សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលបន្តស៊ើបអង្កេតករណីគប់គ្រាប់បែកឆ្នាំ១៩៩៧
2012.03.31

ក្រុមនេះក៏ទាមទារឲ្យសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក លាតត្រដាង និងចាត់វិធានការតាមផ្លូវច្បាប់នូវអ្វីដែលគេបានប្រមូលនូវភស្តុតាងពីឧក្រិដ្ឋកម្មនោះ។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានបង្ហាញក្ដីអស់សង្ឃឹមចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាង ១៥ឆ្នាំមកហើយ ដែលខកខានមិនបាននាំខ្លួនជនដៃដល់ និងក្រុមអ្នកពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មវាយប្រហារដោយគ្រាប់បែកដៃមុខអតីតរដ្ឋសភា យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក ប្រែត អាដាម (Brad Adams) មានប្រសាសន៍ថា លោកមិនអាចរំពឹងថា កម្ពុជានឹងអាចនាំខ្លួនជនល្មើសយកផ្ដន្ទាទោសបានទេ លើកលែងតែភ្នាក់ងារស៊ើបការណ៍សំងាត់ FBI របស់អាមេរិកប៉ុណ្ណោះ ទើបអាចជំរុញឲ្យមានវិធានការលើបញ្ហានេះបន្តទៀត។
លោក ប្រែត អាដាម៖ «យើងធ្លាប់បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតករណីគប់គ្រាប់បែកដៃនេះដែរ ប៉ុន្តែយើងដឹងច្បាស់ណាស់ហើយថា វាមិនអាចទៅរួច។ សង្ឃឹមតែមួយគត់ប៉ុណ្ណោះក្នុងរយៈពេលវែង គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវជំរុញដល់ភ្នាក់ងារ FBI បន្តការស៊ើបអង្កេត។ ទាំងជនរងគ្រោះ និងក្រុមរបស់យើង ក៏ចង់ឲ្យ FBI បានបញ្ចប់នូវអ្វីដែលគេបានចាប់ផ្ដើមស៊ើបអង្កេត។ ពេលនោះគេបានធ្វើកិច្ចការយ៉ាងល្អ ប៉ុន្តែការស៊ើបអង្កេតនោះបានទម្លាក់ចោលពាក់កណ្ដាលទី ដោយសារការជ្រៀតជ្រែកផ្នែកនយោបាយ។ តែទោះបីជាយ៉ាងណាក៏ដោយ មានតែរដ្ឋាភិបាលកម្ពុជា មួយគត់ ដែលជាអ្នកនាំជនល្មើសមកផ្ដន្ទាទោស ហើយដើម្បីធ្វើដូច្នោះបាន លុះត្រាភ្នាក់ងារ FBI ជំរុញឲ្យខ្លាំងថែមទៀត ពីព្រោះពួកគេមានភស្តុតាងថា អ្នកណាជាអ្នកទទួលខុសត្រូវ»។
លោក ប្រែត អាដាម បន្តថា ឧក្រិដ្ឋកម្មកម្រិតធ្ងន់ដែលប្រព្រឹត្តឡើងដោយមានអំណាចនៅស្រុកខ្មែរ ភាគច្រើនអ្នកទាំងនោះមិនដែលទទួលខុសត្រូវចំពោះទង្វើរបស់គេនោះឡើយ។
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជនមិនស្គាល់មុខបានគប់គ្រាប់បែកដៃទៅលើហ្វូងបាតុករគ្រាប់បែកដៃចំនួន ៤គ្រាប់ បណ្ដាលឲ្យមនុស្សចំនួន ១៦នាក់ស្លាប់នៅនឹងកន្លែង និងនៅមន្ទីរពេទ្យ ហើយមនុស្សជាង ១០០នាក់ផ្សេងទៀតរងរបួស ខណៈលោក សម រង្ស៊ី ដែលកាលនោះជាប្រធានគណបក្សជាតិខ្មែរ បានដឹកនាំហ្វូងបាតុករធ្វើបាតុកម្មអហិង្សា ដើម្បីទាមទារកំណែទម្រង់ប្រព័ន្ធតុលាការ និងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍សំងាត់របស់ FBI ដែលលេចធ្លាយចេញផ្សាយតាមគេហទំព័រនានានោះ បានសរសេរថា ជនដៃដល់ដែលវាយប្រហារគ្រាប់បែកដៃទៅហ្វូងបាតុករនាពេលនោះ ជាមនុស្សរបស់កងកម្លាំងអង្គរក្សលោក ហ៊ុន សែន។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានសរសេរថា សមត្ថកិច្ចរបស់ខ្លួនបានសម្រេចបិទការស៊ើបអង្កេត ព្រោះសំណុំរឿងនេះជាសំណុំរឿងរសើបស្ថិតនៅចំកណ្ដាលនៃគ្រោះថ្នាក់ខាងផ្នែកនយោបាយដ៏ធំមួយ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា រយៈពេលជាង ១០ឆ្នាំមកហើយ ការស៊ើបអង្កេតករណីគប់គ្រាប់បែកដៃនេះ ហាក់នៅជាប់គាំងលែងមានដំណើរការ។ លោកចង់ឲ្យរដ្ឋាភិបាលបង្ហាញជាសាធារណៈនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជុំវិញការស៊ើបអង្កេតកន្លងមកនេះ។
