ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា មានគម្រោងការរៀបចំកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មការសម្របសម្រួលអន្តរជាតិស្ដីពីអង្គរ ឬ (ICC-Angkor) នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៧ ផ្ដោតលើការអភិរក្ស និងការជួសជុលប្រាសាទបុរាណមួយចំនួន ដែលរងការទ្រុឌទ្រោម ដោយសារធម្មជាតិ និងបែកបាក់កន្លងមក។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា មានតំណាងប្រទេសចំនួន២៧ ប្រទេស ដែលជាសមាជិករបស់ ICC-Angkor នោះ និងមកចូលរួម រាប់ទាំងតំណាងរបស់អង្គការយូណេស្កូ (UNESCO) នៅក្នុងប្រទេសកម្ពុជាផង។ មន្ត្រីទាំងនោះ គឺជាអ្នកឯកទេសខាងអភិរក្សប្រាសាទបុរាណ។ កិច្ចប្រជុំ ICC-Angkor នេះ គេតែងតែធ្វើឡើងរៀងរាល់ ២ដង ក្នុង១ឆ្នាំ គឺ៦ខែម្ដង ផ្ដោតលើការថែរក្សាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណនានានៅជុំវិញ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងប្រទេសកម្ពុជា លោក ជុច ភឿន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែវិច្ឆិកាថា កិច្ចប្រជុំនឹងសើរើពិនិត្យមើលកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំលើកទី១៦ កន្លងមក ដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប ដើម្បីចុះហត្ថលេខាជាផ្លូវការ។ លោកបន្តថា ៖ «ប្រទេសចិនគេថា គេសុំជួសជុលប្រាសាទតាកែវអ៊ីចឹង គេស៊ីញេដើម្បីថា ចិនប្រគល់លុយប៉ុន្មាន ដើម្បីធ្វើការជួសជុលហ្នឹង។ ក្បាច់ចម្លាក់ទាំងឡាយនៅអង្គរវត្ត ខាងភាគីអាល្លឺម៉ង់ គឺថាគេត្រូវចុះហត្ថលេខា ដើម្បីបន្តការជួសជុលទៀត»។
លោកបន្ថែមថា តំណាងប្រទេសបារាំង និងប្រទេសជប៉ុន នឹងធ្វើជាសហប្រធាននៅក្នុងកិច្ចប្រជុំខាងមុខនេះ ក្រោមអធិបតីភាពរបស់ប្រធានអាជ្ញាធរជាតិអប្សរា លោក សុខ អាន ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាឧបនាយករដ្ឋមន្ត្រី។
ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីខែធ្នូ ឆ្នាំ១៩៩២។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន បានបញ្ជាក់ថា កន្លងមកមានសហរដ្ឋអាមេរិកបានជួយជួសជុលប្រាសាទបាក់ខែង។ ប្រទេសចិនជួយជួសជុលប្រាសាទចៅសាយទេវតា និងជួយជួសជុលប្រាសាទបាកែវ។ ប្រទេសបារាំងជួយជួសជុលប្រសាទបាពួន។ ប្រទេសអាល្លឺម៉ង់ជួយថែរក្សាចម្លាក់នានានៅប្រាសាទអង្គរវត្ត។ ប្រទេសជប៉ុនជួយជួសជុលប្រាសាទបាយ័ន និងប្រទេសឥណ្ឌាជួយជួសជុលប្រាសាទតាព្រហ្ម។
ប្រភពឲ្យដឹងថា អ្នកជំនាញទាំងនោះ និងសិក្សាមើលមិនឲ្យមានការកាប់ព្រៃឈើនៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម និងពិនិត្យមើលផងដែរអំពីស្ថានការណ៍ទឹកនៅក្នុងបារាយនាគព័ន្ធ។
សម្បត្តិបេតិកភណ្ឌខ្មែរដែលមានទាំងរូបី ដូចជាប្រសាទបុរាណ និងអរូបីដូចជាកំណាព្យ តន្ត្រី និងវោហារសាស្ត្រត្រូវបានការពារដោយអនុសញ្ញាអន្តរជាតិចំនួន៧ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយអង្គការUNESCO កន្លងមក៕
