មន្ត្រី​ខេត្ត​រតនគិរី​ថា ជន​ជាតិ​ដើម​ភាគ​តិច​មិន​បណ្ដេញ​ក្រុមហ៊ុន​វៀតណាម​ទេ

ក្រុម​អ្នកភូមិ​ជន​ជាតិ​ដើម​ចំនួន​បី​ភូមិ នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​បាន​កំណត់​និង​ធ្វើ​បាតុកម្ម​បណ្ដេញ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​នៃ​ ប្រទេស​វៀតណាម បាន​ដល់​ពេល​កំណត់​ហើយ ដោយ​ពួក​គាត់​ចោទ​ថា ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ដី​ស្រែ​ចម្ការ​អ្នកភូមិ ហើយ​មិន​ព្រម​ដោះ​ស្រាយ។

0:00 / 0:00

មន្ត្រី​មូលដ្ឋាន​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១០ ថា អ្នកភូមិ​បាន​យល់​ព្រម​បញ្ឈប់​គម្រោង​ធ្វើ​បាតុកម្ម​បណ្ដេញ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​របស់​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន អាជ្ញាធរ​មូលដ្ឋាន រួម​និង​អ្នកភូមិ បាន​ជួប​ប្រជុំ​គ្នា​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

មេ​ឃុំ​លំជ័រ លោក សេវ ថ្វាន មាន​ប្រសាសន៍​ថា ផល​ប៉ះ​ពាល់​ជាក់​ស្ដែង​លើ​ដី​ចម្ការ​អ្នក​ភូមិ មាន​តែ​បី​គ្រួសារ​ប៉ុណ្ណោះ ហើយ​ការ​ខូច​ខាត​មិន​មាន​អ្វី​ធំ​ដុំ​ទេ ទើប​មាន​ការ​សម្របសម្រួល​កញ្ចប់​បញ្ហា​ដោយ​ក្រុមហ៊ុន​សន្យា​ថា នឹង​មិន​ឲ្យ​មាន​ការ​ជីក​កកាយ​ប៉ះពាល់​ដី​ចម្ការ​អ្នក​ភូមិ​ទៅ​ទៀត។ ចំណែក​អ្នក​ភូមិ​ក៏​មិន​បាន​ទាមទារ​សំណង​ការ​ខូច​ខាត​អ្វី​ដែរ ដោយ​ស្នើ​សុំ​ប្រាក់​ចំនួន ១៨០.០០០​រៀល សម្រាប់​ការ​ចំណាយ​នៅ​ថ្ងៃ​ជួប​ជុំ​គ្នា​នេះ​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ៖ «គេ​ឈប់​ធ្វើ​ប៉ះ​ហើយ ប៉ុន្តែ​គេ​ធ្វើ​នៅ​ក្នុង​ព្រៃ​ហ្នឹង គេ​នៅ​តែ​បន្ត​រុក​រក​ទេ»

កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១០ តំណាង​ក្រុមហ៊ុន អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​រតនគិរី និង​អ្នក​ភូមិ បាន​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​ដល់​ចម្ការ​អ្នក​ភូមិ ដែល​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​ដែក​វៀតណាម ឈ្មោះ ហង អាន រតនគិរី កូអ៊ិលធីឌី (HOANG ANH-RATTANAKIRI Co, Ltd) បាន​ជីក​កកាយ​ប៉ះ​ពាល់​ហើយ​មិន​ព្រម​ធ្វើ​ការ​ដោះ​ស្រាយ​សំណង​ផល​ប៉ះ​ពាល់​ទាំង​នោះ ទើប​អ្នក​ភូមិ​ឡែ ភូមិ​កក់ និង​ភូមិ​ឈើ​គ្រៀង ប៉ុនប៉ង​ធ្វើ​បាតុកម្ម​បណ្ដេញ​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១០ ក៏​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​សម្របសម្រួល​សុំ​ឲ្យ​អ្នក​ភូមិ​ពន្យារ​ពេល ៥​ថ្ងៃ សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា។

