វៀតណាម​រារាំង​សហព័ន្ធ​ខ្មែរ​ក្រោម​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ

ការ​ចូល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​អង្គការ​សហប្រជាជាតិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ត្រូវ​សម្រេច​ក្នុង​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​២៣ កក្កដា ខាង​មុខ​នេះ នៅ​បន្ទាប់​ពី​ការ​ស្នើសុំ​ចូល​ជា​សមាជិក​ភាព​នេះ អស់​រយៈពេល​ជាង ១០ឆ្នាំ​មក​នោះ។
ដោយ ម៉ម មុនីរតន៍
2012.07.21
Share on WhatsApp
Share on WhatsApp

ប្រធាន​សហព័ន្ធ​ខ្មែរ​ក្រោម បញ្ជាក់​ថា ការ​ចូល​ជា​សមាជិក​នេះ​មាន​សារសំខាន់​ណាស់ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​មក​លើ​ជនជាតិ​ដើម អាច​គេច​ផុត​ពី​ការ​ជិះជាន់​របស់​រដ្ឋាភិបាល នៃ​ប្រទេស​វៀតណាម បាន។ ក៏​ប៉ុន្តែ មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ព្យាយាម​រារាំង​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ។

មេ​ដឹកនាំ​ខ្មែរ​ក្រោម​ពិភពលោក បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ដ៏​មុតមាំ​ក្នុង​ដំណើរ​ការ​សុំ​ចូល​ជា​សមាជិក នៃ​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ ខណៈ​សមាជិក​ប្រមាណ ៥៤​ប្រទេស​នៅ​លើ​ពិភពលោក គ្រោង​នឹង​ធ្វើ​សេចក្ដី​សម្រេច​មួយ​ក្នុង​ការ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត នៅ​ដើម​សប្ដាហ៍​ខាង​មុខ​នេះ។

លោក ថាច់ ង៉ុក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១២ ថា សហព័ន្ធ​មួយ​នេះ​ទំនង​អាច​នឹង​ក្លាយ​ជា​សមាជិក​ថ្មី តាម​រយៈ​ការ​បោះ​ឆ្នោត​គាំទ្រ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​អង្គការ​សហប្រជាជាតិ។

លោក ថាច់ ង៉ុក ថាច់ អះអាង​ថា នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ សហព័ន្ធ​មាន​ការ​វិវឌ្ឍ​ថ្មីៗ​បន្ថែម​ទៀត ទៅ​លើ​គោល​នយោបាយ​របស់​ខ្លួន ក្នុង​ការ​កៀងគរ និង​ទាក់​ទាញ​ប្រជាប្រិយ​ភាព ដើម្បី​អាច​បាន​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច របស់​អង្គការ​សហប្រជាជាតិ​នេះ៖ «រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ការ​វិវឌ្ឍ​មាន​ទាំង​ផ្នែក​ជាមួយ​ប្រទេស ក៏​ដូច​ជា ជាពិសេស​អា​រឿង​ការ​ដាក់​ពាក្យ​ចូល​សុំ​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​អង្គការ​សហប្រជាជាតិ ដែល​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ខាង​មុខ​នេះ ដោយ​ប្រទេស​សមាជិក ៥៤​ប្រទេស»

ក្រុម​អ្នក​វិភាគ​គិត​ថា ការ​ចូល​ជា​សមាជិក​ណា​មួយ​របស់​សហព័ន្ធ ឬ​អង្គការ​នោះ អាច​មាន​សិទ្ធិ​លើក​បញ្ហា​ប្រឈម​នានា​របស់​ខ្លួន រាល់​សម័យ​ប្រជុំ​ជា​ផ្លូវការ​របស់​អង្គការ​សហប្រជាជាតិ ដូច​ជា​អាច​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នៅ​កិច្ច​ប្រជុំ មាន​សិទ្ធិ​ជួប​សន្ទនា​ជាមួយ​រដ្ឋាភិបាល ឬ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត មាន​សិទ្ធិ​រៀបចំ​កិច្ច​ប្រជុំ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​អង្គការ​សហប្រជាជាតិ។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម អត្ថាធិប្បាយ​ថា កៅអី​សំខាន់ៗ​ដែល​បង្កើត​ឡើង​ដោយ​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ក្នុង​នោះ​មាន​ក្រុម​ប្រឹក្សា​សន្តិសុខ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស និង​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច។ យន្ត​ការ​ទាំង​៣​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ធានា និង​ជា​ធាតុ​នៃ​ចលនា​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក។

ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា ប្រសិន​បើ​បំណង​ប្រាថ្នា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ទទួល​បាន​ការ​គាំទ្រ​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ កក្កដា ខាង​មុខ​នេះ គឺ​អាច​និយាយ​បាន​ថា អ្វី​ដែល​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ប្រ​ឈម​ក្រោម​របប​នយោបាយ​របស់​រដ្ឋាភិបាល​វៀតណាម អាច​នឹង​ត្រូវ​កាត់​បន្ថយ ដែល​ជំនួស​មក​វិញ​នូវ​ជំនឿ​សាសនា វប្បធម៌ និង​សិទ្ធិ​សេរីភាព ក្នុង​ការ​សម្ដែង​មតិ​ដែល​ធ្លាប់​មាន​ក្នុង​អតីតកាល​ជាដើម។

ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ខ្វាយខ្វល់​ចំពោះ​ការ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អតីតកាល​ពី​សហគមន៍​អន្តរ​ជាតិ ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​លើ​ផ្នែក​នេះ។

វិទ្យុ​អាស៊ី​សេរី បាន​ទទួល​កំណត់​ទូត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១២។ នៅ​ក្នុង​កំណត់​ទូត​នោះ បាន​បរិយាយ​ថា លោក ឡេ ហ្វាយ ទ្រុង (Le Hoai Trung) ឯក​អគ្គ​រដ្ឋទូត​របស់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ទទួល​បន្ទុក​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក លោក ឡេ ហ្វាយ ទ្រុង បាន​ប្រ​ឆាំង​ដាច់​ខាត តាម​រយៈ​កំណត់​ទូត​របស់​ខ្លួន​ដែល​ផ្ញើ​ទៅ​អង្គការ​សហប្រជាជាតិ ដោយ​ចាត់​ទុក​ថា អ្វី​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​នេះ គឺ​ក្នុង​ន័យ​ដើម្បី​ផ្ដាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម ប៉ុណ្ណោះ។ ជាពិសេស​នោះ គឺ​ស្នើ​សុំ​ឲ្យ​សមាជិក​នៃ​គណៈកម្មាធិការ​នេះ ទម្លាក់​ចោល​រាល់​ការ​ស្នើ​ឡើង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ប្រាថ្នា​ចង់​បាន​កៅអី​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​អង្គការ​សហប្រជាជាតិ​នោះ។

ក៏​ប៉ុន្តែ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុក ថាច់ ហាក់​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ព្យាយាម​ជំទាស់​របស់​ប្រទេស​កុម្មុយនិស្ត​វៀតណាម នេះ​ទេ។ លោក​បង្ហាញ​ជំនឿ​ថា សហព័ន្ធ​មួយ​នេះ​នឹង​អាច​ទទួល​បាន​ជោគជ័យ សម្រាប់​ការ​បោះ​ឆ្នោត​ដែល​លោក​គិត​ថា ជា​តំណែង​មួយ​អចិន្ត្រៃយ៍​មួយ​សម្រាប់​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​អង្គការ​សហប្រជាជាតិ​នេះ។

លោក ថាច់ ង៉ុក ថាច់៖ «ដែល​មិន​ចង់​សហព័ន្ធ​ខ្មែរ​កម្ពុជា​គាស់​កកាយ​ការពិត ជា​គំនិត​មួយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​ពិភពលោក​គេ​មិន​ឃើញ ហើយ​ក៏​មិន​ចង់​ឭ​ដែរ​នោះ​ទេ។ តំណាង​រដ្ឋាភិបាល​វៀតណាម នៅ​ទី​ក្រុង​ញីវយ៉ក បាន​ចោទ​មក​លើ​សហព័ន្ធ​ថា ជា​អង្គការ​មួយ​មាន​គំនិត​មិន​ល្អ ជា​អង្គការ​មួយ​មាន​គំនិត​អាក្រក់ ជា​អង្គការ​មួយ​សម្រាប់​ធ្វើ​វិទ្ធង្សនា។ តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ប្រទេស​ធំៗ​បាន​សួរ ហើយ​ដែល​រដ្ឋាភិបាល​វៀតណាម ឆ្លើយ​មិន​រួច​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​នោះ»

