នៅ​ខេត្ត​កំពត ការបំផ្ទុះ​ថ្ម​ភ្នំ​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ

តំណាង​ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន ៣០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ទ្វារថ្មី ឃុំ​ព្រៃខ្នង ស្រុក​កំពត ខេត្ត​កំពត បាន​សម្ដែង​ប្រតិកម្ម​តវ៉ា​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឈ្មោះ ហ៊ីនូ ហ៉ៃត្រូ របស់​ប្រទេស​ចិន​នោះ កំពុង​តែ​ធ្វើ​សកម្មភាព​ដាក់​រំសេវ​បំផ្ទុះ​ថ្ម​ភ្នំ​ជា​រៀងរាល់​ថៃ្ង ធ្វើ​ឲ្យ​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ រង​ការធ្លុះធ្លាយ​ដោយសារ​ថ្មភ្នំ​ខ្ទាត ហើយ​ថ្មភ្នំ​នោះ​បាន​ខ្ទាត​ចំ​គោ​ក្របី​និង​ខ្ទាត​ធ្លាក់​ចូល​ដីស្រែ​របស់​ខ្លួន មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ភ្ជួររាស់​បាន​ដោយ​ងាយ​ស្រួល ។
ដោយ សុខ សេរី
2008-06-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ផ្អែក​តាមប្រភព​បាន​ឲ្យ​ដឹង​ថា ការបំផ្ទុះ​បំបែក​ថ្មភ្នំ​នោះ គឺ​ដើម្បី​យក​ថ្ម​ទៅ​សាងសង់​ទំនប់​វារី​អគ្គសនី​របស់​ក្រុមហ៊ុន​ចិន​នៅ​ភ្នំ​កំចាយ​ខេត្ត​កំពត ។ ប៉ុន្តែ គ្មាន​ការរងរបួស​ណា​មួយ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​កំពុងតែ​រស់នៅ​ក្រោម​ការភ័យខ្លាច មិនហ៊ាន​ស្ថិតនៅ​ក្រៅ​ផ្ទះ​សម្បែង​របស់​ខ្លួន ។

លោក ណុក សៅរ៍ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ រស់នៅ​ភូមិ​ទ្វារថ្មី ឃុំ​ព្រៃខ្នង ស្រុក​កំពត ខេត្ត​កំពត បាន​សម្ដែង​ប្រតិកម្ម​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថៃ្ង​ច័ន្ទ​នះ​ថា ៖ «ប្អូន​ខ្ញុំ​ដែល​ត្រូវ​ផ្ទះ​ហ្នឹង ប្រាប់​ភូមិ ឃុំ គេ​អត់​មក​មើល​ផង ។ ខ្ញុំ​អី​បាក់​ដៃ​ស្វាយ​អស់​ក្រោយផ្ទះ ថ្ងៃ​មុន​ជិត​ត្រូវ​ខ្ញុំ...។ រងគ្រោះ​ជុំវិញ​ហ្នឹង​ប្រហែល ៣០​គ្រួសារ នៅ​ក្បែរ​ភ្នំ​ហ្នឹង»

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ៖ «គាត់​អត់​ហ៊ាន​ចេញ​ប្រកប​របរ​កសិកម្ម​របស់​គាត់​ទេ ដោយសារ​ថា ក្រុមហ៊ុន​បាន​បាញ់ អត់​មាន​ពេល ហើយ​អត់​មាន​ម៉ោង​កំណត់ ។ ប៉ុន្តែ​សំណូមពរ​ទី​១ គឺ​គាត់​សុំ​ឲ្យ​ក្រុមហ៊ុន ផ្អាក​ការ​បាញ់​ថ្ម ហើយ​សំណូមពរ​ទី​២ គឺ​សុំ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង គាត់​បាញ់​ថ្ម​ឲ្យ​មាន​ពេល​កំណត់​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ប្រកប​អាជីវកម្ម កសិកម្ម​បាន»

ប្រតិកម្ម​ទៅនឹង​ការត្អូញតែ្អរ​របស់​ប្រជាពលរដ្ឋ​ខាង​លើ​នេះ មេការ​ក្រុមហ៊ុន​ហ៊ីនូ​ហៃត្រូ ប្រចាំការ​ក្នុង​ខេត្ត​កំពត​នោះ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ឲ្យ​ក្រុមហ៊ុន​បាន​ដឹង​នៅទ្បើយ​ទេ ៖ «ជា​គម្រោង​របស់​រដ្ឋាភិបាល ប្រជាពលរដ្ឋ​គាត់​មាន​យោបល់ មាន​បញ្ហា​អី សូម​ឲ្យ​គាត់​រាយការណ៍​ដល់​ក្រុមហ៊ុន​ទៅ​បាន​ហើយ»

ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ លោក ខឹម សាម៉ន អភិបាលរង​ខេត្ត​កំពត បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​នោះ​ជាមួយ​ក្រុមហ៊ុន នៅពេល​ណា​លោក​បាន​ទទួល​បណ្ដឹង​ជា​ផ្លូវការ​​ពី​ប្រជាពលរដ្ឋ​រងគ្រោះ ៖ «អត់​ព្រងើយ​កន្តើយ​ទេ យើង​ជួយ​ដោះស្រាយ ព្រោះ​ម្យ៉ាង​ខ្ញុំ​ធ្លាប់​ជួប​ខាង​ក្រុមហ៊ុន ក៏​អត់​អី​ពិបាក​ដែរ»

សូមរំឭក​ថា ក្រុមហ៊ុន ហ៊ីនូ ហៃត្រូ Corporation Limited របស់​ប្រទេស​ចិន​នោះ បាន​ទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំ​២០០៦ ដើម្បី​ធ្វើ​វិនិយោគទុន​ក្នុង​ទឹកប្រាក់​ចំនួន ២៨០​លាន​ដុល្លារ​អាមេរិក សាង​សង់​រោងចក្រ​វារី​អគ្គិសនី​នៅ​ភ្នំ​កំចាយ ខេត្ត​កំពត ក្នុង​កិច្ចសន្យា​វិនិយោគ​ចំនួន ៤៤​ឆ្នាំ ដែល​មាន​គម្រោង​ផលិត​ថាមពល​ចំនួន ៤៩៨​លាន​គីទ្បូវ៉ាត់​ម៉ោង ក្នុង​មួយ​ឆ្នាំ ។

ការវិនិយោគ​របស់​ក្រុមហ៊ុន ហ៊ីនូ ហៃត្រូ នោះ បាន​ទទួល​ការអនុម័ត​លើ​សេចក្ដីព្រាង​ច្បាប់​ពី​សភា​ជាតិ ដើម្បី​ការពារ​វិនិយោគ កាលពី​ថៃ្ងទី​២៦ ខែ​កក្កដា ឆ្នាំ​២០០៦ កន្លងទៅ ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល