អង្គការ​សិទ្ធិមនុស្ស​ខ្មែរ សុំ​ឱ្យ​រដ្ឋាភិបាល​ការពារ​ពលរដ្ឋ​​ពី​ការ​បាញ់​សម្លាប់​របស់​ថៃ

អ្នក​ដឹកនាំ និង​បុគ្គលិក​របស់​អង្គការ​សិទ្ធិមនុស្ស​នានា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ទាហាន​ថៃ​បន្ត​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ចូល​ដី​ថៃ​ខុស​ច្បាប់។

0:00 / 0:00

លោក អ៊ូ វីរៈ ជា​ប្រធាន​មជ្ឈមណ្ឌល​ការពារ​សិទ្ធិមនុស្ស​កម្ពុជា។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២៦ កុម្ភៈ​ថា ទាហាន​ថៃ​ដែល​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់ ដើម្បី​ទៅ​ធ្វើ​ការ​ទៅ​រក​ស៊ី​នៅ​ក្នុង​ដី​ថៃ ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ និង​រំលោភ​សិទ្ធិមនុស្ស​ហើយ។

លោក អ៊ូ វីរៈ៖ «និយាយ​ទៅ សូម្បី​តែ​អ្នក​អន្តោប្រវេសន៍​ខុស​ច្បាប់ ក៏​គេ​ការពារ​ដែរ។ គ្រាន់​តែ​ថា ក្នុង​ប្រទេស​និមួយៗ គេ​មាន​ច្បាប់​ដើម្បី​ការពារ​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន។ ប៉ុន្តែ ច្បាប់​ទាំង​ឡាយ​នោះ មិន​អាច​មាន​ដល់​ថ្នាក់​បាញ់​សម្លាប់​បាន នៅ​កន្លែង​អ៊ីចឹង​បាន​ទេ។ អត់​មាន​ច្បាប់​អន្តរជាតិ​មួយ​ណា គេ​ឲ្យ​បាញ់​សម្លាប់​អ៊ីចឹង​បាន​ទេ។ ហើយ​ការ​បាញ់​សម្លាប់​ខ្មែរ​យើង ដែល​ចូល​ទៅ​កាប់​ឈើ​ ខុស​ច្បាប់​ក៏​ដោយ។ មូលហេតុ​អី​ផ្សេង​ក៏​ដោយ ក៏​អត់​មាន​ច្បាប់​ផ្សេង​ឲ្យ​ធ្វើ​អ៊ីចឹង​បាន​ទេ»។

លោក អ៊ូ វីរៈ បាន​លើក​ឡើង​ថា បើ​គ្រាន់​តែ​ឆ្លង​ដែន​ខុស​ច្បាប់​នោះ មិន​មាន​ទោស​ដល់​ថ្នាក់​ត្រូវ​បាញ់​សម្លាប់​ចោល​ឡើយ។ ទាហាន ឬ​ឆ្មាំ​ព្រំដែន​ថៃ អាច​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ទាំង​នោះ ដើម្បី​ផាក​ពិន័យ ឬ​យក​ទៅ​កាត់​ទោស​តាម​ច្បាប់​ថៃ​បាន​កំណត់។ ជា​ពិសេស ប្រទេស​ថៃ និង​ខ្មែរ ដែល​មាន​ព្រំដែន​ជាប់​គ្នា អាច​មាន​កិច្ចព្រមព្រៀង​ទ្វេ​ភាគី ក្នុង​បញ្ហា​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់​នេះ ដើម្បី​សម្រួល​គ្នា​បាន​ទៀត​ផង។

លោក អ៊ូ វីរៈ បាន​អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ធ្វើ​សកម្មភាព​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ថែម​ទៀត ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​បាញ់​សម្លាប់​នេះ កើត​មាន​ត​ទៅ​ទៀត។ លោក​ថ្លែង​ថា បើ​មាន​ការ​បាញ់​សម្លាប់​មនុស្ស​ហើយ ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​កំណត់​ហេតុ​តវ៉ា​ការ​ទូត​ទៅ​ប្រទេស​ថៃ ហើយ​គេ​នៅ​តែ​បន្ត​បាញ់​សម្លាប់​ទៀត​នោះ មន្ត្រី​ខ្មែរ​ត្រូវ​តែ​រក​វិធី​ថ្មី​ហើយ។ ជា​ពិសេស​ឆ្នាំ ២០១២ នេះ ប្រទេស​កម្ពុជា ជា​ប្រធាន​សមាគម​ប្រទេស​អាស៊ាន ដែល​មាន​ប្រទេស​ថៃ​ជា​សមាជិក​ផង​ដែរ។

