លោក ហ៊ុន សែន ទៅ​ចូល​រួម​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បាន​ដឹកនាំ​គណៈ​ប្រតិភូ​រដ្ឋាភិបាល​មួយ​ក្រុម​ទៅ​ចូល​រួម​ក្នុង​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៣៣ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១២។

0:00 / 0:00

ការ​ទៅ​ចូល​រួម​នេះ គឺ​តាម​ការ​អញ្ជើញ​របស់​ប្រធាន​សភា​តំណាងរាស្ត្រ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី លោក ម៉ាហ៊្សូគី អាលី (Marzuki Alie)។

រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី លោក ស៊្រី ថាមរុង្គ ដែល​បាន​អម​ដំណើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា លោក ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​នៅ​ក្នុង​ការ​បើក​មហាសន្និបាត​នោះ នៅ​គ្រា​ដែល​កិច្ច​ប្រជុំ​ដ៏​ធំ​នោះ​នឹង​ពង្រឹង​តួនាទី​សភា​អាស៊ាន​ឲ្យ​កាន់​តែ​រឹងមាំ​នៅ​ឆ្នាំ​២០១៥។

មហា​សន្និបាត​នោះ​នឹង​ត្រូវ​បាន​ចូល​រួម​ដោយ​ប្រមុខ​រដ្ឋាភិបាល​ជា​ប្រទេស​ដៃគូ និង​ជា​ប្រទេស​អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​អូស្ត្រាលី (Australia) ប្រទេស​បេឡារូស (Belarus) ប្រទេស​កាណាដា (Canada) ប្រទេស​ចិន (China) សហភាព​អឺរ៉ុប (European Union) ប្រទេស​ឥណ្ឌា (India) ប្រទេស​ជប៉ុន (Japan) ប្រទេស​កូរ៉េ​ខាង​ត្បូង (South Korea) ប្រទេស​រុស្សី (Russia) និង​ប្រទេស​មួយ​ចំនួន​ទៀត។

លោក ស៊្រី ថាមរុង្គ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា កិច្ច​ប្រជុំ​នោះ គឺ​មាន​សារសំខាន់​សំរាប់​តំបន់​អាស៊ាន៖ «មហាសន្និបាត (AIPA ) នេះ គឺ​ការ​ពង្រឹង​តួនាទី​របស់​សភា​ឆ្ពោះ​ទៅ​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥។ យើង​ដឹង​ហើយ​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ​ក្នុង​អាស៊ាន​យើង​នេះ គឺ​មាន​កិច្ច​សហប្រតិបត្តិ​សម្របសម្រួល​គ្នា​ស្អិតល្មួត​ល្អ​ណាស់ ដើម្បី​ឆ្ពោះ​ទៅ​ទិស​ដៅ​បង្កើត​សហគមន៍​អាស៊ាន​មួយ​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៥ ដែល​យើង​នៅ​សល់​តែ ២​ឆ្នាំ​ជាង​ទៀត​តែប៉ុណ្ណោះ»

ទាក់ទង​នឹង​ផែនការ​ពង្រឹង​តួនាទី​របស់​សភា​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា កម្ពុជា​ត្រូវ​តែ​ពិនិត្យ​មើល​តួនាទី​របស់​សភា​ខ្លួន​ឯង​ដែរ៖ «ស្ថាប័ន​រដ្ឋ​សភា​គឺ​ត្រូវ​តែ​ពង្រឹង​ឲ្យ​មាន​សកម្មភាព​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់។ ផ្ទុយ​ទៅ​វិញ​សភា​ប្រទេស​កម្ពុជា ជា​សភា​ប្រថាប់ត្រា។ តួនាទី​សំខាន់ៗ​នៅ​ក្នុង​រដ្ឋ​សភា​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​មក​កាន់​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ផ្ទុយ​អំពី​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ»

មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​នោះ ធ្លាប់​បាន​ធ្វើ​នៅ​ប្រទេស​កម្ពុជា លើក​ទី​៣២ កាល​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។ មហា​សន្និបាត​នៅ​កម្ពុជា​នោះ បាន​គាំទ្រ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Burma or Myanmar) ឲ្យ​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អន្តរ​សភា​អាស៊ាន។

ក្រៅ​ពី​នេះ មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០ កន្លង​មក​បាន​ឯកភាព​គ្នា​ថា នឹង​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥។ គេ​មាន​ផែនការ​មេ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នានា រាប់​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស។ ផែនការ​មេ​នោះ​ក៏​នឹង​ត​ភ្ជាប់​ពាណិជ្ជកម្ម សេដ្ឋកិច្ច ពលករ ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​រដ្ឋ ប្រជាជន និង​ប្រជាជន ព្រម​ទាំង​ចរន្តអគ្គិសនី​អាស៊ាន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។