នាយករដ្ឋមន្ត្រីទូន្មានឲ្យគ្រួសារត្រកូលហ៊ុនកុំប្រព្រឹត្តអំពើអាក្រក់
2009.12.29
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីជួបជុំគ្រួសារដ៏ធំមួយដូច្នេះថា ៖ «រឿងដែលខ្ញុំព្រួយបារម្ភជាងគេ គឺរឿងទាក់ទងនឹងសកម្មភាពមិនប្រក្រតីទាំងឡាយដែលកើតមានពីក្រុមគ្រួសារត្រកូល ហ៊ុន។ មិនថាជាកូនបង្កើត មិនថាក្មួយ ឬក៏ជាចៅនោះទេ រឿងព្រួយជាងគេគឺរឿងប្រើឥទ្ធិពល។ ខ្ញុំសង្ឃឹមថា ក្មួយៗទាំងឡាយ ជាក្មួយបង្កើត ជាក្មួយប្រសារ នឹងស្ដាប់បានបញ្ហានេះ អ្វីដែលសំខាន់ បើមិនបានប្រព្រឹត្តការជួយទៅដល់ប្រជាជន តែសុំកុំប្រើប្រាស់អំណាចត្រកូល ហ៊ុន នាមជាត្រកូល ហ៊ុន ដើម្បីទៅរំខានចំពោះប្រជាពលរដ្ឋនោះទេ។ កូនៗនិងក្មួយៗមិនព្រមស្ដាប់ការទូន្មានរបស់ពូ ប្រព្រឹត្តអំពើអាក្រក់ នៅពេលដែល ហ៊ុន សែន ផុតពីអំណាច កុំភ្លេចថា ក្មួយជាគោលដៅនៃការវាយប្រហារ!»។
លោក យឹម សុវណ្ណ ជាតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី និងជាមន្រ្តីអ្នកនាំពាក្យ បានមានប្រសាសន៍សាទរចំពោះការទូន្មាននោះ ៖ «ជាការទូន្មានមួយដ៏ល្អសម្រាប់កូនចៅ ហើយសូមឲ្យការទូន្មានទៅទូទាំងប្រទេស មិនថានៅក្នុងសង្គមគ្រួសារទេ នៅក្នុងសង្គមជាតិក៏សូមកុំឲ្យមានអំពើអាក្រក់កើតនៅក្នុងសង្គមខ្មែរ ពីព្រោះអំពើអាក្រក់នាំមកនូវអយុត្តិធម៌»។
លោក ចាន់ សុវ៉េត ជាមន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ហៅថា អាដហុក បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «ថ្នាក់ដឹកនាំទាំងអស់មិនចំពោះតែសម្ដេច ហ៊ុន សែន មួយទេ ព្រោះថា ថ្នាក់ដឹកនាំមិនអាចថា គង់វង្សបានទេ ព្រោះប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ មានការបោះឆ្នោត។ ថ្ងៃដែលមានអំណាច វាមិនអាចធ្វើអីប៉ះពាល់បានទេ ប៉ុន្តែនៅពេលដែលអត់អំណាចទៅ វាអាចកើតមានបញ្ហាខ្លះដែរ!»។
ការប្រកាសទូន្មាននិងការព្រមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នោះ បានធ្វើទ្បើងកាលពីយប់ថ្ងៃច័ន្ទ ទី២៨ ខែធ្នូនេះ នៅក្នុងពិធីជួបជាលើកដំបូងដ៏ធំមួយនៃគ្រួសារត្រកូល ហ៊ុន នៅក្នុងដំណាច់ឆ្នាំចាស់ ឆ្នាំ២០០៩ ឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០១០ ដែលទូរទស្សន៍បាយ័នបានចាក់ផ្សាយកាលពីយប់ថៃ្ងច័ន្ទនោះ។
គេឃើញមានមន្រ្តីជាន់ខ្ពស់ជាច្រើននាក់ ដូចជាលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់ទៀត ព្រមទាំងសមាជិកគ្រួសារត្រកូល ហ៊ុន សរុបជាង ១០០នាក់ បានចូលរួមនៅក្នុងពិធីនោះក្នុងទីក្រុងភ្នំពេញ។
គេបានកត់សម្គាល់ឃើញថា ការទូន្មានរបស់លោក ហ៊ុន សែន នោះ គឺក្រោយពីមានសេចក្តីរាយការណ៍នានានិងការប្រកាសរបស់លោកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ឲ្យដឹងថា រដ្ឋាភិបាលថៃមានផែនការសម្ងាត់ក្នុងការធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីអំណាច និងមានផែនការលុបបំបាត់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ និងជាទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែការអះអាងនេះត្រូវបានប្រមុខរដ្ឋាភិបាលថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បដិសេធ៕