បុគ្គលិក​សណ្ឋាគារ​នៅ​សៀមរាប​ប្រមាណ​៦០​នាក់​ធ្វើ​កូដកម្ម

ក្រុម​បុគ្គលិក និង​កម្មករ​ប្រមាណ ៦០​នាក់​របស់​សណ្ឋាគារ​អង្គរ​វិឡា​បូតានិកខល រីសត (Angkor Village Botanical Resort) និង​សណ្ឋាគារ​អង្គរ​វិឡា (Angkor Village) ក្នុង​ខេត្ត​សៀមរាប បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ជា​លើក​ទី​៣ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​តុលា ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​សណ្ឋាគារ​នោះ​ទទួល​យក​បុគ្គលិក ៦៧​នាក់ ដែល​គេ​បាន​បញ្ឈប់​ពី​ការងារ​​​​ដោយសារ​តែ​ការ​បង្កើត​សហជីព​បាន​ចូល​ធ្វើ​ការ​វិញ។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា កន្លង​ទៅ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​ចេញ​សេចក្ដី​សម្រេច និង​បង្គាប់​ឱ្យ​ម្ចាស់​សណ្ឋាគារ Angkor Village Botanical Resort និង​សណ្ឋាគារ​អង្គរ​វិឡា ទទួល​យក​បុគ្គលិក និង​កម្មករ​ចំនួន ៦៧​នាក់ ដែល​គេ​បាន​បញ្ឈប់​នោះ បាន​ចូល​ធ្វើការ​វិញ ក៏ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​បាន​ជំទាស់​ទៅ​នឹង​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នោះ បណ្ដាល​ឱ្យ​ក្រុម​កម្មករ​នាំ​គ្នា​ធ្វើ​កូដកម្ម​ម្ដង​មក​ហើយ។

ម្ចាស់​សណ្ឋាគារ​​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​បុគ្គលិក​កម្មករ​តាម​រយៈ​ការ​បោះពុម្ព​អក្សរ​លើ​បដា​មួយ​ផ្ទាំង ដែល​ដាក់​តាំង​នៅ​នឹង​មុខ​សណ្ឋាគារ​ថា រយៈពេល ១៧​ឆ្នាំ​មក​ហើយ​សណ្ឋាគារ​អង្គរ​វិឡា បាន​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ស្នាក់​នៅ​នូវ​កន្លែង​មួយ​ដែល​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ មាន​បរិស្ថាន​ស្រស់​ស្អាត ការ​ផ្ដល់​សេវា​ដ៏​ល្អ​បំផុត។ កន្លែង​ដែល​ទេសចរណ៍​មក​ស្នាក់​នៅ និង​លំហែ​កាយ​ ជា​កន្លែង​ដែល​មាន​ភាព​រួសរាយ​រាក់​ទាក់ និង​បរិយាកាស​ស្ងៀមស្ងាត់។ ដូច្នេះ​ដើម្បី​ធានា និង​រក្សា​សេវាកម្ម​នេះ គេ​មិន​អាច​ទទួល​យក​អ្នក​ដែល​មាន​ការ​​ប្រមាថ​ដាក់​ថ្នាំ​ពុល​ក្នុង​អាហារ​ និង​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ ឬ​ក៏​ការ​រំខាន​ផ្សេងៗ​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​សហជីព​បាន​ទេ៕​​​​