លោក អ៊ូ វីរៈ៖ «ប្រទេស​កម្ពុជា តាម​ពិត​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​នោះ អាច​ដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ អ.ស.ប ដើម្បី​សើរើ​បញ្ហា​ប្រទេស​ថៃ​នេះ។ ហើយ​ឲ្យ​មាន​យន្តការ​អន្តរជាតិ ទប់​កុំ​ឲ្យ​ប្រទេស​ថៃ​រំលោភ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ករណី​នេះ​បាទ»។

អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​សិទ្ធិមនុស្ស​មួយ​រូប​ទៀត គឺ​លោក ចាន់ សុវ៉េត ជា​អ្នក​អង្កេត​របស់​សមាគម​ ការពារ​សិទ្ធិមនុស្ស​ឈ្មោះ អាដហុក។ លោក​បាន​លើក​ឡើង​ថា រឿង​ក្រសួង​ការ​បរទេស​កម្ពុជា​ធ្វើ​កំណត់​ហេតុ​ការ​ទូត​តវ៉ា​រឿង​ទាហាន​ថៃ​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ វា​ដូច​ជា​ដដែលៗ ម្ដង​ហើយ​ម្ដង​ទៀត មិន​មាន​ប្រសិទ្ធភាព​ឡើយ។

លោក អ៊ូ វីរៈ៖ «ខ្ញុំ​គិត​ថា អា​រឿង​ធ្វើ​កំណត់​ទូត​នោះ វា​ជា​រឿង​ហួស​សម័យ​ហើយ។ ត្រូវ​រក​មធ្យោបាយ​ល្អ​ជាង​នឹង»។

លោក ចាន់ សុវ៉េត មាន​យោបល់​ថា បើ​ប្រទេស​កម្ពុជា​តែ​មួយ និយាយ​ជា​មួយ​ប្រទេស​ថៃ គេ​មិន​ស្ដាប់​ទេ គេ​នៅ​តែ​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ដដែល។ មាន​តែ​ប្រទេស​ខ្មែរ សុំ​ឲ្យ​អន្តរជាតិ ឬ​ប្រទេស​ជា​ច្រើន​ជួយ​និយាយ​កុំ​ឲ្យ​ទាហាន​ថៃ​បាញ់​សម្លាប់​មនុស្ស​បែប​នេះ​តទៅ​ទៀត។

លោក ចាន់ សុវ៉េត សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ចាត់ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​រឿង​ទប់​ស្កាត់​ទាហាន​ថៃ ដែល​បន្ត​បាញ់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​នោះ។ ជា​មួយ​នេះ​ដែរ​លោក សុវ៉េត សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ស៊ើបអង្កេត មាន​ទិន្នន័យ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​នោះ។

លោក ចាន់ សុវ៉េត៖ «ទាក់ទង​បញ្ហា​នេះ ទាល់​តែ​ភ្នាក់ងារ​រដ្ឋាភិបាល​យើង​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ ម៉ត់ចត់​សិន​ថា ពិត​ប្រាកដ​មាន​ការ​បាញ់​សម្លាប់​ពិត​ប្រាកដ​មែន​អ៊ីចឹង​ឬ​អត់? ហើយ​ការ​បាញ់​សម្លាប់​នោះ អាច​បណ្ដាល​មក​ពី​អី​ខ្លះ? ប្រទេស​យើង​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់​សិន។ មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​របួស និង​ស្លាប់។ បើ​ធ្វើ​ត្រឹម​តែ​កំណត់​ទូត​អ៊ីចឹង វា​មិន​មាន​ប្រសិទ្ធភាព​ទេ»។

លោក ចាន់ សុវ៉េត បាន​ឲ្យ​ដឹង​ថា របាយការណ៍​ដែល​លោក​ទទួល​បាន​ពី​បណ្ដាល​ការងារ​អង្គការ អាដហុក នៅ​តាម​បណ្ដា​ខេត្ត បាន​ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក​ទល់​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៨ នាក់ បាន​ស្លាប់​ដោយសារ​ទាហាន​ថៃ​បាញ់​សម្លាប់។ ជា​ពិសេស នៅ​ខេត្ត​ឧត្តរមានជ័យ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​លោក កុយ គួង មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​លោក ផៃ ស៊ីផាន មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ទាក់ទង​រឿង​ទាហាន​ថៃ​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ក្នុង​ខែ​កុម្ភៈ​នេះ​បាន​ឡើយ។

ប្រជាពលរដ្ឋ​មួយ​រូប​សុំ​មិន​ចេញ​ឈ្មោះ រស់​នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​និយាយ​ថា ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន​ខ្មែរ ថៃ នៅ​ម្ដុំ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​មួយ​ចំនួន ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ដោយសារ​តែ​គាត់​ច្រើន​នាំ​គ្នា​ឆ្លង​ដែន​ចូល​ដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​យក​មក​លក់ ពីព្រោះ​ឈើ​គ្រញូង ជា​ប្រភេទ​ឈើ​ប្រណិត ហើយ​មាន​ឈ្មួញ​រក​ទិញ ដោយ​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់​ទៀត​ផង។

