លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា គណបក្សសិទ្ធិមនុស្សនៅតែទន្ទឹងរង់ចាំការសម្រេចរបស់គណបក្សសមរង្ស៊ី ដើម្បីរួមបញ្ចូលគ្នាជាគណបក្សនយោបាយតែមួយ។
លោក កឹម សុខា បានថ្លែងយ៉ាងដូច្នេះ ៖ «កាលណាយើងចង់រួម យើងត្រូវតែអង្គុយប្រជុំគ្នា ហើយអត់មានគណបក្សមួយទៅចូលគណបក្សមួយទេ អត់មានរឿងចុះចូលទេ រឿងអង្គុយជជែកជាមួយគ្នា យកគំនិតដាក់ជាមួយគ្នា ចរចាគ្នា ដើម្បីចេញជាគោលការណ៍មួយ ជាលក្ខន្តិកៈមួយ ដើម្បីបង្កើតគណបក្សថ្មីមួយ ដើម្បីចូលប្រកួតក្នុងការបោះឆ្នោតអាណត្តិក្រោយ នេះជាជំហររបស់គណបក្សសិទ្ធិមនុស្ស»។
គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស បានរួមគ្នាបង្កើតជាចលនាលទ្ធិប្រជាធិបតេយ្យ ដើម្បីការផ្លាស់ប្តូររួចមកហើយតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០០៩ មកម្ល៉េះ ហើយក្រោយការចងសម្ព័ន្ធនោះ មានការប្រជុំដើម្បីរួបរួមគ្នាជាគណបក្សថ្មីតែមួយនោះ ប៉ុន្តែនៅមិនទាន់មានលទ្ធផលណាមួយនៅឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានមានប្រសាសន៍ឲ្យដឹងថា ការរួមចូលគ្នានេះ គឺជាជំហានល្អដែលអាចធ្វើឲ្យគណបក្សមានសំឡេងអ្នកគាំទ្រកាន់តែច្រើននៅពេលបោះឆ្នោតនោះ ហើយគណបក្សសមរង្ស៊ី រង់ចាំនិងស្វាគមន៍រាល់អ្នកនយោបាយដែលចង់ចូលរួមជាមួយនឹងគណបក្សសមរង្ស៊ី ដោយឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លោក យឹម សុវណ្ណ មានប្រសាសន៍ដូច្នេះ ៖ «មិនចាំបាច់មានគណបក្សថ្មីទេ ពីព្រោះថា គណបក្សសមរង្ស៊ីកំពុងតែមានឈ្មោះបោះសំឡេង ហើយយើងកំពុងតែធ្វើការយ៉ាងមមាញឹក ទាំងនៅរដ្ឋសភា ទាំងនៅមូលដ្ឋាន ហើយទាំងនៅក្នុងកិច្ចការក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌ និងឃុំទាំងអស់។ យើងមានប្រជាពលរដ្ឋគាំទ្រជិតពីរលានសំឡេង ជាមួយនឹងកៅអីនៅក្នុងរដ្ឋសភា២៦កៅអី ហើយសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ រហូតដល់ជិត៦០០ ហើយមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់យើងជិត៣ពាន់នាក់ ដូច្នេះយើងមានស្រាប់ហើយ ហើយបើសិនជាគណបក្សណាចង់មកចូលរួមជាមួយគណបក្សសមរង្ស៊ី យើងបើកទ្វារចំហដោយគ្មានលក្ខខណ្ឌ»។
លោកបានថ្លែងបន្តទៀតថា គណបក្សសមរង្ស៊ីមានគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ហើយប្រសិនបើមានការចូលរួមនោះ ក៏ត្រូវសិក្សារួមគ្នាអំពីចំណុចដែលត្រូវកែប្រែរកចំណុចល្អមួយ។ លោកថ្លែងបញ្ជាក់ថា បើទោះជាយ៉ាងណា គណបក្សសមរង្ស៊ី គឺជាបក្សដែលដើរជួរមុខក្នុងការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា គណបក្សដែលបានអះអាងថា ជាអ្នកដែលកាន់លទ្ធិប្រជាធិបតេយ្យ ដោយរួមមានគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្សនរោត្តមរណឫទ្ធិ និងគណបក្សហ៊្វុនស៊ីនប៉ិច បានរួមគ្នាម្តងរួចមកហើយ ក្រោយពេលបោះឆ្នោតសភាជាតិ ដោយប្រកាសមិនទទួលស្គាលលទ្ធផលបោះឆ្នោត ប៉ុន្តែក្រោយមកគណបក្សហ៊្វុនស៊ីនប៉ិច បានដកខ្លួន ដោយចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកាន់អំណាចវិញ ហើយចំណងរួមគ្នាក៏ត្រូវគេឃើញថា មានភាពរប៉ាត់រប៉ាយមកទល់បច្ចុប្បន្ន៕