នាយករដ្ឋមន្ត្រី​អន្តរាគមន៍​ចំពោះ​តម្លៃ​ប្រាក់​រៀល​ឡើង​ថ្លៃ

បច្ចុប្បន្ន​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​រក្សា​លំនឹង​អត្រា​ប្ដូរ​ប្រាក់​នៅ​ចន្លោះ​ពី ៤.០០០​ទៅ ៤.០៥០​រៀល ក្នុង​១​ដុល្លារ។ កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា កន្លង​ទៅ ១​ដុល្លារ​ប្ដូរ​បាន​ជាង ៣.៨០០​រៀល។

0:00 / 0:00

រដ្ឋាភិបាល​ប្រកាស​ថា នឹង​អន្តរាគមន៍​ចំពោះ​ករណី​ប្រែប្រួល​អត្រា​ប្ដូរ​ប្រាក់​នេះ ខណៈ​ពេល​ដែល​អ្នក​ជំនាញ​សេដ្ឋកិច្ច​ស្នើ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ធ្វើ​ការងារ​ដោយ​ប្រយ័ត្នប្រយែង​បំផុត ព្រោះ​ការ​ប្រែប្រួល​តម្លៃ​ប្ដូរ​ប្រាក់​នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​ចុះ​ចែក​ប្លង់​ដី​នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ប្រកាស​អន្តរាគមន៍​ចំពោះ​តម្លៃ​ប្រាក់​រៀល​ដែល​ហក់​ឡើង​ថ្លៃ ខណៈ​ពេល​ដែល​កម្ពុជា នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​លូក​ដៃ​អន្តរាគមន៍​លើ​ទីផ្សារ ខណៈ​ដែល​ប្រាក់​រៀល​នា​ពេល​សព្វថ្ងៃ បាន​ហក់​ឡើង​ថ្លៃ​ខ្ពស់ ដោយ​កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា ១ដុល្លារ ស្មើ​ប្រមាណ ៣.៨៨៨​រៀល។ លោក​បន្ត​ថា លុយ​ខ្មែរ​ឡើង​ថ្លៃ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិន​មែន​មក​ពី​លុយ​ដុល្លារ​អាមេរិក​ចុះ​ថ្លៃ​នោះ​ទេ គឺ​មក​ពី​តម្រូវ​ការ​របស់​កម្ពុជា​ច្រើន​ពេក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ម្សិលមិញ ខ្ញុំ​មើល​អត្រា​ប្ដូរ​ប្រាក់ ចង់​ភ័យ។ ម្សិលមិញ មាន​ផ្សារ​ខ្លះ​តែ ៣.៨៨៨​រៀល (ក្នុង​មួយ​ដុល្លារ)។ ប្រហែល​ជា​ចាំបាច់​ត្រូវ​ធ្វើ​អន្តរាគមន៍​ហើយ។ ម្សិលមិញ មាន​ផ្សារ​ខ្លះ​តែ ៣.៨៨៨​រៀល (ក្នុង​មួយ​ដុល្លារ)។ បាន​សេចក្តី​ថា ចុះ​មក​នៅ​ត្រឹម​ក្រោម ៤..០០០​រៀល​ហើយ ហើយ​ក្នុង​ពេល​ដែល​យើង​ចង់​បាន​លុយ​របស់​យើង​រត់​ក្នុង​ចន្លោះ ៤..០០០​រៀល​ទៅ ៤.០៥០​រៀល ក្នុង​មួយ​ដុល្លារ ហ្នឹង​មក​ពី​តម្រូវ​ការ​សាច់​ប្រាក់​របស់​យើង​វា​ធំ»

លោក ហ៊ុន សែន បន្ត​ថា ការ​ប្រែប្រួល​តម្លៃ​ប្រាក់​រៀល​ក៏​មិន​ទាក់​ទង​ទៅ​នឹង​ការ​ជាប់​ឆ្នោត​របស់​លោក បារ៉ាក់ អូបាម៉ា ដែរ។

