ចៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង គឺអ្នកស្រី ភួន ឈួយអេង។ អ្នកស្រីបានឲ្យដឹងនៅល្ងាចថ្ងៃទី២៥ កុម្ភៈ ថា អាជ្ញាធរសង្កាត់មានក្ដីកង្វល់ចំពោះដីកាសម្រេចរក្សាការពារលេខ០២/២០១២ របស់សាលាដំបូងខេត្ត។ អ្នកស្រីបានចាត់ទុកថា នេះជាការសម្រេចខ្វះភាពយុត្តិធម៌ និងពុំមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដែលជាកត្តានាំឲ្យមានបញ្ហាស្មុគស្មាញក្នុងសង្គម ៖ «ខាងតុលាការហ្នឹងមិនដែលមកជួបនឹងភូមិឃុំឲ្យប្រជាពលរដ្ឋបានអស់ចិត្ត។ឯកសារយើងមានទាំងអស់ មានទាំងសាក្សី និងអាជ្ញាធរភូមិដឹងឮគ្រប់គ្រាន់អំពីការពិត។ ហេតុអីក៏តុលាការមិនចុះមកស៊ើបអង្កេត ខ្ញុំឆ្ងល់ណាស់។ បើចេះតែចេញដីកាបែបហ្នឹងងាប់អស់ហើយអ្នករងគ្រោះមុខជាអត់ផ្ទះសំបែងនៅហើយរបៀបនេះ...»។
កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០១១ លោក អ៊ី ហ៊ីម ជាប្រជាពលរដ្ឋនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានដាក់បណ្ដឹងសុំឲ្យសាលាដំបូងខេត្តចេញដីការក្សាការពារលើដីទំហំទទឹង ៧ម៉ែត្រ និងបណ្ដោយទល់មាត់ទន្លេដែលកំពុងមានទំនាស់ជាមួយឈ្មោះ ម៉ូ ស្រ៊ន និងឈ្មោះ ហម សុខ។
ប្រភពបញ្ជាក់ថា មុនចេញដីកានោះ គឺពុំបានធ្វើការអង្កេត និងស្រាវជ្រាវឲ្យច្បាស់លាសពីបញ្ហានោះទេ។
ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ហេង ចន្ទស៊ីបូរិន បានចេញដីការក្សាការពារលេខ០២/២០១២ ចុះថ្ងៃ១៩ កុម្ភៈ ដែលផ្ដល់លទ្ធភាពឲ្យឈ្មោះ អ៊ី ហ៊ីម មានសិទ្ធិគ្រប់គ្រងលើដីទំហំទទឹង ៧ម៉ែត្រ និងបណ្ដោយទល់មាត់ទន្លេដែលកំពុងមានទំនាស់នេះ។
សាក្សីដែលជាប្រជាពលរដ្ឋរស់ក្នុងតំបន់នេះជាច្រើននាក់ ព្រមទាំងអាជ្ញាធរភូមិឃុំ មិនយល់ស្របចំពោះដីការក្សាការពាររបស់ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងនោះឡើយ។ ដោយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងនោះបានដឹងថា ដីទំហំទទឹង ៧ម៉ែត្រ និងបណ្ដោយទល់មាត់ទន្លេនេះ គឺជាដីសាធារណៈរបស់រដ្ឋ ហើយត្រូវបានឈ្មោះ ម៉ូ ស្រ៊ន និង ហម សុខ គ្រប់គ្រង និងប្រើប្រាស់តាំងពីឆ្នាំ១៩៨០ មកម្ល៉េះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក ហេង ចន្ទស៊ីបូរិន ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងបានទេនៅល្ងាចថ្ងៃទី២៥ កុម្ភៈ។
ប៉ុន្តែព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង គឺលោក ពេញ វិបុល បានពន្យល់ចំពោះបញ្ហានេះថា ការចេញដីការក្សាការពារនេះពុំមានកំហុសក្នុងនីតិវិធីនោះទេ។ លោកថា ភាគីម្ខាងទៀតអាចប្ដឹងទាស់ក្នុងរយៈពេល ១៥ថ្ងៃ ប្រសិនបើយល់ថា ដីកាសម្រេចរក្សាការពារនេះមិនយុត្តិធម៌ចំពោះខ្លួន ៖ «បើសិនជាភាគីម្ខាងទៀតមានអ្វីដែលជាសំអាង ដូចជាការបញ្ជាក់របស់អាជ្ញាធរនោះ យើងដាក់បណ្ដឹងទាស់ ហើយចៅក្រមគេនឹងពិចារណាឡើងវិញ ឬកាត់ក្ដីសារឡើងវិញ។ ហើយបើមិនចង់ប្ដឹងទាស់ទេ គឺអាចប្ដឹងទៅសាលាឧទ្ធរណ៍ទៀតបាន...»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមអាដហុកការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង លោក សំ ចន្ទគា មានប្រសាសន៍ថា ដោយដីទំហំទទឹង ៧ម៉ែត្រ និងបណ្ដោយទល់មាត់ទន្លេនេះ គឺជាដីសាធារណៈរបស់រដ្ឋ ដូច្នេះលោក អ៊ី ហ៊ីម ពុំមានសិទ្ធិក្នុងការសុំដីកាសម្រេចរក្សាការពារដីនេះបានទេ។ ចំណែកការចេញដីកាសម្រេចរក្សាការពាររបស់ចៅក្រម គឺពុំត្រឹមត្រូវតាមនីតិវិធីឡើយ។
ចំណែកភាគីចុងចោទ គឺលោក ម៉ូ ស្រ៊ន និង ហម សុខ បានធ្វើការប្ដឹងទាស់ទៅតុលាការរួចហើយៗ ពួកគាត់កំពុងរង់ចាំការកោះហៅរបស់តុលាការដើម្បីធ្វើការកាត់ក្ដីសារជាថ្មីចំពោះរឿងក្ដីនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
