ដានុពល​ក្នុង​ការ​អប់រំ​ការងារ​សុខភាព ការ​ចូលរួម​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត និង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​គ្រួសារ សហគមន៍​ប្រទេស​ជាតិ និង​ពិភពលោក។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គ្រប់គ្រង​ផ្នែក​អប់រំ​នៃ​អង្គការ​សង្គ្រោះ​កុមារ​នៅ​កម្ពុជា (Save The Children) លោក កែវ សារ៉ាត់ មាន​ប្រសាសន៍​ថា អ្វី​ជា​ការ​ព្រួយ​បារម្ភ​នោះ គឺ​ការ​សិក្សា​នៅ​ថ្នាក់​បឋម​សិក្សា ការ​ចូល​រៀន និង​ការ​ឡើង​ថ្នាក់​មាន​ចំនួន​ច្រើន ប៉ុន្តែ​ការ​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ និង​នៅ​មហា​វិទ្យាល័យ​មាន​ចំនួន​តិច ដោយសារ​តែ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ចំណាក​ស្រុក​ជាដើម។

លោក កែវ សារ៉ាត់៖ «បឋម​ភូមិ​ចាប់​ផ្ដើម​ធ្លាក់​ចំនួន​សិក្សា ហើយ​ទុតិយភូមិ​មាន​ចំនួន​ថយ​ចុះ និង​ឧត្ដមសិក្សា​ហ្នឹង​ធ្លាក់ ឬ​ថយ​ចុះ​មែន​ទែន។ ទស្សនៈ​របស់​ខ្ញុំ បើ​សិន​មើល​ការ​ចប់​មហាវិទ្យាល័យ​ហ្នឹង​ល្អ​ហើយ ប៉ុន្តែ​ស្រុក​យើង​ជា​ស្រុក​កសិកម្ម រដ្ឋាភិបាល​ធ្វើ​យ៉ាង​ម៉េច​ចំពោះ​យុវជន​ដែល​ចប់​ត្រឹម​បឋម ឬ​វិទ្យាល័យ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ជំនាញ​អ្វី​ផ្សេងៗ​ទាក់ទង​នឹង​កសិកម្ម​សម្រាប់​ពួកគេ ឬ​ជំនាញ​ផ្សេង​ទៀត»

ឯកសារ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) បាន​សរសេរ​ថា ជន​ចំណាក​ស្រុក​ភាគ​ច្រើន​ជា​ក្រុម​យុវជន។ យុវជន​ចំណាក​ស្រុក​ជិត​ពាក់​កណ្ដាល​បាន​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក ពីព្រោះ​គ្មាន​ការងារ​ធ្វើ​ឲ្យ​បាន​ពេញ​មួយ​ឆ្នាំ​នៅ​ក្នុង​ភូមិ ដែល​ជា​កត្តា​រុញច្រាន​ដ៏​ចម្បង​មួយ ប៉ុន្តែ​ក៏​ស្រប​បំណង​របស់​យុវជន​ដែល​ចង់​ចាកចេញ​ពី​ការងារ​ជា​ប្រពៃណី ដូចជា​ស្រែ​ចម្ការ និង​នេសាទ​ទៅ​រក​ការងារ​មាន​កម្រៃ​ពេញ​មួយ​ឆ្នាំ។

លោក កែម ឡី បាន​បង្ហាញ​របាយការណ៍​ថា សព្វ​ថ្ងៃ​នេះ​មាន​យុវជន​ជាង ៤​លាន​នាក់​ក្នុង​ចំណោម​យុវជន​ទាំង​នេះ​មាន​ចន្លោះ​ពី ៥ ទៅ ៦% ទេ ដែល​បាន​ចូល​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ ហើយ​យុវជន​មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ មាន​ចំនួន ២២% គ្មាន​ការងារ​ធ្វើ។ ដោយ​ឡែក​យុវជន​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​នោះ​មាន​តែ ២០% ទេ ដែល​មាន​ការងារ​ធ្វើ​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​រៀន​នោះ ចំនួន ៨០% ទៀត ធ្វើ​ការ​មិន​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​ទេ បញ្ហា​នេះ​ដោយសារ​តែ​ទីផ្សារ​ការងារ​ចង្អៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។