ហោ ណាំហុង គ្រោង​ជួប​ចរចា​ជាមួយ​ប្រមុខ​ការទូត​ស.រ.អា.

ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង មាន​គម្រោង​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​ប្រមុខ​ការទូត​នៃ​សហរដ្ឋ​អាមេរិក លោកស្រី Hillary Clinton ក្នុង​ឱកាស​ចូលរួម​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ខាង​មុខ​នេះ។

0:00 / 0:00

លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​នៃ​ក្រសួង​ការបរទេស​កម្ពុជា មាន​គម្រោងការ​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​ប្រមាណ​មួយ​សប្តាហ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចាប់​ថៃ្ង​ទី​២២ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ទៅ​ចូលរួម​នៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​៦៤​នៃ​អ.ស.ប. ហើយ​លោក​មាន​គម្រោងការ​ជួប​ចរចា​ទ្វេ​ភាគី​ផងដែរ​ជាមួយ​នឹង​លោកស្រី Hillary Clinton រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត។

លោក ហោ ណាំហុង ជា​ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថៃ្ង​អង្គារ ទី​៨ ខែ​កញ្ញា នៅ​ឯ​ក្រសួង​ការបរទេស​ថា គម្រោងការ​ជួប​ចរចា​ទ្វេ​ភាគី​រវាង​លោក​និង​លោកស្រី Hillary Clinton នា​ពេល​ខាង​មុខ​នោះ កំពុង​តែ​រៀបចំ​នៅ​ទ្បើយ​មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​ទ្បើយ​ទេ។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ៖ «កំពុង​តែ​មើល​ពេល​វេលា ខាង​អាមេរិកាំង​គេ​កំពុង​តែ​លៃ​ពេល ខ្ញុំ​កំពុង​តែ​លៃ​ពេល​ដែរ។ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​អគ្គ​រដ្ឋទូត​អាមេរិកាំង​ពី​បញ្ហា​ហ្នឹង»

សុខ សេរី ៖ បើ​សិន​ជា​មាន​ការ​ជួប​ជាមួយ​លោកស្រី Hillary Clinton តើ​នឹង​ផ្ដោត​លើ​បញ្ហា​អ្វី​សំខាន់? ហោ ណាំហុង ៖ បញ្ហា​សំខាន់​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​ធ្វើ​ម៉េច​ឲ្យ​កាន់តែ​ល្អ​ឡើងៗ។

លោក John Johnson ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា វា​ជា​ការ​ប្រញាប់​ពេក​ក្នុង​ការ​បញ្ជាក់​អំពី​កាលបរិច្ឆេទ​អំពី​ជំនួប​នា​ពេល​ខាង​មុខ​នេះ។

ទាក់ទង​នឹង​ដំណើរការ​ទស្សនកិច្ច​ជាង​មួយ​សប្តាហ៍​របស់​លោក ហោ ណាំហុង ប្រមុខ​ការទូត​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ខាង​មុខ​នេះ លោក កុយ គួង ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រៅ​ពី​គម្រោងការ​ជួប​ចរចា​ទ្វេ​ភាគី​រវាង​លោក ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា និង​លោក Hillary Clinton ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​នោះ លោក ហោ ណាំហុង នឹង​ទៅ​ចូលរួម​នៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​នៃ​អ.ស.ប.​លើក​ទី​៦៤ នៅ​ក្នុង​ទីក្រុង​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក ចាប់ផ្តើម​ពី​ថៃ្ង​ទី​២៣ រហូត​ដល់​ថៃ្ង​ទី​៣០ ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក​បាន​បញ្ជាក់​ទៀត​ថា លោក ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា​នឹង​ទ្បើង​ថែ្លង​សុន្ទរកថា នៅ​ក្នុង​មហាសន្និបាត​នៅ​ថៃ្ង​ទី​២៦ ខែ​កញ្ញា ស្តីពី​ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រចាំ​ឆ្នាំ​២០០៩​នេះ។

លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​នេះ​បាន​ធ្វើ​អត្ថាធិប្បាយ​ថា ៖ «យើង​ចង់​បាន​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ យើង​ចង់​បាន​ការ​គោរព​សិទ្ធិ​មនុស្ស យើង​ចង់​បាន​ឲ្យ​មាន​នយោបាយ​សេដ្ឋកិច្ច​មួយ​ដែល​កាត់​បន្ថយ​ភាព​ក្រីក្រ​ពិត​ប្រាកដ»