សកម្មភាពនេសាទខុសច្បាប់ទាំងនោះ ដូចជាការប្រើអួនក្រឡាញឹក ការអូសអួនដែលមានប្រវែងរាប់ពាន់ម៉ែត្រ ដើម្បីចាប់យកត្រីទាំងតូចទាំងធំជាដើម។
ប្រជានេសាទខ្លះ បានរិះគន់ថា បើទោះបីជាមានបទល្មើសនេសាទកើតឡើងនៅក្នុងបឹងទន្លេសាប ស្ទើរតែរៀងរាល់ថ្ងៃក៏ដោយ ក៏សមត្ថកិច្ចពាក់ព័ន្ធដូចជារដ្ឋបាលជលផលជាដើម មានការបង្ក្រាបតិចតួច។
ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា គេបានចាប់ខ្លួនអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ប្រមាណជាង ៦០នាក់ ព្រមទាំងឃាត់ទុកកាណូតធំៗចំនួន ១៦គ្រឿងទៀត កាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ។
ការចាប់ខ្លួនក្រុមអ្នកនេសាទខុសច្បាប់ និងឃាត់ទុកកាណូតជាច្រើនគ្រឿងនោះ បានធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថជាច្រើន បានបញ្ជូនឱ្យចុះប្រតិបត្តិការនៅក្នុងបឹងទន្លេសាប រយៈពេលពេញមួយយប់មក។
លោកឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ថា បន្ទាប់ពីមានបញ្ជាផ្ទាល់ពីប្រធានគណៈកម្មាធិការនៃអធិការកិច្ចបឹងទន្លេសាប និងពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺលោកបានបញ្ជូនកម្លាំងជាច្រើនចុះប្រតិបត្តិការក្នុងបឹងទន្លេសាប ត្រង់ចំណុចនៃអតីតឡូត៍នេសាទលេខ៤ និងតំបន់ដែននេសាទបម្រុងទុកឱ្យត្រីពងកូន ហើយបានប្រទះឃើញការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅទីនោះ។
ឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះ មានដូចជាការប្រើអួនក្រឡាញឹក ការអូសអួនប្រវែងរាប់ពាន់ម៉ែត្រ ដោយប្រើម៉ាស៊ីនដើម្បីចាប់ត្រីជាដើម៖ «ការងារនេះ គឺចាប់ផ្ដើមធ្វើតាំងពីយប់មិញ រហូតដល់ភ្លឺ ហើយយើងក៏បានរឹបអូសសម្ភារៈដែលបង្កបទល្មើសនៅក្នុងដែនឡូត៍នេសាទ ហាមឃាត់ហ្នឹង គឺមានកាណូតទាំងអស់ ១៦កាណូត ហើយនិងប្រជាពលរដ្ឋទាំងអស់ជាង ៦០នាក់។ នេះមិនមែនជាប្រតិបត្តិការជាលើកដំបូងទេ គឺជាប្រតិបត្តិការ យើងធ្វើបន្តបន្ទាប់កន្លងមកហើយ ក៏ប៉ុន្តែលើកនេះ គឺយើងប្រើទ្រង់ទ្រាយធំបន្តិច»។
ទីបញ្ជាការកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងក្រុមអ្នកនេសាទទាំងជាង ៦០នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន និងកាណូតផង ដើម្បីបញ្ជូនទៅកាន់តុលាការនាពេលឆាប់ៗ។
មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ក្នុងពេលដែលកងកម្លាំងចុះប្រតិបត្តិការបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់នោះ គឺគេដឹងថា មានបទល្មើសនេសាទជាច្រើនកំពុងកើតមាននៅក្នុងបឹងទន្លេសាប ក៏ប៉ុន្តែការបង្ក្រាបមិនទាន់អាចទប់ស្កាត់បានទាំងស្រុងនៅឡើយ។
ទោះយ៉ាងណា មន្ត្រីរដ្ឋបាលជលផលមិនបានអធិប្បាយជុំវិញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅពេលនេះទេ។
លោក ព្រិន សាវិន ជានាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប នៃអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានមានប្រសាសន៍យ៉ាងខ្លីថា លោកបានដឹងថាកងរាជអាវុធហត្ថបានចុះបង្ក្រាបបទល្មើសនេសាទនោះ ក៏ប៉ុន្តែលោកមិនបានពន្យល់ទាក់ទងនឹងមូលហេតុអ្វីបានជាបទល្មើសនេសាទនៅតែកើតមាននោះទេ។
ក្រុមប្រជានេសាទខ្លះនៅឃុំកំពង់ឃ្លាំង នៃស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា បទល្មើសនេសាទកំពុងកើតមានយ៉ាងខ្លាំង នៅក្នុងបឹងទន្លេសាប ជិតតំបន់ពួកគេរស់នៅ។ បទល្មើសទាំងនោះមានដូចជាការប្រើអួនក្រឡាញឹក និងការអូសអួនប្រវែង ១ពាន់ ឬ ២ពាន់ម៉ែត្រ ដើម្បីចាប់យកត្រីជាដើម។ ក្រៅពីការនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់នោះ គឺអ្នកមានលុយខ្លះបានសូកប៉ាន់ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឃុបឃិតគ្នាចូលទៅនេសាទនៅក្នុងតំបន់ឡូត៍បម្រុងដែលរក្សាទុកឱ្យត្រីពងកូនទៀតផង។
ប្រជានេសាទបានគាំទ្រចំពោះកងរាជអាវុធហត្ថខេត្តសៀមរាប ដែលបង្ក្រាបទៅលើបទល្មើសនេសាទនេះ៖ «ខ្ញុំគាំទ្រ ១០០% ចុះទៅបង្ក្រាបនោះ ព្រោះអាដាក់អួនអូសលើមងនេះ គឺទាញដាច់អស់របស់អ្នកនេសាទតូចតាច ហើយតំបន់ដែលហាមឃាត់នៅក្នុងបឹងទន្លេសាបយើង ឡូត៍បម្រុងទុកឱ្យត្រីពងកូន។ ឥឡូវឡូត៍បម្រុងនោះ វាអស់ទៅហើយ ដូចពួកអួនអីឱ្យគេចូលទៅរុញស៊ីបនៅក្នុងនោះអស់ទៅហើយ គ្មានអីតពូជទៀតទេ»។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា គេនៅតែបញ្ជូនកម្លាំងឱ្យចុះប្រតិបត្តិការនៅក្នុងបឹងទន្លេសាប តទៅទៀត ដើម្បីបន្តការបង្ក្រាបបទល្មើសនេសាទឱ្យបានជាស្ថាពរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។