ក្នុងពិធីរំឭកខួបទិវាសិទ្ធិមនុស្សលើកទី ៦៤ ឆ្នាំ ២០១២ ដែលគេធ្វើនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ គេបានផ្ដោតលើប្រធានបទសំខាន់មួយថា "ធុរកិច្ច និងសិទ្ធិមនុស្ស"។ ប្រធានបទនេះ គឺមានអត្ថន័យសំដៅលើការលើកស្ទួយសិទ្ធិមនុស្ស នៅក្នុងវិស័យធ្វើជំនួញ ឬពាណិជ្ជកម្ម និងការអភិវឌ្ឍន៍នានា នៅប្រទេសកម្ពុជា។

តំណាងក្រុមអង្គការសង្គមស៊ីវិល ដែលរៀបចំពិធីរំឭកទិវាសិទ្ធិមនុស្សអន្តរជាតិ លោក ធន សារ៉ាយ ថ្លែងឱ្យដឹងនៅក្នុងពិធីបើកកម្មវិធីថា សហគមន៍អន្តរជាតិសម្រេចយកប្រធានបទថា "ការរួមបញ្ចូល និងការចូលរួមក្នុងកិច្ចការសាធារណៈ"។ ដោយឡែក នៅប្រទេសកម្ពុជា លោក ធន សារ៉ាយ ថ្លែងថា ក្រុមអង្គការសង្គមស៊ីវិល លើកយកប្រធានបទ ធុរកិច្ច និងសិទ្ធិមនុស្ស ពីព្រោះធុរជន ឬអ្នកធ្វើជំនួញ អ្នកគ្រប់គ្រងសហគ្រាស រោងចក្រផលិតទំនិញ និងសេវាសម្រាប់បម្រើសេដ្ឋកិច្ច គឺជាអ្នកមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសង្គមកម្ពុជាបច្ចុប្បន្ន។
លោក ធន សារ៉ាយ៖ «ឆ្នាំនេះ យើងចង់ធ្វើយុទ្ធនាការឱ្យក្រុមមនុស្សដ៏សំខាន់ទាំងនេះ មានការទទួលខុសត្រូវ និងចូលរួមកិច្ចការសាធារណៈឱ្យរឹតតែប្រសើរឡើងថែមទៀត ពីព្រោះថា បើគិតតែការរកប្រាក់ចំណេញសម្រាប់ខ្លួន ដោយមិនគិតពីផលប៉ះពាល់សង្គម និងបរិស្ថាន ដែលជាផលវិបាកនៃធុរកិច្ចនោះទេ នុះសង្គមនឹងជួបប្រទះនូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យមានអស្ថិរភាពសង្គម និងនយោបាយ ទៅអនាគតជាក់ជាមិនខានឡើយ»។
លោក ធន សារ៉ាយ មានប្រសាសន៍ទៀតថា បើអ្នកធ្វើជំនួញមិនមានការទទួលខុសត្រូវ ហើយមានអស្ថិរភាព នយោបាយ និងសង្គមកើតឡើង អ្នកជំនួញក៏នឹងទទួលរងការប៉ះពាល់ដូចគ្នាដែរ ដូចប្រវត្តិសាស្ត្រមនុស្សជាតិថ្មីៗ ប្រវត្តិសាស្ត្រកម្ពុជាកន្លង បានបង្ហាញរួចមកហើយ។
ក្នុងទិសដៅជំរុញឱ្យមានការគោរព និងចៀសវាងការរំលោភសិទ្ធិមនុស្សនៅក្នុងផ្នែកធុរកិច្ច ឬមុខជំនួញ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានសម្រេចលើគោលការណ៍ណែនាំមួយ ស្ដីពីធុរកិច្ច និងសិទ្ធិមនុស្សនេះឡើង កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្មាំ ២០១១។
លោកថ្លែងបន្តថា នៅក្រោមគោលការណ៍ណែនាំនេះ រដ្ឋត្រូវមានតួនាទីការពារប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស ដោយភាគីក្នុងធុរកិច្ចនេះ ដូចជា ការរំលោភសិទ្ធិរបស់កម្មករ និងការរំលោភសិទ្ធិកាន់កាប់ដីធ្លីផ្ទះសម្បែងរបស់ពលរដ្ឋជាដើម។ រដ្ឋ ត្រូវបង្កើតឱ្យមានច្បាប់ និងយន្តការផ្សេងៗ ដើម្បីទប់ស្កាត់រាល់ការរំលោភសិទ្ធិមនុស្ស។
