គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានរិះគន់ដោយចាត់ទុកសម្ព័ន្ធភាពមានឈ្មោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនោះ ថាជាយុទ្ធសាស្ត្របញ្ច្រាសទិសនយោបាយនៅកម្ពុជា។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានហៅសម្ព័ន្ធភាពថ្មី ដែលបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស មានឈ្មោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នោះថាជាព្យុះក្នុងក្អម ឬក្នុងដប គឺពុំមានសមត្ថភាពប្រកួតប្រជែង ដើម្បីយកជ័យជំនះទៅលើគណបក្សប្រជាជនកម្ពុជាបានទេ សម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃពុធ ទី១ សីហា ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នឹងពុំមានឥទ្ធិពលអ្វីចំពោះប្រជាប្រិយភាពនៃគណបក្សប្រជាជនរបស់លោកឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ថា ពាក្យសង្គ្រោះជាតិ គឺហួសសម័យដែលមិនគួរយកមកប្រើប្រាស់ក្នុងពេលនេះ។
ស្របគ្នានឹងសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ កាលពីសប្ដាហ៍មុន មន្ត្រីអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសមិនឲ្យលោក សម រង្ស៊ី ដែលជាប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខ ពីព្រោះ លោក សម រង្ស៊ី ជាទណ្ឌិតទៅហើយនោះ។
ការរិះគន់ និងការប្រកាសរបស់រដ្ឋាភិបាល នៅបន្ទាប់ពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានរួបរួមគ្នា និងបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា សកម្មភាពរបស់គណបក្សកាន់អំណាចបញ្ជាក់ថា ការរួបរួមគ្នាគឺជារបត់ថ្មី ដែលអាចហៅថា ជាការគំរាមកំហែងដល់ការប្រកួតប្រជែងក្នុងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣។
កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជាតិ ៤អាណត្តិមកហើយ ហើយគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សកាន់អំណាច នោះបើរាប់ទាំងការចាញ់ឆ្នោតគណបក្សនេះកាលពីឆ្នាំ១៩៩៣ ផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាចំហជាថ្មីទៀតថា គណបក្សប្រជាជនកម្ពុជា មិនញញើតនឹងការរួបរួមគ្នានេះទេ បើគណបក្សប្រឆាំងអាចយកជ័យជំនះក្នុងការបោះឆ្នោតបាន លោកនឹងចុះចេញពីអំណាច។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនោះ នឹងមិនអាចឈ្នះឆ្នោតឡើយ។
ទោះជាយ៉ាងនេះក្ដី បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មើលឃើញថា ការរួបរួមរបស់គណបក្សប្រឆាំងទាំងពីរ គឺពិតជាមានឥទ្ធិពលជាងមុន។ លោក សុខ ទូច បន្តថា កម្លាំងថ្មីនេះនឹងធ្វើអោយមានតុល្យភាពក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងឆ្នាំ២០១៣។
លោក សុខ ទូច បញ្ជាក់ទៀតថា ការរួបរួមគឺជាជំហានដំបូង សម្រាប់អោយសំឡេងប្រឆាំងចាប់ផ្ដើមរិះរកយុទ្ធសាស្ត្រ ក្នុងការប្រកួតប្រជែង ឬរកមធ្យោបាយអោយលោក សម រង្ស៊ី បានវិលចូលស្រុក។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កាលពីថ្ងៃទី៣១ ខែកក្កដា បានចាប់ផ្ដើមយុទ្ធនាការរួមគ្នា នៅក្រៅប្រទេស ដើម្បីកៀងគររកការគាំទ្រពីអន្តរជាតិ ធ្វើយ៉ាងណាអន្តរាគមន៍អោយលោក សម រង្ស៊ី បានវិលមកកម្ពុជាវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរិះគន់ដែរថា បរទេសនឹងពុំមានឥទ្ធិពលអ្វីចំពោះរដ្ឋាភិបាលកម្ពុជាឡើយ។
ទោះជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលប្រាកដជាដឹងខ្លួនថា សហគមន៍អន្តរជាតិនឹងធ្វើអន្តរាគមន៍លើករណីលោក សម រង្ស៊ី ពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆិកា ខាងមុខ អង្គទូតនានានឹងលើកពីបញ្ហានេះ ហើយរដ្ឋាភិបាលនឹងពិបាកឆ្លើយ ពីព្រោះថា ការប្រកួតប្រជែងនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យឲ្យមានតម្លាភាពនោះ ត្រូវតែមានវត្តមានមេដឹកនាំគណបក្សប្រឆាំង។
ទាំងអ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម គឺបានយល់ឃើញប្រហាក់ប្រហែលគ្នាថា ការវិលមកកម្ពុជា ឬមិនវិលមកវិញរបស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី គឺពុំមានផលប៉ះពាល់ច្រើនទៅលើសំឡេងឆ្នោត នៅក្នុងឆ្នាំ២០១៣ ឡើយ។ ការប្រែប្រួលសំឡេងឆ្នោត គឺត្រូវពឹងផ្អែកលើយុទ្ធសាស្ត្ររកការគាំទ្រនយោបាយរបស់គណបក្ស ជាពិសេសគឺយុទ្ធសាស្ត្រនៅក្រោយការបង្រួបបង្រួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
