សង្គម​ស៊ីវិល​ពិភាក្សា​ដើម្បី​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​តាម​សហគ្រាស

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​កម្ពុជា កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​តាម​ក្រុមហ៊ុន​រក​ស៊ី​ធុន​ធំ និង​មធ្យម​នៅ​កម្ពុជា ព្រោះ​យល់​ថា នៅ​តាម​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ ក៏​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ផង​ដែរ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​ជា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ក្នុង​ចំណោម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ផ្ដេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អង្គការ​នេះ​កំពុង​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ទាក់ទាញ​ម្ចាស់​ក្រុមហ៊ុន​ឯកជន សហគ្រាស​ធំ តូច​នានា ឲ្យ​អនុវត្ត​គម្រោង​មួយ​ដែល​អង្គការ​នេះ​ហៅ​ថា «អាជីវកម្ម និង សិទ្ធិ​មនុស្ស» ដែល​ចាត់​ទុក​ថា ជា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​នីមួយៗ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ថា មន្ត្រី​អង្គការ​លោក​បាន​ជួប​ប្រជុំ​ពិភាគ្សា​ជាមួយ​មន្ត្រី​ទូត ដំណាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នានា និង​មន្ត្រី​រដ្ឋាភិបាល នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មិថុនា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដើម្បី​បញ្ជូល​កម្មវិធី​នេះ​នៅ​តាម​ក្រុមហ៊ុន។ លោក​ថា ​ប្រធានបទ​រក្សា​បរិស្ថាន និង​ការ​គោរព​សមធម៌​ពាណិជ្ជកម្ម ឬ​ការ​ទទូល​ផល​ពាណិជ្ជកម្ម​ស្មើ​ភាព​គ្នា​សម្រាប់​មនុស្ស​ទូទៅ​ ក៏​បាន​ដាក់​ចូល​ក្នុង​គម្រោង​នេះ​ដែរ។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ៖ «បើ​សិន​ជា​និយាយ​ពី​ការ​គោរព និង​ការ​រំលោភ​សិទ្ធិ​មនុស្ស វា​មាន​ក្រុមហ៊ុន​ដែល​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ទាក់​ទង​នឹង​កម្មករ​ផង ទាក់ទង​សង្គម និង​បរិស្ថាន​ជុំវិញ​គាត់​ផង។ ក្រុមហ៊ុន​ដែល​កាប់​ព្រៃ​ឈើ ក្រុមហ៊ុន​រក​រ៉ែ បំផ្លាញ​ដល់​សង្គម ដល់​បរិស្ថាន​ទឹក​ស្អាត​របស់​អ្នក​ភូមិ ក្រុមហ៊ុន​ដែល​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ជាដើម។ ប៉ុន្តែ​អ្វី​ដែល​ពួក​ខ្ញុំ​ចង់​ធ្វើ​ហ្នឹង គឺ​ចង់​ឆ្លុះ​បញ្ចាំង​ផង​ដែរ​ថា មាន​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត ដែល​គាត់​ប្ដេជ្ញា​ចិត្ត​គោរព​សិទ្ធិ ដើម្បី​ទទួល​ជោគ​ជ័យ​ក្នុង​អាជីវកម្ម​របស់​គាត់​ផង ហើយ​ចូល​រួម​កសាង​សង្គម​ជាតិ​យើង​ផង»

កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយសារ​មាន​ការ​សិក្សា​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តាម​ក្រុមហ៊ុន សហគ្រាស សិប្បកម្ម​នានា ដូចជា បង្ខំ​បុគ្គលិក កម្មករ ធ្វើការ​លើស​ម៉ោង ចាក់​សោ​កម្មករ​ក្នុង​បន្ទប់​បង្ខំ​ឲ្យ​ធ្វើការ បង្ខំ​ឲ្យ​ធ្វើការ​ក្នុង​កន្លែង​ជាតិ​គីមី​ពុល ហើយ​ក្រុមហ៊ុន​ខ្លះ​បាន​រំលោភ​យកដី​ប្រជាជន បណ្តេញ​ប្រជាជន​ចេញ​ពីលំនៅ ​​កាប់​បំផ្លាញ​ព្រៃឈើ រុករក​រ៉ែ បំផ្លាញ​បរិស្ថាន ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​អ្នកស្រុក​រស់​នៅ​ជុំវិញ​ក្រុមហ៊ុន​ជាដើម។