ឆ្លើយតបទៅនឹងប្រសាសន៍របស់លោក អំ សំអាត នេះដែរ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រដ្ឋាភិបាលពិតជាមានឆន្ទៈពិតប្រាកដក្នុងការចាត់វិធានការភ្លាមៗ ហើយថែមទាំងបានកំណត់មុខសញ្ញា គូសចេញជាគំនូរព្រាងមុខជនដៃដល់ទៀតផង។ លោកបញ្ជាក់ថា ក្រោយមកជនសង្ស័យរូបនោះបានស្លាប់ក្នុងការគ្រប់គ្រងរបស់គណបក្សនយោបាយមួយផ្សេងទៀត ដែលលោកមិនបង្ហាញឈ្មោះ។
ឯកសាររបស់ FBI ដែលស៊ើបអង្កេតក្នុងរយៈពេល ២ខែដំបូង តាមរយៈបណ្ដឹងរបស់លោក រ៉ន អាប់នី ពលរដ្ឋអាមេរិកាំងដែលបានរងគ្រោះក្នុងហេតុការណ៍គប់គ្រាប់បែកនោះដែរ បានឲ្យដឹងថា ភ្នាក់ងារ FBI ដែលចុះទៅកម្ពុជា ត្រូវបានគេបង្ខំឲ្យចាកចេញពីកម្ពុជា នៅខែឧសភា ឆ្នាំ១៩៩៧ មុនពេលបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន។
ទាក់ទិននឹងការស៊ើបអង្កេតរបស់ FBI នេះដែរ លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងរស់នៅនិរទេស មានប្រសាសន៍ថា ការស៊ើបអង្កេតរបស់ FBI កន្លងមក មានសារសំខាន់ណាស់ ដែលត្រូវបន្តធ្វើការស៊ើបអង្កេតទៅមុខទៀត។
លោកមានប្រសាសន៍បន្តថា តុលាការប្រទេសបារាំង កាលពីចុងខែមករា កន្លងទៅ បានចាប់ផ្តើមបើកការស៊ើបអង្កេតករណីគប់គ្រាប់បែកនៅមុខរដ្ឋសភានេះជាថ្មី ដោយផ្អែកលើភស្តុតាងជាច្រើនដែលគេទទួលបានពី FBI ពីគេហទំព័រ Wikileak និងពីចំលើយរបស់លោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញ ដែលបានផ្ដល់បទសម្ភាសន៍ជាមួយកាសែតបរទេសក្នុងប្រទេស សិង្ហបុរី រួមនឹងឯកសារស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយចំនួនទៀត។
ជុំវិញស្ថានការណ៍នយោបាយកម្ពុជាដ៏អួអាប់ដែលគេមិនសូវឃើញមានដំណោះស្រាយដ៏គួរឲ្យទុកចិត្តក្នុងករណីឧក្រិដ្ឋកម្មធំៗនោះដែរ លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកឃ្លាំមើលអំពីប្រព័ន្ធយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សមានប្រសាសន៍ថា លោកនៅមិនទាន់ឃើញរដ្ឋាភិបាលបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាវិជ្ជមានណាមួយក្នុងការវែកមុខជនដៃដល់យកផ្ដន្ទាទោសនៅឡើយទេ ក្នុងឧក្រិដ្ឋកម្មគប់គ្រាប់បែកដ៏រន្ធត់រយៈពេលជាង ១០ឆ្នាំមកហើយនោះ។
កាលពីថ្ងៃទី២៨ ខែមីនា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនសំរាប់ខួប ១៥ឆ្នាំនៃមរណភាពរបស់ជនស្លូតត្រង់ក្នុងឧក្រិដ្ឋកម្មគប់គ្រាប់បែកមុខអតីតរដ្ឋសភាជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
សេចក្ដីថ្លែងការណ៍នោះបានសរសេរថា ការស៊ើបអង្កេតពីរដ្ឋាភិបាលកម្ពុជា នឹងមិនអាចធ្វើទៅបានទេ ប្រសិនបើប្រទេសម្ចាស់ជំនួយមិនដាក់លក្ខខណ្ឌ និងសំពាធបន្ថែមឲ្យមានការវិធានការតាមផ្លូវច្បាប់ដ៏ចាំបាច់ក្នុងករណីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់អង្គការ Human Rights Watch គ្រាន់តែជាការបង្កើនសំឡេងវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ លោកថ្លែងថា ការស៊ើបអង្កេតក្នុងករណីនេះគឺជាដែនសមត្ថកិច្ចរបស់តុលាការកម្ពុជា។
ក្រុមអ្នកឃ្លាំមើលករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា ចោទប្រកាន់ថា តុលាការកម្ពុជា មិនកាត់ទោសអ្នកធំ និងអ្នកមានអំណាចនោះទេ។ ក្រុមនេះនិយាយថា ករណីឧក្រិដ្ឋកម្មធំៗដែលអាចជាប់ពាក់ព័ន្ធជាមនុស្សក្រុមមន្ត្រីរដ្ឋាភិបាលដ៏មានអំណាចនោះ តែងនៅជាអាថ៌កំបាំងក្នុងឋានសួគ៌និទណ្ឌភាព៕