ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​ថា​មន្ត្រី​ជំនាញ​បើក​ដៃ​ឲ្យ​ឈ្មួញ​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់

ពលរដ្ឋ​នៅ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ថា មិន​មាន​នរណា​ម្នាក់​ខ្លាច​បទ​បញ្ជា​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​របស់​លោក ហ៊ុន សែន នោះ​ទៀត​ឡើយ ព្រោះ​ករណី​នេះ​បណ្ដាល​មក​ពី​មន្ត្រី​ជំនាញ​បើក​ដៃ​ឲ្យ​ឈ្មួញ​រក​ស៊ី​ជា​ថ្នូរ​នឹង​លាភ​សក្ការៈ។

0:00 / 0:00

ឈើ​អារ​ជាច្រើន​ដែល​លាក់​ទុក​កន្លែង​ផ្សេង​គ្នា នៅ​ភូមិ​ខ្សាច់ថ្មី ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​មេ​ឈ្មួញ​ជួញ​ឈើ ដែល​គេ​លាក់​ទុក​គ្រោង​នឹង​ដឹក​ចេញ​នៅ​ពេល​យប់​តាម​ទូក និង​រថយន្ត​ទំនើបៗ។

ពលរដ្ឋ​ភូមិ​ខ្សាច់ថ្មី លោក ចាប វណ្ណា នៅ​ថ្ងៃ​ទី​១០ ខែ​សីហា មាន​ប្រសាសន៍​ថា ឈើ​ដែល​ឈ្មួញ​ទិញ​មាន​គូស​សញ្ញា​ដី​ស​នៅ​ពី​លើ ដោយ​បញ្ជាក់​ពី​ទំហំ​និង​ប្រវែង​ច្បាស់​លាស់។ លោក​បន្ត​ថា ឈើ​ដែល​នៅ​ក្រោម​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង​នោះ សុទ្ធ​ជា​ឈើ​របស់​ឈ្មួញ​ម្នាក់​ដែល​ជា​អតីត​នាយ​ប៉ុស្តិ៍​នគរបាល។

លោក ចាប វណ្ណា បញ្ជាក់​ថា ឈ្មួញ​ទាំង​នេះ​រក​ស៊ី​យូរ​ហើយ តែ​មិន​មាន​ស្ថាប័ន​ណា​បង្ក្រាប​នោះ​ទេ ហើយ​បទ​បញ្ជា​លោក ហ៊ុន សែន ក៏​លែង​មាន​អ្នក​ខ្លាច​ទៀត​ដែរ ដោយ​សារ​ឲ្យ​តែ​ឲ្យ​លុយ​មន្ត្រី​ទៅ គឺ​អាច​ដឹក​បាន​មិន​មាន​អ្នក​ណា​ចាប់​ឡើយ។

ទន្ទឹម​នឹង​នេះ ជំទប់​ទី​២ ឃុំ​តាឡាត លោក ណ ឡិត មាន​ប្រសាសន៍​ថា បទ​ល្មើស​ព្រៃឈើ​នៅ​ឃុំ​តាឡាត ពិត​ជា​កំពុង​កើត​មាន​យ៉ាង​ច្រើន។ លោក​បន្ត​ថា ឈ្មួញ​ឈើ​ជា​អ្នក​ប្រើ​ឲ្យ​ពលរដ្ឋ​ចូល​កាប់ ឯ​ពួក​គេ​ចាំ​ទិញ​នៅ​មាត់​កំពង់​ទូក​មុខ​ប៉ុស្តិ៍​នគរបាល។ លោក ណ ឡិត បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​លទ្ធភាព​បង្ក្រាប​បទ​ល្មើស​នោះ​បាន​ឡើយ ព្រោះ​ឈ្មួញ​ឈើ​មាន​អ្នក​ការពារ​នៅ​ពី​ក្រោយ​ខ្នង៖ «ការ​ព្រួយ​បារម្ភ​មិន​មែន​ត្រឹម​តែ​ខ្ញុំ​ទេ ខ្ញុំ​បាន​ប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ ពិភាក្សា​ពី​រឿង​នេះ​អស់​លទ្ធភាព​ហើយ ព្រោះ​គេ​មាន​អំណាច យើង​ទាក់​ទង​ខាង​ណា​ក៏​គេ​មិន​ធ្វើ​ការ​ឲ្យ​យើង យើង​អស់​សង្ឃឹម»