សំឡេង​ពលរដ្ឋ​លាក់​ឈ្មោះ៖ «ពួក​នេះ​ចូល​ទៅ​រក​គ្រញូង​អេតចាយ​ណា​បង។ អា​គ្រញូង​កូន​ក្រឡឹង​យើង។ អា​តូចតាច​នោះ​ណា​បង។ មិន​មែន​ទៅ​រក​អុស​ឈើ​ធំ​ទេ»។

ប្រភព​ឈ្មួញ​លក់ និង​ទិញ​ឈើ​សុំ​មិន​ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ឈើ​គ្រញូង បើ​មាន​ដើម​តូចៗ គេ​គិត​ថ្លៃ​ដោយ​ថ្លឹង​ជញ្ជីង​គិត​ជា​គីឡូ​ក្រាម។ ឈើ​គ្រញូង​តូចៗ ក្នុង​មួយ​គីឡូក្រាម មាន​តម្លៃ​ចាប់​ពី ២ ដុល្លារ​អាមេរិក​ឡើង​ទៅ​រហូត​ដល់ ៤ ដុល្លារ​អាមេរិក។ ចំពោះ​ឈើ​គ្រញូង​ប្រភេទ​មាន​ទំហំ​ធំ មាន​មុខ​កាត់​ចាប់​ពី ២០ សង់ទីម៉ែត្រ ឬ​ភាសា​សាមញ្ញ​ថា ២ តឹក​ឡើង​ទៅ និង​មាន​កម្រាស់​ក្រាស់ គេ​គិត​ជា​ម៉ែត្រគីប។ ឈើ​គ្រញូង គិត​ជា​ម៉ែត្រ​គីប មាន​តំលៃ​ចាប់​ពី ១.០០០ ដុល្លារ​ឡើង​ទៅ។

ប្រទេស​កម្ពុជា និង​ថៃ កំពុង​មាន​ទំនាស់​គ្នា​លើ​រឿង​ខ្សែ​បន្ទាត់​កំណត់​ព្រំដែន។ ជា​ពិសេស នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក្នុង​ខេត្ត​ព្រះវិហារ និង​នៅ​តំបន់​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តា​មាន់ នៅ​ខេត្ត​ឧត្តរ​មានជ័យ​ជាដើម។

អាជ្ញាធរ​ខ្មែរ​ក៏​ធ្លាប់​ចាប់​បាន​ប្រជាពលរដ្ឋ​ថៃ​ឆ្លង​ដែន​ខុស​ច្បាប់ ចូល​មក​ដី​ខ្មែរ​ដែរ។ តែ​អាជ្ញាធរ​ខ្មែរ​មិន​ដែល​បាញ់​សម្លាប់​ឡើយ។ ឧទាហរណ៍ ដូច​ជា​ករណី​លោក វីរៈស៊ុមខ្វាមឃីត (Veera Somkwamkid) និង​អ្នកស្រី រ៉ាទ្រី ពីប៉ាតាណា ប៉ៃប៊ូន (Ratree Pipatanapaiboon) ដែល​ជា​សមាជិក​ក្រុម​មេ​ដឹកនាំ​ពួក​អាវ​លឿង​នៅ​ប្រទេស​ថៃ។ អាជ្ញាធរ​ខ្មែរ បាន​បញ្ជូន​អ្នក​ទាំង​ពីរ​រូប​នោះ ទៅ​តុលាការ​ខ្មែរ ដើម្បី​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​តាម​ច្បាប់​ខ្មែរ។

ក្រៅ​ពី​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​លួច​ឆ្លង​ដែន​ចូល​ដី​ថៃ​កាប់​ឈើ ទាហាន និង​អាជ្ញាធរ​ថៃ ក៏​ ធ្លាប់​បាន​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​មក​ប្រទេស​ខ្មែរ​វិញ​ជា​ញឹកញយ​ដែរ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ ចូល​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់ ដើម្បី​ធ្វើ​ជា​កម្មករ​សំណង់ ធ្វើ​កម្មករ​នេសាទ​តាម​ទូក​នៅ​សមុទ្រ ធ្វើ​ការ​តាម​កសិដ្ឋាន​ឯកជន និង​ខ្លះ​ជា​អ្នក​សុំទាន​នៅ​តាម​ទី​ប្រជុំ​ជន​នានា។ល។

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស អាដហុក បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ ២០១១ កន្លង​ទៅ យ៉ាង​ហោច​ណាស់ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៥ នាក់ ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ត្រូវ​ថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ៕