រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​របស់​លោក ប្រែដ អាដាម

រដ្ឋាភិបាល​កម្ពុជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) ដែល​បាន​រិះគន់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​អំណាច​យូរ​ជាង​គេ​នៅ​លើ​ពិភពលោក និង​ក្ដោបក្ដាប់​ផ្ដាច់ការ​នៅ​ប្រទេស​កម្ពុជា។

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ប្រកាស​ថា នាយក​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​អាស៊ី លោក ប្រេដ អាដាម បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា និង​លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ងងឹតងងល់​ក្នុង​ភាព​ស្អប់​ខ្ពើម និង​គំនុំ​សងសឹក។

លោក​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​បែប​នេះ​ដោយ​មាន​ការ​ញុះញង់​ពី​ក្រុម​អ្នក​បក្ស​ប្រឆាំង​រដ្ឋាភិបាល។ តែ​ទោះ​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​កម្ពុជា គ្មាន​ផែនការ​ប្ដឹង​លោក ប្រេដ អាដាម នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ប្រកាន់​យក​ជំហរ​មួយ​ច្បាស់លាស់ និង​ចាំបាច់​ត្រូវ​ឆ្លើយ​បំភ្លឺ​តប​វិញ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា។

លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ ថា ការ​ចោទ​ប្រកាន់​របស់​លោក ប្រែដ អាដាម គឺ​ផ្ទុយ​ពី​ការ​ពិត​មិន​អាច​ទទួល​យក​បាន៖ «ពេល​វេលា​គាត់​ចេញ (សេចក្ដី​ថ្លែងការណ៍) គឺ​ថា ចំ​ពេល​បោះ​ឆ្នោត មុន​ពេល​បោះ​ឆ្នោត គឺ​ថា គោលបំណង​គឺ​គាត់ (ប្រែដ អាដាម) ស្អប់​តែម្ដង។ គាត់​ធ្វើ​ម៉េច​ឲ្យ​គណបក្ស​ប្រជាជន រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ហ្នឹង ឲ្យ​ដួល ឲ្យ​រលត់​រលាយ អា​ហ្នឹង​របៀបវារៈ​គាត់​តែ​ប៉ុណ្ណឹង។ អង្គការ និង​អ្នក​ជំនួញ​ខ្លះ​ក៏​ចង់​ឲ្យ​ច្របូកច្របល់ សង្គ្រាម ដើម្បី​លក់​អាវុធ​ដាច់។ បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង វា​មិន​មែន​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​គ្នា​ឯង​ទេ»

ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​លោក ប្រែដ អាដាម ថ្មីៗ​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា លោក​មិន​យល់​ស្រប​តាម​ទស្សនៈ​របស់​លោក ប្រែដ អាដាម នោះ​ទេ៖ «រឿង​អំណាច​យូរ ឬ​មិន​យូរ កម្ពុជា​ប្រៀប​ដូច​នឹង​ប្រទេស​ប្រ៊ុយណេ បាន​ន័យ​ថា ប្រជាជន​គេ​ផ្ដល់​ឲ្យ អា​ហ្នឹង​គេ​ត្រូវ​តែ​ទទួល​យក ពីព្រោះ​យើង​ជ្រើសរើស​សង្គម​ប្រជាធិបតេយ្យ ទោះ​បី​ជា​មតិ​ភាគ​ច្រើន​នោះ​រើស​ខុស អា​ហ្នឹង​ជា​សិទ្ធិ​មតិ​ភាគ​ច្រើន។ អា​ហ្នឹង​ធ្វើ​ម៉េច​បើ​យើង​ជ្រើសរើស​អា​ហ្នឹង​ហើយ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ទុយណេស៊ី (Tunisia) គឺ​ខុស​ហើយ ពីព្រោះ​អំណាច​កើត​ចេញ​ពី​រដ្ឋ​ប្រហារ​ហើយ កាន់​អំណាច​យូរ​តែម្ដង​គ្មាន​ការ​បោះ​ឆ្នោត។ យើង​បោះ​ឆ្នោត​អ៊ីចឹង ការ​ដោះដូរ​អំណាច ហើយ​មិន​មែន​បោះ​ឆ្នោត​ដោះ​ដូរ​នាយករដ្ឋមន្ត្រី​ទៅ​ទៀត បោះ​ឆ្នោត​រើស​តំណាងរាស្រ្ត តំណាងរាស្ត្រ​ទេ​ជា​អ្នក​ខុស»

នាយក​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) នៅ​អាស៊ី លោក ប្រែដ អាដាម បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​លោក​នៅ​លើ​ទំព័រ​កាសែត​របស់​សហរដ្ឋ​អាមេរិក ឈ្មោះ ញ៉ូវយក ថែមស៍ ( New York Times ) កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

អត្ថបទ​នោះ​បាន​រិះគន់​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​ច្រើន​ចំណុច​ដូច​ជា លោក ហ៊ុន សែន បាន​គ្រប់គ្រង​អំណាច​ផ្ដាច់ការ​រយៈពេល​យូរ ២៧​ឆ្នាំ ស្មើ​នឹង ១​ម៉ឺន​ថ្ងៃ។

លោក ប្រែដ អាដាម បាន​ប្រៀប​ប្រដូច​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​ទុយនេស៊ី ប្រទេស​អេហ្ស៊ីប (Egypt) ប្រទេស​យេមែន (Yemen) និង​ប្រទេស​លីប៊ី (Libby) ដែល​បាន​ដួល​រលំ​បន្ត​បន្ទាប់ ដោយសារ​ការ​រើ​បម្រាស់​ពី​មហាជន គឺ​នៅ​សល់​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ចំណោម​ប្រទេស ១០ នៅ​លើ​ពិភពលោក។

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា មិន​មែន​ផ្ដាច់ការ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ដោយសារ​តែ​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​មតិ​នានា តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​ជា​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ជាដើម។

ក្រៅ​ពី​នេះ កម្ពុជា​មាន​សេរីភាព​ខាង​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ទូរស័ព្ទ និង​សេរីភាព​ខាង​សារព័ត៌មាន​ជាដើម ដែល​បាន​រិះគន់ និង​ជេរ​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​គ្រប់​បែប​យ៉ាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។