ប្រជាសហគមន៍៖ ព្រៃ​ឈើ​រាប់​រយ​ហិកតារ​នឹង​ត្រូវ​គេ​កាប់​បំផ្លាញ​នៅ​រតនគិរី

ប្រជា​សហគមន៍​អ្នក​ការពារ​ធនធាន​ព្រៃ​ឈើ​ភូមិ​លឺហន់ ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ព្រៃ​ឈើ​រាប់​រយ​ហិកតារ​ទៀត​នឹង​ត្រូវ​គេ​កាប់​រំលំ​ដើម្បី​យក​ដី​នា​ពេល​ឆាប់ៗ​ខាង​មុខ។

0:00 / 0:00

សេចក្តី​អះអាង​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​តុលា ឆ្នាំ​២០០៩ បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​កម្មករ​ពីរ​ក្រុម​មាន​គ្នា​១៥​នាក់ បាន​សង់​ជម្រក ហើយ​ធ្វើការ​កាប់​ព្រៃ​ឈើ​ផ្នែក​ខាង​ក្រោម​នៃ​តំបន់​ព្រៃ​ឈើ​ក្រងសុទេស​ជា​ថ្មី​ទៀត បន្ទាប់​ពី​តំបន់​នោះ​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ពីរ​លើក​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩។

លោក រចំ ធឿនអ៊ើក តំណាង​អ្នក​ភូមិ​បញ្ជាក់​ថា អ្នក​ភូមិ​ស្រី​ប្រុស​ប្រមាណ​៨០​នាក់ កាល​ពី​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​តុលា បាន​នាំ​គ្នា​ទៅ​ប្រាប់​ក្រុម​កម្មករ​ឲ្យ​បញ្ឈប់​ការ​កាប់​រាន​ព្រៃ ក៏​ប៉ុន្តែ​ពួក​មេការ​និង​កម្មករ​សំអាង​ថា លោក អ៊ួន សុវណ្ណា មេ​បញ្ជាការ​វរប៉ូលិស​ព្រំដែន​ខេត្ត​រតនគិរី ជា​អ្នក​ជួល​ពួក​គេ​ឲ្យ​កាប់​រាន។

លោក រចំ ធឿងអ៊ើក បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ប៉ះពាល់​ឈើ​ធំៗ មួយ​ម៉ែត្រ​ពីរ​ម៉ែត្រ។ គេ​អត់​រាយការណ៍​ផង។ ថ្ងៃ​នោះ​ខ្ញុំ​ទៅ​ឃាត់ ៨​នាក់​អត់​រោង​ទេ ៧​នាក់​មាន​រោង»

លោក អ៊ួន សុវណ្ណា បដិសេធ​ថា មិន​ជាប់​ទាក់​ទិន​បញ្ហា​នេះ​ទេ ដោយ​សំអាង​ថា ដី​នៅ​តំបន់​នោះ​លោក​បាន​លក់​អស់​ហើយ ក៏​ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​អ្នក​ទិញ​ដី​នោះ​ជា​នរណា​នោះ​ទេ ៖ «ដី​ហ្នឹង​ខ្ញុំ​លក់​យូរ​ហើយ ៥-​៦​ឆ្នាំ​ហើយ»

លោក ចាប ដាន់ អនុ​ប្រធាន​ភូមិ​លឺហន់ មាន​ប្រសាសន៍​ថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ការ​លក់​ដូរ​ដី​នៅ​តំបន់​នោះ​ទើប​មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប។

លោក ចាប ដាន់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ប្រជាពលរដ្ឋ​គេ​ចង់​ធ្វើ​ម៉េច​ឲ្យ​ហាមឃាត់​មិន​ឲ្យ​បំផ្លាញ​ព្រៃ​ឈើ ព្រៃ​ហ្នឹង​ព្រៃ​យើង​ថែ​រក្សា​សត្វ​ព្រៃ»

លោក រចំ ឡៃ មេ​ឃុំ​កិចុង ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​រាន​ព្រៃ ក៏​ប៉ុន្តែ​អាជ្ញាធរ​ឃុំ​មិន​មាន​អំណាច​បង្ក្រាប​បាន​ទេ។ លោក​ថា​បាន​រាយការណ៍​ពី​ករណី​នេះ​ច្រើន​លើក​ហើយ។

លោក រចំ ឡៃ មាន​ប្រសាសន៍​ដូច្នេះ ៖ «ដល់​ថ្នាក់​គេ​ទៅ​ស្កាត់​ម្ដង​ហើយ ឥឡូវ​ហ្នឹង​គេ​នៅ​តែ​បន្ត​ធ្វើ​ទៀត នេះ​ខ្ញុំ​មាន​តែ​ដាក់​របាយការណ៍​ជូន​គេ​តែប៉ុណ្ណឹង»

មន្ត្រី​ព្រៃ​ឈើ​ខេត្ត​រតនគិរី កាល​ពី​ខែ​កញ្ញា បាន​ចុះ​បង្ក្រាប​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ដើម្បី​យក​ដី​នៅ​ទី​នោះ ហើយ​ចាប់​បាន​កម្មករ​៧​នាក់ ប៉ុន្តែ​បាន​ដោះលែង​វិញ ដោយ​សំអាង​ថា ការ​ខូចខាត​មាន​កម្រិត​តិចតួច ហើយ​អះអាង​ថា នឹង​សើប​អង្កេត​រក​មេខ្លោង​អ្នក​ជួល​កម្មករ​ឲ្យ​កាប់​រាន​ព្រៃ​នេះ។

លោក យ៊ូកាន វិមាន ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ថា បាន​ដឹង​ពី​ករណី​នេះ​ហើយ ក៏​ប៉ុន្តែ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​រវល់​ជាប់​ប្រជុំ។

អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ តុលា ក៏​ប៉ុន្តែ​លោក ណាប់ ប៊ុនហេង នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​បញ្ជាក់​ថា ខេត្ត​មិន​បាន​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ពី​បញ្ហា​នេះ​ទេ។

អ្នក​ភូមិ​លឺហន់ ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៧ និង​២០០៨ ព្រៃ​ឈើ​នៃ​តំបន់​ព្រៃ​ក្រងសុទេស​រាប់​ពាន់​ហិកតារ ជា​គម្រប​ព្រៃ​ឈើ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រដ្ឋបាល​ព្រៃ​ឈើ ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន​ដោយ​គ្នាន​ការ​ទទួល​ខុសត្រូវ៕