អ្នក​ជំនាញ​សេដ្ឋកិច្ច ឲ្យ​ដឹង​ថា ការ​ប្រែប្រួល​តម្លៃ​ប្រាក់​រៀល​នៅ​កម្ពុជា ចន្លោះ​ពី ៤.០៦០​រៀល មក​ត្រឹម ៣.៩៩២​រៀល​ក្នុង​១ដុល្លារ នៅ​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​សារ​កត្តា​មួយ​ចំនួន ដូច​ជា​ពលរដ្ឋ​កម្ពុជា នៅ​តាម​តំបន់​ខ្លះ​ដល់​ពេល​ប្រមូល​ផល​ស្រូវ ហើយ​ឈ្មួញ​បញ្ចេញ​ប្រាក់​ដុល្លារ​ទិញ​យក​លុយ​រៀល ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ដូច​នេះ​នាំ​ឲ្យ​ដុល្លារ​ចុះ​ថោក។ ម្យ៉ាង​វិញ​ទៀត ការ​ឡើង​ថ្លៃ​ប្រាក់​រៀល ក៏​បណ្ដាល​មក​ពី​ពាណិជ្ជករ​ទាំង​ឡាយ ត្រូវ​យក​លុយ​ដុល្លារ​ទៅ​ប្ដូរ​ជា​លុយ​រៀល ដើម្បី​យក​ប្រាក់​រៀល​ទៅ​បង់​ពន្ធ។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា មាន​ប្រសាសន៍​ថា ការ​ដែល​លុយ​រៀល​ឡើង​ថ្លៃ ជា​ប្រការ​ល្អ​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជា​កសិករ និង​មន្ត្រី​រាជការ​នៅ​កម្ពុជា ព្រោះ​ថា ពួក​គេ​ភាគ​ច្រើន​បាន​ប្រាក់​ចំណូល​ជា​ប្រាក់​រៀល។ លោក​បន្ត​ថា ចំពោះ​អ្នក​ដែល​ប៉ះពាល់​ជីវភាព​នោះ គឺ​ក្រុម​កម្មករ​ធ្វើ​ការ​រោងចក្រ សហគ្រាស ក្រុមហ៊ុន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ពួក​គេ​បើក​ប្រាក់​ខែ​ជា​ដុល្លារ ហើយ​ត្រូវ​យក​ចំណាយ​ជា​លុយ​រៀល ដើម្បី​ទិញ​ទំនិញ ដូច​នេះ​ពួក​គាត់​ត្រូវ​ខាត​បង់។ លោក ហេង ឌីណា បញ្ជាក់​ថា បើ​សិន​ជា​មាន​ករណី​ឡើង ឬ​ចុះ​តម្លៃ​ប្រាក់​រៀល​ច្រើន​លើស​ពី ១% នឹង​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ៖ «មិន​ឲ្យ​ផ្លាស់​ប្ដូរ​ខ្លាំង កាល​ណា​ប្រែប្រួល​ពី ១% ទៅ ២% វា​ធ្វើ​ឲ្យ​បាត់​ការ​ទុក​ចិត្ត​ពី​សំណាក់​ពលរដ្ឋ​ចំពោះ​លុយ​រៀល រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព ទើប​អាច​រក្សា​លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច»

លោក ហេង ឌីណា បន្ត​ថា រដ្ឋាភិបាល​ក៏​ត្រូវ​ធ្វើ​ការងារ​ដោយ​ប្រយ័ត្នប្រយែង​បំផុត ដើម្បី​រារាំង​ការ​ប្រែប្រួល​ខ្លាំង​នៃ​អត្រា​ប្ដូរ​ប្រាក់ ដើម្បី​ធានា​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន។ អត្រា​ប្ដូរ​ប្រាក់​កាល​ពី​ថ្ងៃ​ទី១៣ ក្នុង ១​ដុល្លារ ប្ដូរ​បាន ៣.៨៨៨​រៀល ប៉ុន្តែ​នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ធនាគារ​ជាតិ​បាន​ដំឡើង​ថ្លៃ​ប្រាក់​រៀល​វិញ ក្នុង​តម្លៃ ៣.៩៩២​រៀល​ក្នុង ១​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។