លោក ធន សារ៉ាយ៖ «រដ្ឋត្រូវដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ដល់សហគ្រាសណា ដែលនៅតែផ្គើនរំលោភសិទ្ធិកម្មករកម្មការិនី ឬរដ្ឋត្រូវតែដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឬអាជីវកម្មរ៉ែណា ដែលមិនគោរពលក្ខខណ្ឌសំខាន់ៗ ដែលមានក្នុងកិច្ចសន្យា ដូចនៅតែរំលោភបំពានលើសិទ្ធិដីធ្លី ផ្ទះសម្បែងរបស់សហគមន៍ជនរងគ្រោះជាដើម»។
លោកបញ្ជាក់ថា ការទទួលខុសត្រូវរបស់ធុរជន លើការរំលោភសិទ្ធិមនុស្ស គឺត្រូវធ្វើឡើងក្រៅ និងក្នុងប្រព័ន្ធយុត្តិធម៌ ហើយការដកហូតដីធ្លី ដើម្បីគម្រោងអភិវឌ្ឍន៍ណាមួយ មិនត្រូវផ្ដល់តែដីដល់ជនរងគ្រោះប៉ុណ្ណោះទេ គឺត្រូវផ្ដល់សំណង ដែលប៉ះពាល់ផ្សេងទៀតផង ដូចផលដំណាំជាដើម។
នៅក្នុងទិវាសិទ្ធិមនុស្សនេះ តំណាងសហគមន៍ដីធ្លីមួយរូប មកពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺអ្នកស្រី ថោង យាន មានប្រសាសន៍ថា ការអភិវឌ្ឍនៅកម្ពុជាបច្ចុប្បន្ន មានពលរដ្ឋមួយចំនួនបាត់បង់ដីធ្លី និងផ្ទះសម្បែង ដោយសារតែការបណ្ដេញ។ បញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរងគ្រោះ។
អ្នកស្រី ថោង យាន៖ «បញ្ហាទាំងនេះមានជាអាទិ៍ ការបណ្ដេញចេញដោយបង្ខំ ដោយគ្មានសំណងសមរម្យ ដោយយុត្តិធម៌ ខ្វះការពិគ្រោះយោបល់ជាសាធារណៈឱ្យបានត្រឹមត្រូវមុននឹងអនុវត្តន៍គម្រោង ដែលនាំឱ្យបាត់បង់ដីធ្លី និងលំនៅឋាន ការបណ្ដេញចេញទាំងនេះ នាំទៅដល់ការបាត់បង់ជីវភាពប្រចាំថ្ងៃ ប៉ះពាល់ដល់អនាគតកូនចៅ និងជំពាក់បំណុលគេ បាត់បង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ប៉ះពាល់ផ្លូវចិត្តរបស់កុមារ និងស្ត្រី ហើយទីបំផុតប្រជាពលរដ្ឋក្រីក្រ»។
មានកម្មការិនីរោងចក្រនៅក្រុងបាវ៉ិត ខេត្តស្វាយរៀង និងជនជាតិដើមភាគតិចសួរ នៅខេត្តកំពង់ស្ពឺ ឡើងថ្លែងអំពីការរងគ្រោះរបស់ខ្លួន ដោយសារតែការរំលោភសិទ្ធិមនុស្ស ពីការអភិវឌ្ឍដែរ។
ក្រៅពីការពីការលើកឡើងបញ្ហាទាំងនេះ ក្រុមអង្គការសង្គមស៊ីវិល ក៏បានផ្ដល់អនុសាសន៍ចំនួន ១២ ចំណុច ដើម្បីជាដំណោះស្រាយផងដែរ។
ថ្លែងនៅក្នុងឱកាសនេះដែរ តំណាងអង្គទូត និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា សុទ្ធតែបានទាញការយកចិត្តទុកដាក់លើកាគោរព និងជំរុញឱ្យមានការលើកស្ទួយសិទ្ធិមនុស្ស នៅកម្ពុជា ដើម្បីឱ្យស្របតាមប្រធានបទ "ធុរកិច្ច និងសិទ្ធិមនុស្ស" នេះ។
ទិវាសិទ្ធិមនុស្សលើកទី ៦៤ ដែលប្រារព្ធធ្វើនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១២ នេះ គឺជាការរំឭកដល់កិច្ចខិតខំរបស់មនុស្សជាតិលើពិភពលោក ដែលនាំឱ្យមានការគោរពសិទ្ធិមនុស្ស អស់រយៈពេល ៦៤ ឆ្នាំមកហើយ គឺចាប់តាំងពីថ្ងៃទី ១០ ធ្នូ ឆ្នាំ ១៩៤៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
