មន្ត្រី​WHO​៖ ការ​ឆ្លង​មេរោគ​A​(H1N1)​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​មិន​ធ្ងន់ធ្ងរ

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) មាន​ប្រសាសន៍​នៅ​ថ្ងៃ​៣០ មិថុនា​នេះ ថា ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ និង​មន្ត្រី​ជាន់​ខ្ពស់ ៥​នាក់​ទៀត មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​អាច​ដាក់​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រកាស​អាសន្ន​នោះ​ទេ។

លោក​ស្រី ម៉ារៀ ខុនសេបសិន រូសស៊ីស (Maria Concepcion Roces) មន្ត្រី​អង្គការ​សុខភាព​ពិភពលោក បាន​អះអាង​ថា ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី​នេះ​បាន​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​ជំងឺ​គ្រុន​ផ្ដាសាយ ​ធម្មតា​តាម​រដូវ​ទៅ​វិញ​ហើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ បាន​ប្រកាស​ថា លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា, ឧប​នាយក​រដ្ឋមន្ត្រី យឹម ឆៃលី, ទេស​រដ្ឋមន្ត្រី ឆាយ ថន និង​លោក តាវ សេងហួរ ក៏​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី​នេះ​ដែរ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា។ ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) នេះ បាន​បង្ខំ​ឲ្យ​លោក ហ៊ុន សែន មិន​អាច​ចូលរួម​ពិធី​ខួប​កំណើត​លើក​ទី​៥៩ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​លុប​ចោល​កម្មវិធី​ការងារ​មួយ​ចំនួន​ទៀត។

លោក​ស្រី ម៉ារៀ ខុនសេបសិន រូសស៊ីស បន្ថែម​ថា តាំង​ពី​ខែ​មករា មក​ទល់​នឹង​ខែ​មិថុនា​នេះ មិន​ទាន់​មាន​ករណី​ស្លាប់ ដោយសារ​ជំងឺ​ផ្ដាសាយ​ថ្មី​នេះ​នៅ​ឡើយ​ទេ។ លោក​ស្រី​ថា តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០០៨ មក​ដល់​នឹង​ខែ​មិថុនា ឆ្នាំ​២០១០​នេះ មាន​ករណី​ជំងឺ​នេះ​ចំនួន ៥៩១​ករណី ហើយ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ៦​នាក់។

លោក​ស្រី ម៉ារៀ ខុនសេបសិន រូសស៊ីស បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​យើង​ឃើញ​ថា ករណី​ផ្ដាសាយ​ទាំង​ឡាយ​មាន​ភាព​ខ្សោយ ហើយ​កាល​ពី​ឆ្នាំ​មុន​មាន​មនុស្ស​ស្លាប់​តិចតួច​ទេ។អ្នក​ជំងឺ​ផ្ដាសាយ​នេះ​ត្រូវការ​នៅ​ផ្ទះ និង​ផឹក​ថ្នាំ ហើយ​បន្ទាប់​មក​ពួក​គេ​នឹង​ជា។ នរណា​ក៏​អាច​កើត​ជំងឺ​នេះ​ដែរ មិន​ថា​តែ​មន្ត្រី​រាជការ​ទេ! ការ​ដែល​សំខាន់​នៅ​ពេល​ដែល​គេ​អ្នក​មាន​ជំងឺ​ផ្ដាសាយ​នេះ មិន​ថា​តែ​នាយក​រដ្ឋមន្ត្រី ឬ​ក៏​មនុស្ស​ធម្មតា​ទេ គឺ​ការ​ព្យាបាល​ត្រឹមត្រូវ ដូច្នោះ​វា​មិន​មែន​មាន​ភាព​អាសន្ន​ទេ»

លោក​ស្រី​បន្ថែម​ថា ៖ «វា​ជា​ការ​ប្រសើរ​ណាស់​ដែល​នាយក​រដ្ឋមន្ត្រី បាន​ផ្អាក​សកម្មភាព និង​កិច្ច​ប្រជុំ​របស់​គាត់​ជាមួយ​ក្រុម​មាន​ចំនួន​ច្រើន។ នេះ​គឺ​ជា​វិធានការ​ល្អ​នៅ​ពេល​ដែល​អ្នក​ជំងឺ​មាន​សញ្ញា​ជំងឺ​ផ្ដាសាយ វា​ជា​ការ​ល្អ​ដែល​ពួក​គេ​នៅ​ផ្ទះ ដើម្បី​ចៀសវាង​ការ​ឆ្លង​វីរុស​នេះ​ទៅ​មនុស្ស​ដទៃ​ទៀត»

លោក​ស្រី​ថា ករណី​ដែល​គួរ​ឲ្យ​ប្រុង​ប្រយ័ត្ន​មាន​តែ​លើ​ករណី​អ្នក​ជំងឺ​ដែល​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​មាន​ជំងឺ​សួត ជំងឺ​បេះដូង និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ដែល​ជំងឺ​ផ្ដាសាយ​ថ្មី​នេះ​នឹង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ។

លោក ជាម យៀប មន្រ្តី​ជាន់​ខ្ពស់ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ថា លោក ហ៊ុន សែន មាន​អាការៈ​ធម្មតា​ហើយ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ចូល​ធ្វើ​ការងារ​នៅ​ឡើយ​ទេ។ លោក​ថា លោក​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ពី​មូលហេតុ​នៃ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​របស់​លោក ហ៊ុន សែន។

សេចក្ដី​ប្រកាស​បន្ថែម​ថា ការ​ជូន​ដំណឹង​អំពី​ជំងឺ​លោក ហ៊ុន សែន គឺ​ដើម្បី​បំបាត់​ការ​ងឿង​ឆ្ងល់​ចំពោះ​អវត្តមាន​របស់​លោក និង​បញ្ចៀស​ការ​រាលដាល​នៃ​ជំងឺ​នេះ។

លោក ហ៊ុន សែន បាន​អវត្តមាន​ក្នុង​ពិធី​ខួប​កំណើត​លើក​ទី​៥៩ របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មិថុនា ដែល​នៅ​ពេល​នោះ​លោក ជា ស៊ីម ប្រធាន​បក្ស ប្រកាស​ថា នឹង​គាំទ្រ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​លាវ និង​វៀតណាម​ទាល់​តែ​ចប់។ ការ​បោះ​បង្គោល​ព្រំដែន​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម កំពុង​ទទួល​ការ​រិះគន់​ពី​សំណាក់​គណបក្ស សម រង្ស៊ី ថា​បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​ខ្មែរ៕