លោក ណ ឡិត បន្ថែម​ថា លោក​ពិត​ជា​ចង់​លុប​បំបាត់​បទ​ល្មើស​ព្រៃឈើ​ខ្លាំង​ណាស់ តែ​ទៅ​ប្រាប់​ថ្នាក់​លើ​ក៏​មិន​មាន​វិធានការ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​ស្ទឹងត្រែង ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២។

ចំណែក​ឯ​អភិបាល​ស្រុក​សេសាន លោក បូ កែវសុវណ្ណ មាន​ប្រសាសន៍​ថា មិន​មាន​ករណី​កាប់ និង​ជួញ​ឈើ​កើត​ឡើង​ទេ នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សេសាន៖ «និយាយ​តែ​ផ្ដេសផ្ដាស វា​គ្មាន​ស្អី​ទេ មាន​អ្នក​ណា​គេ​ដឹក​ខែ​នេះ​ភ្លៀង​ឡើង​បែក​ភក់»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ណ ឡិត ឲ្យ​ដឹង​ថា បទ​ល្មើស​ព្រៃឈើ​មាន​ពេញ​បន្ទុក​ហើយ។ លោក​បន្ត​ថា ឈ្មួញ​ឈើ​នៅ​ទី​នោះ​មាន​អំណាច​ធំ​ជាង​អាជ្ញាធរ​ទៀត។ លោក ណ ឡិត បញ្ជាក់​ថា ម្ចាស់​សិប្បកម្ម​អារ​ឈើ​នៅ​ទី​នោះ​ឈ្មោះ ធេង ធ្លាប់​និយាយ​ថា សិប្បកម្ម​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​សួរ​នាំ ឬ​ថត​រូប​ជា​ដាច់​ខាត បើ​មិន​ដូច​នេះ​ទេ លោក ធេង នឹង​ប្រើ​កូន​ចៅ​ឲ្យ​វាយ​ទម្លាក់​ទឹក​ទន្លេ​ជា​មិន​ខាន។

គេ​សង្កេត​ឃើញ​ឈើ​អារ និង​ឈើ​មូល​រាប់​សិប​ម៉ែត្រ​គូប ដូច​ជា ផ្ចឹក សុក្រំ បេង ធ្មង់ និង​គ្រញូង ត្រូវ​គេ​ទុក​នៅ​ក្រោម​ផ្ទះ​ក្នុង​ព្រៃ ក្នុង​ទន្លេ សម្រាប់​ទុក​ដឹក​ចេញ។ នៅ​ភូមិ​ខ្សាច់ថ្មី មាន​សិប្បកម្ម​អារ​ឈើ​មិន​មាន​ច្បាប់​ពីរ​កន្លែង ដែល​មួយ​កន្លែង​នៅ​ត្បូង​ទន្លេ​ជា​កម្មសិទ្ធិ​របស់​អតីត​មេ​ប៉ុស្តិ៍ ដែល​ដក​ចេញ​ពី​តំណែង​ឈ្មោះ វ៉ាង និង​មួយ​កន្លែង​ទៀត​នៅ​ត្រើយ​ខាង​ជើង​ទន្លេ ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​ឈើ​ឈ្មោះ ធេង។ ពលរដ្ឋ​ឲ្យ​ដឹង​ថា ឈ្មួញ​ទាំង​ពីរ​នេះ​ប្រើប្រាស់​កម្មករ​ជាច្រើន​អ្នក ហើយ​មាន​កាំភ្លើង​កាន់​នៅ​ក្នុង​ដៃ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។