តំណាង​ក្រុមហ៊ុន ហង អាន រតនគិរី លោក ហៀរ ស៊ុន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ភាគ​ច្រើន​យល់​ច្រឡំ​ខ្លាច​បាត់​បង់​ដី​ស្រែ​ចម្ការ បន្ទាប់​ពី​ឃើញ​ក្រុមហ៊ុន​ចុះ​មក​បោះ​ទីតាំង​ធ្វើ​ការ​ស្រាវជ្រាវ​ពី​រ៉ែ។លោក​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​តាម​រយៈ​អាជ្ញាប័ណ្ណ ដែល​បាន​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល ហើយ​ប្រសិន​ណា​តំបន់​ដែល​កំពុង​ស្រាវជ្រាវ​ពិត​ជា​មាន​រ៉ែ​នោះ ការ​សិក្សា​ពី​ផល​ប៉ះ​ពាល់​ដល់​អ្នក​ភូមិ​នឹង​ត្រូវ​ធ្វើ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​នោះ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ឥឡូវ​ហ្នឹង វា​ប៉ះ​ប្រហែល​ជា ចូល​ពី​ផ្លូវ​ថ្នល់ ប្រហែល​ជា​មួយ​ម៉ែត្រ​ទៅ​ពីរ​ម៉ែត្រ កៀក​ចម្ការ​! យើង​កាយ​យូរ​ហើយ យើង​កាយ​អត់​ឃើញ យើង​លប់​វិញ​ទៅ គាត់​ដាំ​ដំឡូង»

តំណាង​អ្នក​ភូមិ លោក សល់ យួន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មិន​ជំទាស់​នឹង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ដែល​មាន​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ផល​ប៉ះ​ពាល់​ដល់​អ្នក​ភូមិ ពី​គម្រោង​វិនិយោគ​នោះ ត្រូវ​មាន​ការ​ពិភាក្សា និង​ដោះ​ស្រាយ​ជា​មួយ​អ្នក​ភូមិ​ជា​មុន​សិន។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ដូច​ថា​ចំណុច​សម្រុះសម្រួល​រួច​ហើយ យើង​យល់​ព្រម កុំ​ឲ្យ​គេ​កាយ​ដី​ចម្ការ​ដី​អី​ហ្នឹង»

ក្រសួង​ឧស្សាហកម្ម​ប្រទេស​កម្ពុជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ហង អាន រតនគិរី ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​រ៉ែ​ដែក​លើ​ផ្ទៃ​ដី ១០០០​ហិកតារ នៅ​ស្រុក​អូរយ៉ាដាវ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១១ ដែល​ពាក់ព័ន្ធ​តំបន់​អ្នក​ភូមិ​ជន​ជាតិ​ដើម នៅ​ឃុំ​ចំនួន​៥ កំពុង​រស់​នៅ។

អ្នក​ភូមិ​និយាយ​ថា ពួក​គាត់​កំពុង​ភ័យ​ខ្លាច​ពី​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ លំនៅឋាន វប្បធម៌​ប្រពៃណី និង​តំបន់​ព្រៃ​ឈើ រ៉ែ​ធនធាន​ធម្មជាតិ ដែល​អ្នក​ភូមិ​ធ្លាប់​រស់​អាស្រ័យ​ផល។ ពួក​គាត់​សំណូមពរ​ឲ្យ​មាន​ការ​សិក្សា​ពី​ផល​ប៉ះ​ពាល់​ជា​មួយ​អ្នក​ភូមិ ឲ្យ​បាន​ជាក់​លាក់ និង​កាត់​ចេញ​នូវ​ផល​ប៉ះ​ពាល់​ទាំង​នោះ មុន​នឹង​ធ្វើ​សម្បទាន​ដី​នៅ​តំបន់​ជន​ជាតិ​ដើម​រស់​នៅ៕