ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោក សុខ ទូច ថ្លែងកាលពីរសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០០៩ ថា លោកនឹងបន្តការយកចិត្តទុកដាក់ក្នុងការបង្ការជំងឺផ្តាសាយថ្មីជាបន្តទៀត បន្ទាប់ពីស្រ្ដីម្នាក់បានស្លាប់ដោយសារជំងឺនេះជាលើកទី១ កាលពីល្ងាចថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០០៩។
ការបង្ការនោះនឹងត្រូវផ្តោតជាសំខាន់លើការផ្សព្វផ្សាយអំពីការរក្សាអនាម័យ។
លោក សុខ ទូច បានថ្លែងដូច្នេះថា ៖ «គឺថាយើងនៅតែបន្តពង្រឹងអំពីការការពារ ជាពិសេសគឺការទទួលយកនូវអនាម័យសំខាន់ទាំង៣ គឺការទប់ស្កាត់ ការចម្លង ក៏ដូចជាការពង្រឹងនៅតាមមន្ទីរពេទ្យរបស់យើងទៀត»។
ករណីអ្នកស្លាប់ដោយជំងឺផ្តាសាយថ្មី ប្រភេទA(H1N1) ត្រូវបានប្រកាសជាសាធារណៈដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្តីការក្រសួងទេសចរណ៍ថ្មី កាលពីព្រឹកថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០០៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «ជាករណីទី១ ដែលមានប្អូនស្រីម្នាក់អាយុ៤០ឆ្នាំ នៅខណ្ឌចំការមននេះ ទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត ដែលចេញពីរោគសញ្ញាH1N1នេះឯង»។
លោក សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់អំពីករណីស្លាប់របស់អ្នកឆ្លងជំងឺផ្តាសាយថ្មីA(H1N1)ថា នេះពិតជាទើបកើតមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែលោកថ្លែងថា លោកមិនអាចមានប្រសាសន៍បន្ថែមអំពីស្រ្តីដែលស្លាប់បានទេនៅពេលនេះ ហើយលោកនឹងចេញសេចក្តីប្រកាសព័ត៌មានអម្អិតមួយអំពីករណីនេះ។
លោក សុខ ទូច ថ្លែងបញ្ជាក់ដូច្នេះ ៖ «យើងអត់ជម្រាបជូនឈ្មោះទេ គ្រាន់តែដឹងថាគាត់ភេទស្រី អាយុ៤១ឆ្នាំ ហើយនៅភ្នំពេញហ្នឹងទេ។ នៅថ្ងៃនេះយើងនឹងចេញប្រកាសព័ត៌មានមួយរួមរវាងក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក បញ្ជាក់ជម្រាបជូនពីករណីនេះបន្ថែមទៀត»។
លោក ញ៉ឹប ប៊ុនលី អ្នកចិញ្ចឹមជ្រូកម្នាក់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្លែងថា បើទោះជាមានករណីនេះក្តី លោកមិនសូវជាព្រួយបារម្ភពេកទេ ៖ «ខ្ញុំអត់អីទេ ធម្មតាទេ មិនសូវជាបារម្ភប៉ុន្មានទេ»។
យុវកសិករចិញ្ចឹមជ្រូកម្នាក់ឈ្មោះ ផល ពិសី នៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល និយាយថា លោកមានការព្រួយបារម្ភខ្លះដែរអំពីជំងឺផ្តាសាយA(H1N1)នេះ។
សូមជម្រាបជូនថា ចាប់តាំងពីមានការរីការាលនៃមេរោគA(H1N1) ពាសពេញពិភពលោកមក មន្រ្តីក្រសួងសុខាភិបាលប្រទេសកម្ពុជា បានប្រកាសអំពីករណីឆ្លងA(H1N1)ទី១ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ហើយស្ថិតិគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានបង្ហាញថា រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៩ ប្រទេសកម្ពុជាមានមនុស្សឆ្លងជំងឺនេះចំនួន៨៨ករណីហើយ៕
