ភិក្ខុ ថ គ ប ដែលបាននិមន្តចេញពីភ្នំពេញទៅសួរសុខទុក្ខញោមនៅខេត្តព្រះត្រពាំង ដោយមានទិដ្ឋាការឆ្លងដែនត្រឹមត្រូវផងនោះ បានត្រូវអាជ្ញាធរយៀកណាមនៅទីស្នាក់ការឃុំកំពង់ទូក ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង សួរសំណួរជាច្រើន កាលពីថ្ងៃ៤ កុម្ភៈ ក្នុងនោះមានសំណួរពាក់ព័ន្ធនឹងការចូលរួមបុណ្យថ្ងៃ៤ ខែមិថុនា ដែលជាថ្ងៃបាត់បង់ដីកម្ពុជាក្រោម និងការចូលរួមបាតុកម្មនៅមុខស្ថានទូតយៀកណាមនៅភ្នំពេញនោះផងដែរ។
ភិក្ខុ ថ គ ប មានដីកាដូច្នេះថា ៖ «អាជ្ញាធរវៀតណាម នៅខាងឃុំ គេបាននិមន្តអាត្មាទៅសួរចម្លើយញឹកញាប់ ហើយនៅថ្ងៃទី៤ ខែកុម្ភៈ ហ្នឹង មេឃុំនិមន្តអាត្មាទៅការិយាល័យគណៈកម្មាធិការប្រជាជនឃុំដាឡុកហ្នឹង សួរចម្លើយជាច្រើនថា អាត្មាហ្នឹងមានធ្វើអ្វីខ្លះ មានស្គាល់នរណាខ្លះនៅខាងសហព័ន្ធកម្ពុជាក្រោម ពិសេសបានព្រមានមិនឲ្យអាត្មាធ្វើអ្វីជាការប្រឆាំងទៅនឹងខាងអាជ្ញាធរកុម្មុយនីស្តយួនហ្នឹង»។
ភិក្ខុអង្គនេះបន្តថា អាជ្ញាធរយៀកណាម ក្រៅពីតាមដានសកម្មភាពព្រះអង្គ ក៏បាននិយាយប្រាប់ពុទ្ធបរិស័ទដែលព្រះអង្គបានជួបនៅទីនោះថា ញាតិញោមមានការទាក់ទងប្រយ័ត្នមានរឿងពាក់ព័ន្ធដល់ខ្លួន។
លោក ថាច់ ង៉ុកថាច់ នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ពីករណីពាក់ព័ន្ធនឹងការរំលោភសិទ្ធិនេះថា យៀកណាមតែងតែធ្វើសកម្មភាពបែបនេះ មិនថា ចំពោះឧបាសក ឬជាសង្ឃខ្មែរកម្ពុជាក្រោមនោះឡើយ។
លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ដូច្នេះថា ៖ «ខ្មែរក្រោមក៏ដោយ ព្រះសង្ឃខ្មែរក៏ដោយ ដែលត្រូវកម្ពុជាក្រោមនៅតាមវត្ត ឬក៏បងប្អូនខ្មែរយើង ខ្មែរក្រោមចុះទៅ តែងតែពិនិត្យតាមដាន ព្រោះវាខ្លាចទាក់ទាមថា នាំឯកសារនាំអី ទាក់ទាមដល់សហព័ន្ធ ទាក់ទាមដល់ចលនាតស៊ូ ដើម្បីគំរាម ហើយដើម្បីបំភ័យ។ ទី១ បំភ័យព្រះសង្ឃដែលទៅ ទី២ បំភ័យព្រះសង្ឃកម្ពុជាក្រោម រួមទាំងបងប្អូនខ្មែរក្រោមយើងដើម្បីកុំឲ្យមានការទាក់ទង ឬមានការខ្សឹបខ្សៀវអី។ រឿងបែបហ្នឹងគឺកើតឡើងញឹកញាប់ទូទៅអ៊ីចឹង»។
ភិក្ខុដដែលបាននិមន្តត្រឡប់ចូលភ្នំពេញវិញ នៅថ្ងៃ១០ កុម្ភៈ ២០០៩ ក្រោយពីបាននៅក្នុងទឹកដីកម្ពុជាក្រោមរយៈពេល ៩ថ្ងៃ។
ទោះជាយ៉ាងណាក្តី ក្នុងរបាយការណ៍ពីចុងខែមករា កន្លងទៅ អង្គការសិទ្ធិមនុស្ស Human Rights Watch បានចោទថា ប្រទេសយៀកណាមបានធ្វើការគាបសង្កត់ខ្មែរកម្ពុជាក្រោមនៅតំបន់ដែលខ្មែរក្រោមរស់នៅ ហើយចោទថា ខ្មែរក្រោមកំពុងតែប្រឈមយ៉ាងធ្ងន់ធ្ងរទៅនឹងការហាមឃាត់ខាងសេរីភាពបញ្ចេញមតិ ការប្រជុំគ្នា ការបង្កើតសមាគម ព័ត៌មាន និងសកម្មភាពចលនានានា។
ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសយៀកណាមបានបដិសេធការចោទប្រកាន់របស់អង្គការសិទ្ធិមនុស្សនេះ៕