ទាហាន​ប៉ារ៉ា​ថៃ​មួយ​ក្រុម​ចូល​ទៅ​កាន់​តំបន់​វាល​ឥន្ទ្រី

កង​រក្សា​ព្រំដែន​ខ្មែរ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ទាហាន​ប៉ារ៉ា​ថៃ​មួយ​ក្រុម​បាន​ចូល​ទៅ​កាន់​តំបន់​វាល​ឥន្ទ្រី​នៃ​ដែនដី​ខ្មែរ​ជិត​ប្រាសាទ​នោះ​ជា​ថ្មី​ទៀត។

0:00 / 0:00

កង​រក្សា​ព្រំដែន​ខ្មែរ​នោះ​បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​ទាហាន​ប៉ារ៉ា​ថៃ​ប្រមាណ​៣០​នាក់​បាន​ចូល​ទៅ​កាន់​តំបន់​វាល​ឥន្ទ្រី​ក្នុង​ដី​ខ្មែរ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ដែល​ឋិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រាសាទ​ព្រះវិហារ​បាន​ចូល​កាលពី​ម៉ោង​៩​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា​នេះ បន្ទាប់​ពី​ទាហាន​ថៃ​ជាង​៨០​នាក់​ត្រូវ​បាន​កង​ទាហាន​ខ្មែរ​បង្ខំ​ឲ្យ​ដក​ថយ​ចេញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​មក។

មន្ត្រី​ប៉ូលិស​ខ្មែរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​ប្រចាំការ​នៅ​លើ​កំពូល​ភ្នំ​នៃ​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​បន្ថែម​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅ​ឯ​តំបន់​ទល់​មុខ​ប្រាសាទ​ព្រះវិហារ​ឯ​ណោះ​វិញ​កង​ទាហាន​ប៉ារ៉ា​ថៃ​ខ្លះ​ដែល​បាន​ចូល​តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅតែ​មាន​វត្តមាន​នៅ​ទី​នោះ​នៅ​ឡើយ​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ធ្វើ​ឲ្យ​មាន​ការបង្កើន​ការប្រុង​ប្រយ័ត្ន​រវាង​កង​កម្លាំង​ទ័ព​ទាំង​សង​ខាង។

មន្ត្រី​ប៉ូលិស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «វា​នៅតែ​វាល​ឥន្ទ្រី​តើ​អា​៨០​ពី​ល្ងាច​មិញ ថា​បើ​មិន​ដក​យើង​បាញ់ ដល់​ពេល​ម៉ោង​៩​ជិត​កន្លះ​នេះ​វា​ចូល​មក​ម្ដង​ទៀត ៣០​នាក់​ទៀត ចូល​ត្រង់សេ​រៀង​ខ្លួន...។ កាលពី​ព្រឹក​ធូរ​ស្បើយ​ម្ដង​ហើយ ម៉ោង​៩​ជាង​ចាប់ផ្ដើម​ប្រកាស​ឲ្យ​ចុះ​កន្លែង​ប្រជាជន ឥឡូវ​ឡើង»

មន្ត្រី​យោធា​ខ្មែរ​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា កង​ទាហាន​ប៉ារ៉ា​ថៃ​ដែល​ចូល​ទៅ​នៅ​លើ​តំបន់​ជម្លោះ​ទល់​មុខ​ប្រាសាទ​ព្រះវិហារ​នោះ​បាន​នាំ​យក​កាំភ្លើង​យន្ត​មួយចំនួន​ដាក់​សម្រាប់​ការត្រៀម​ប្រយុទ្ធ។

ក៏​ប៉ុន្តែ​មេ​បញ្ជាការ​កងពល​ធំ​លេខ​៣​ដែល​គ្រប់គ្រង​កង​យោធា​ខ្មែរ​ប្រចាំ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក មិន​អធិប្បាយ​អំពី​ព័ត៌មាន​នេះ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា​លោក​ជាប់​រវល់​នៅ​ឯ​ទីរួម​ខេត្ត​ព្រះវិហារ។

ស្ថានការណ៍​ចុង​ក្រោយ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​នូវ​ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ស្តីពី​ស្ថានភាព​ទាហាន​ថៃ​ចូល​ទៅ​កាន់​ដែន​ដី​ខ្មែរ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ​ដែល​ចូល​តាំង​ពី​ម្សិលមិញ​និង​ថ្ងៃ​នេះ។

មន្រ្តី​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ផាន សូផាត បាន​ឲ្យ​ដឹង​ពី​ស្ថានការណ៍​ចុង​ក្រោយ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​គិត​មក​ទល់​នឹង​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មីនា ឆ្នាំ​២០០៩​នេះ។

ផាន សូផាត ៖ ជម្រាប​សួរ។ ស្ថានការណ៍​ចុង​ក្រោយ? ផៃ ស៊ីផាន ៖ អត់​មាន​អី​ទេ បញ្ជាក់​ថា​អត់​មាន​អី​ផង។

ផាន សូផាត ៖ តាំង​ពី​ចេញ​ទៅ​វិញ​រហូត​មក​ដល់​ឥឡូវ​អត់​មាន​អី​ទេ?

