តំណាងកសិករមកពី ៧ស្រុក ក្នុងខេត្តកំពត បានជួបជុំគ្នានៅស្រុកដងទង់ នាថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០១០ ដើម្បីចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក នូវអ្វីដែលពួកគេទទួលបានជោគជ័យ ក្នុងការបង្កើនវិស័យកសិកម្ម និងកិច្ចសហការសន្សំប្រាក់រួមគ្នាជាដើម។
នាយប្រតិបត្តិអង្គការសេដាក់ លោកបណ្ឌិត យ៉ង សាំងកុមារ បានថ្លែងថា កសិករជួបជុំគ្នានេះ បង្ហាញពីគំនិតថ្មី បង្កើនលទ្ធភាពកសិកម្មការលក់រួម ទិញរួម ការសន្សំប្រាក់ជាដើម ដែលកសិករត្រូវតែចែករំលែកឲ្យគ្នា នូវអ្វីដែលរកឃើញថ្មី ពីស្រុកមួយទៅស្រុកមួយ។ លោកថា ការជួបជុំគ្នានេះទៀតសោត ដើម្បីឲ្យកសិករបង្ហាញពីការងារខ្លះ បានជួយដល់កិច្ចអភិវឌ្ឍរបស់រដ្ឋ ដូចជាជួយកសាងផ្លូវ ស្ពាន ជាដើម។
កសិករឈ្មោះ ហែម សុផាត មកពីភូមិស្រែកោង ឃុំថ្មី ស្រុកទឹកឈូរ បានឲ្យដឹងថា ក្នុងភូមិនឡ មានផ្លូវរទេះមួយ ដែលមិនអាចធ្វើដំណើរបានល្អ ពួកគាត់បាននាំគ្នាចាក់ដីកសាងផ្លូវនោះ ដោយវិធីធ្វើបុណ្យរួមប្រមូលលុយរួម។ លោកថា កិច្ចការនេះ គឺកសិករធ្វើជំនួសកិច្ចអភិវឌ្ឍឃុំ ព្រោះថវិកាជាតិ បានចំណាយទៅលើការងារដទៃទៀត។
កសិករភូមិពញ្ញាអង្គរ ឃុំវត្តអង្គរខាងជើង ស្រុកបន្ទាយមាស ឈ្មោះ បិញ ឈិន បានឲ្យដឹងថា គាត់បានបង្ហាញបទពិសោធន៍ ពីការចិញ្ចឹមត្រីអណ្ដែងក្នុងប្លាស្ទិកតាមគ្រួសារ និងការដាំស្រូវមិនភ្ជួរដល់កសិករ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍។
លោកថា ការដាំស្រូវមិនភ្ជួរ តាមគាត់ពិសោធន៍ឆ្នាំ២០០៩ ក្នុងដី ៣ហិកតារ បានផលទ្វេដង នៃការដាំស្រូវធម្មតា។
កសិករមកពីស្រុកជុំគិរី បានឲ្យដឹងពីការសន្សំប្រាក់ក៏មានការចូលរួមពីក្រុមយុវជន និងស្ត្រី ៖ «ទុនសរុបរបស់ក្រុមសន្សំទាំងអស់មាន ១រយ ៧លាន»។
កសិករដទៃទៀតមកពីស្រុកបន្ទាយមាស បានឲ្យដឹងពីការរីកចំរើន នៃការប្រើប្រាស់ឡជីវចម្រុះ។
អ្នកសម្របសម្រួលតាមមូលដ្ឋាននៃអង្គការសេដាក់ កញ្ញា យ៉ា ចាន់នី បានឲ្យដឹងថា តំណាងកសិករ ៧ស្រុក ក្នុង១ស្រុក ៥ទៅ៦នាក់ មកប្រជុំគ្នាចែករំលែកបទពិសោធន៍នៅថ្ងៃនេះ បានមកពីស្រុកឈូក អង្គរជ័យ ជុំគិរី កំពង់ត្រាច ទឹកឈូរ បន្ទាយមាស និងស្រុកដងទង់ មានចំនួនជាង ៣០នាក់។ កញ្ញាបន្ថែមថា ភាពជោគជ័យជាងគេ ក្រៅពីវិស័យកសិកម្ម មានការដាក់ទុនសន្សំប្រាក់ ដែលមិនមែនមានតែក្រុមកសិករវ័យចំណាស់នោះទេ ដែលបានសន្សំប្រាក់ទុក មានកុមារ និងយុវជនផងដែរ។
កញ្ញាបន្តថា មានការអប់រំយុវជនឲ្យងាកមករបរសន្សំប្រាក់ និងការងារធ្វើស្រែចម្ការដាំដំណាំជាជាងធ្វើចំណាកស្រុក ដែលមិនសូវបានទទួល ជោគជ័យក្នុងមុខរបរ ដូចពាក្យចាស់ពោលថា ជួញជិតជាងជួញឆ្ងាយ ដែលធ្វើឲ្យដីស្រែ មានស្រូវ ដីចម្ការមានដំណាំ ប្រាក់កាសក៏សន្សំកើន ក្រោយពីការចងក្រង និងដកបទពិសោធន៍ពីស្រុកមួយទៅស្រុកមួយ ដែលបានបង្ហាញរាល់ខែ ក្រោមការប្រជុំបានរៀបចំដោយសេដាក់៕