មន្ត្រី​គម្រោង​នៃ​កម្មវិធី​នេះ លោក ចក់ សុភី បញ្ជាក់​បន្ថែម ៖ «ប្រជាជន​កម្ពុជា​យើង​មួយ​ចំនួន​មិន​បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នោះ​នៅ​ឡើយ​ទេ ជា​រឿយៗ ប្រជាជន​កម្ពុជា បែរ​ជា​ទទួល​ឥទ្ធិពល​អវិជ្ជមាន ដោយសារ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទាំង​នោះ ដូចជា​ការ​គំរាម​កំហែង ការ​បាត់​បង់​ការងារ ដីធ្លី ផ្ទះ​សម្បែង ឬ​បាត់​បង់​សិទ្ធិ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ជាដើម...។ មួយ​ទៀត ដូច​ជា​ផ្នែក​ខាង​រោងចក្រ ដែល​ម្ចាស់​រោងចក្រ​បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើការ​លើស​ម៉ោង...»

មន្ត្រី​តំណាង​រដ្ឋាភិបាល លោក​ឧត្ដមសេនីយ៍ ប៉ោ ភក្តិ ប្រធាន​នាយកដ្ឋាន​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នោះ បាន​គាំទ្រ​គម្រោង​នេះ ហើយ​បាន​អះអាង​ថា គម្រោង​នេះ​ល្អ ហើយ​ស្រប​ទៅ​នឹង​គោលការណ៍​អភិវឌ្ឍន៍​របស់​​រដ្ឋាភិបាល​សព្វ​ថ្ងៃ។

លោក ប៉ោ ភក្ដិ មាន​ប្រសាសន៍​ដូច្នេះ ៖ «ថ្មី​បន្តិច​សម្រាប់​បរិបថ​ខាង​កម្ពុជា​យើង ទោះ​បី​យើង​បាន​ធ្វើ​កន្លង​មក​ដោយ​មិន​ដឹង​ខ្លួន​ក៏ដោយ ប៉ុន្តែ​វា​ជា​រឿង​ដែល​គេ​បាន​ជជែក​គ្នា​នៅ​ប្រទេស​ផ្សេងៗ។ ខ្ញុំ​គិត​ថា នេះ​ក៏​វា​ស្រប​នឹង​ការងារ​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​ដែរ ព្រោះ​យើង​ចង់​ជំរុញ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​មូលដ្ឋាន ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អី»

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ត្អូញត្អែរ​ថា គេ​កម្រ​ឃើញ​មាន​ក្រុមហ៊ុន​ឯកជន​គិត​គូរ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស រក្សា​បរិស្ថាន និង​ចេះ​ពិចារណា​អំពី​សិទ្ធិ​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​ផល​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃ។ ​ផ្ទុយ​ទៅ​វិញ ​ក្រុមហ៊ុន​នីមួយៗ​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ពិសេស​ម្ចាស់​ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​តែម្ដង។

លោក ចក់ សុភី បន្ត​ថា ៖ «កម្មករ​រោងចក្រ​ខ្លះ​គាត់​ត្រូវ​បាន​ចាក់​សោ​ឲ្យ​ធ្វើការ​នៅ​ក្នុង​រោងចក្រ បង្ខំ​ឲ្យ​ធ្វើការ​ហួស​ម៉ោង ហើយ​សហគ្រាស​មួយ​ចំនួន​ដែល​គាត់​ផលិត​កាក​សំណល់​ផ្សេងៗ មាន​ជាតិ​ពុល ហើយ​ហូរ​ទៅ​បំពុល​ទន្លេ ប៉ះពាល់​ដល់​សហគមន៍ ដូច​ជា​ផ្នែក​នេសាទ​ត្រី​ផង​ដែរ។ មួយ​ទៀត គឺ​កម្មករ​ខ្លះ​ត្រូវ​បាន​មិន​ឲ្យ​បង្កើត​ជា​សហគមន៍ និង​និយាយ​ពី​ការ​រំលោភ​សិទ្ធិ​ពី​ថៅកែ​របស់​គាត់​ហ្នឹង។ នៅ​ក្រុមហ៊ុន​កសិកម្ម​ខ្លះ បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​ជាមួយ​ជាតិ​គីមី​ដែល​មាន​គ្រោះ​ថ្នាក់​ដោយ​គ្មាន​ប្រដាប់​ការពារ។ ទាំង​អស់​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ»

របាយការណ៍​របស់​ក្រសួង​ផែនការ​ដែលបាន​ធ្វើ​ជំរឿន​​​ឆ្នាំ​​២០០៩ ក្រោម​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ជប៉ុន និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន JICA បង្ហាញ​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​សហគ្រាស​ក្រុមហ៊ុន​ទាំង​​តូច​ធំ​ចំនួន ៥​សែន និង​មាន​​បុគ្គលិក កម្មករ​ ទាំង​ពីរ​ភេទ​សរុប​​ចំនួន​ជាង ១​លាន​៥​សែន​នាក់។

យ៉ាង​ណាក្តី ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ មាន​ក្រុមហ៊ុន​មួយ​ដែល​ក្រុម​សិទ្ធិមនុស្ស រួម​ទាំង​រដ្ឋាភិបាល​ផង​ដែរ បាន​កោត​សសើរ និង​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ធនាគារ​មួយ​ឈ្មោះ អេស៊ីលីដា គឺ​ជា​ក្រុមហ៊ុន​ល្អ​ជាង​គេ បាន​គោរព​សិទ្ធិ​មនុស្ស គោរព​ច្បាប់​ការពារ​បរិស្ថាន និង​ផ្ដល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ស្មើៗ​ភាព​គ្នា​ដល់​បុគ្គលិក និង​សង្គម​ជាតិ​ផង​ដែរ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា លោក អ៊ិន ចាន់នី អះអាង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ធនាគារ អេស៊ីលីដា បាន​ជោគជ័យ​កន្លង​មក ​គឺ​ដោយសារ​ធនាគារ​នេះ​គោរព​គោលការណ៍​បី​សំខាន់​គឺ គោរព​សិទ្ធិ​មនុស្ស រក្សា​បរិស្ថាន និង​ចែក​ចាយ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ប្រកប​ដោយ​សមធម៌។

លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា ៖ «តាម​ពិត​គ្រប់​អាជីវកម្ម​ទាំង​អស់ មូលដ្ឋាន​របស់​គេ​គឺ​ចង់​ចំណេញ​ហើយ ក៏​ប៉ុន្តែ​ត្រូវ​គិត​អំពី​មនុស្ស​ដែល​ពាក់ព័ន្ធ មាន​ទាំង​បុគ្គលិក កម្មករ និយោជិក របស់​ស្ថាប័ន​ខ្លួន​ឯង​ហ្នឹង​ផង អតិថិ​ជន​ដែល​ខ្លួន​ឯង​ធ្វើការ​ជាមួយ​ផង ហើយ​សាធារណជន​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ផង។ ចំណុច​ទី​៣ គឺ​ទាក់ទង​នឹង​ផែនដី​ដែល​យើង​រស់​នៅ​ទាំង​អស់​គ្នា ជួនកាល​អាជីវកម្ម​ខ្លះ​ដែល​ជា​ដៃគូ​របស់​ស្ថាប័ន​យើង គាត់​ប្រកប​របរ​ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន ទៅ​ដល់​អី​ហ្នឹង ក៏​យើង​ត្រូវ​គិត​ដែរ។ អ៊ីចឹង​ទាំង​នេះ​ខ្ញុំ​គិត​ថា ជា​ចំណុច​សំខាន់​ណាស់»

ទាក់ទង​ទៅ​នឹង​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​នៅ​តាម​ក្រុមហ៊ុន​សហគ្រាស​នានា​នេះ មន្ត្រី​គម្រោង​របស់​មជ្ឈមណ្ឌល​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ចក់ សុភី មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន​តិច​នៅ​ឡើយ​ទេ ហើយ​មាន​គម្រោង​ធ្វើការ​ជា​មួយ​ក្រុមហ៊ុន​ធំ​និង​ មធ្យម នៅ​ជំហាន​ទី​១​ និង​បន្ត​ធ្វើ​ជា​មួយ​ក្រុមហ៊ុន និង​សិប្ប​កម្មតូចៗ​នៅ​ជំហាន​ទី​ពីរ។ លោក​បន្ថែម​ថា គេ​នឹង​ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ណា​ដែល​បាន​ធ្វើ​ល្អ គឺ​គោរព​លក្ខខណ្ឌ​ទាំងបី​ខាង​លើ នឹង​ត្រូវ​បាន​គេ​គោរព ​និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​លើ​ទីផ្សារ​ពាណិជ្ជកម្ម៕