ផៃ ស៊ីផាន ៖ បាទ​តាំង​ពី​ចេញ​ទៅ​អត់​មាន​អី​ទៀត​ទេ សួរ​គេ​ថា​អត់​មាន​អី​កើត​ឡើង ប៉ុន្តែ IR Code ជម្រាប​មក​អ៊ីចេះ ពីព្រោះ​កាល​យើង​ធ្វើ​មុន​ហ្នឹង​វា​ថា​វា​ដើរ​មក​រក​ទឹក​ផឹក ...ពីព្រោះ​គេ​ធ្វើ Survey រក Water Source ពេល​ម្សិលមិញ​គេ​និយាយ​អ៊ីចឹង​ដើម្បី​គេ​កែប្រែ។ ទី​២ ថ្ងៃ​ហ្នឹង​គេ​ដើរ​មក​គេ​អត់​និយាយ​អី អត់​មាន Comment អី ពីព្រោះ​យើង​អត់​មាន​ធ្វើ អ៊ីចឹង​ក៏​ដេញ​ចេញ​ទៅ​វិញ​ទៅ។ អា​ហ្នឹង​យើង​អាច​ថា វា Repeat ហាក់​បី​ដូច​ជា​វា Patrol គំនិត​ថា​វា​ប្រុង Patrol ទេ តែ​តាម​ពិត​យើង​ចោទ​វា​ពី​រឿង Encroachment ដែល​វា​មក​លូកលាន់​នៅ​កន្លែង​យើង។

មន្ត្រី​យោធា​ថៃ​បដិសេធ​ថា​កងទ័ព​ថៃ​មិន​បាន​ចល័ត​ចូល​ក្នុង​ដែន​ដី​ខ្មែរ​ទេ

មន្រ្តី​យោធា​ថៃ លោក ភីជិត ណាការ៉ុន មាន​ឋានៈ​ជា​វរសេនីយ៍​ឯក​នៃ​កងទ័ព​ថៃ​ដែល​ប្រចាំការ​នៅ​លើ​ទឹក​ដី​ថៃ​ជាប់​ព្រំដែន​ខ្មែរ​តំបន់​មាន​ទំនាស់​នោះ​បាន​បដិសេធ​ដោយ​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ផ្សាយ​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កងទ័ព​ថៃ​គ្មាន​ការចល័ត​ចូល​ទៅ​ក្នុង​ដែនដី​ខ្មែរ​ទេ។ មន្រ្តី​ថៃ​ដដែល​បញ្ជាក់​ថា ស្ថានភាព​នៅ​ទី​នោះ​ក៏​គ្មាន​ភាព​តានតឹង​អ្វី​ខុស​ពី​ធម្មតា​នោះ​ឡើយ។

សូម​រំឭក​ជូន​ថា ប្រាសាទ​ព្រះវិហារ​និង​ដែន​ដី​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ទំហំ​យ៉ាង​តិច​ជិត​៥​គីឡូម៉ែត្រ​នោះ​ត្រូវ​បាន​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​កាត់​ក្តី​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​១៩៦២​មក​ថា ប្រាសាទ​ព្រះវិហារ​និង​ដែន​ដី​តំបន់​នោះ​ពិត​ជា​សម្បត្តិ​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ខ្មែរ។ ប្រទេស​ខ្មែរ​និង​ថៃ​មាន​ព្រំដែន​ជាប់​គ្នា​ចម្ងាយ​ប្រមាណ​៨០០​គីឡូម៉ែត្រ។

ប៉ុន្តែ​ជម្លោះ​នៅ​តំបន់​ព្រំដែន​នោះ​នៅតែ​កើត​មាន​ជា​បន្ត ព្រោះ​តែ​រដ្ឋាភិបាល​ថៃ​នៅតែ​បន្ត​ចាត់​ថា ដែន​ដី​តំបន់​នោះ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់ នៅ​មាន​ដែន​ដី​តំបន់​ត្រួតស៊ី​គ្នា​ដោយសារ​តែ​ថៃ​សំអាង​លើ​ផែនទី​ថ្មី​ផ្សេង​ទៀត​ដែល​គ្មាន​ក្នុង​ការកាត់​ក្តី​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​កាលពី​៤៧​ឆ្នាំ​មុន​នោះ​ទេ។

បញ្ហា​ជម្លោះ​ព្រំដែន​នេះ​ផ្តើម​កើន​ឡើង​ខ្លាំង​តាំង​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ​២០០៨​មក។ ពិសេស​គឺ​នៅ​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​ឬ​អង្គការ​យូណេស្កូ​បាន​សម្រេច​ទទួល​យល់ព្រម​តាម​សំណើ​របស់​កម្ពុជា​ដាក់​ប្រាសាទ​ព្រះវិហារ​និង​ដែន​ដី​៣០​ម៉ែត្រ​ដែល​នៅ​ជុំវិញ​ប្រាសាទ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សម្រេច​ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​កាណាដា កាលពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០០៨។

បញ្ហា​ជម្លោះ​ព្រំដែន​នេះ​ផ្តើម​កើន​ឡើង​ខ្លាំង​រហូត​ដល់​មាន​ការផ្ទុះ​អាវុធ​ប៉ះ​គ្នា​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨ បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់​៣​នាក់។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ដឹង​បន្ថែម​ថា ទាហាន​ថៃ​ម្នាក់​ក៏​ស្លាប់​បន្ទាប់​ពី​នោះ​ដែរ​ដោយសារ​តែ​ព្រឹត្តិការណ៍​ប៉ះ​អាវុធ​គ្នា​នោះ៕