យ៉ាង​ណា​ក៏​ដោយ លោក ថាច់ ង៉ុក ថាច់ បញ្ជាក់​ថា រហូត​មក​ដល់​ពេល​មាន​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង ជាដើម ដែល​បាន​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ។

ចំណែក​លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក​គិត​ថា ប្រសិន​​បើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​មិន​អាច​មាន​វាសនា​ទទួល​បាន​ការ​គាំទ្រ​ជា​សមាជិក​ទេ​នោះ នោះ​មាន​ន័យ​ថា បញ្ហា​ដែល​ខ្មែរ​កម្ពុជា​ក្រោម​ធ្លាប់​ប្រឈម​នឹង​ក្លាយ​ជា​សម្ពាធ​កាន់​តែ​ខ្លាំង ជាពិសេស​ជំនឿ​សាសនា ខាង​វប្បធម៌​ប្រពៃណី​របស់​ពួក​គេ។ លោក​បន្ត​ថា អ្វី​ដែល​ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ​សម្រាប់​ការ​ចូល​ជា​សមាជិក​សេដ្ឋកិច្ច និង​សង្គម​កិច្ច​នោះ គឺ​ជា​ការ​ចំណេញ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ព្រោះ​ភាគី​នីមួយៗ​អាច​មាន​សិទ្ធិ​លើក​យក​ពី​ករណី និង​កាតព្វកិច្ច​នានា​ដាក់​ក្នុង​កិច្ច​ប្រជុំ ដើម្បី​រិះរក​ដំណោះស្រាយ និង​កាត់​បន្ថយ​សម្ពាធ​បាន។

រហូត​មក​ដល់​ពេល​នេះ មន្ត្រី​រដ្ឋាភិបាល​ពុំ​ទាន់​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​ការ​ចូល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​សហព័ន្ធ​ខ្មែរ​ក្រោម សម្រាប់​តំណែង​គ្រប់គ្រង​កៅអី​នៃ​អង្គការ​សហប្រជាជាតិ​ទេ នៅ​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១២។

របាយការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ៨​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​គំនាប​បាត់បង់​សិទ្ធិ​សេរីភាព និង​ជំនឿ​សាសនា។ ជាពិសេស​ស្ត្រី​រង​ការ​ប្រើប្រាស់​ហិង្សា និង​ព្រះសង្ឃ​ពុំ​ទទួល​បាន​សិទ្ធិ​ទូលំទូលាយ​ក្នុង​ការ​ពង្រីក​អក្សរសាស្ត្រ​ខ្មែរ​ជាដើម ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។

ទាក់​ទិន​ករណី​នេះ កាលពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១២ អង្គការ​អន្តរជាតិ​សំខាន់ៗ​ចំនួន​១៤ នៅ​លើ​សកលលោក ដែល​មាន​បេសកកម្ម​ផ្នែក​សិទ្ធិ​មនុស្ស បាន​ដាក់​សំណើ​រួម​គ្នា​មួយ​ក្នុង​វត្ថុ​បំណង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​បណ្ដា​សមាជិក ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ ក្នុង​នោះ​មាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Right Watch) មជ្ឈមណ្ឌល​អាម៉េរិកាំង សម្រាប់​ការ​សិក្សា​ផ្នែក​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម និង​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​ជាដើម។ នៅ​ក្នុង​សំណើ​រួម​របស់​អង្គការ​ទាំង​១៤ ដែល​ដាក់​ជូន​សមាជិក​គណៈកម្មាធិការ​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​អង្គការ​សហប្រជាជាតិ​នេះ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដោយ​សារ​គេ​រក​ឃើញ​ថា សហព័ន្ធ​ខ្មែរ​ក្រោម​បច្ចុប្បន្ន បាន​បាត់បង់​នៅ​សិទ្ធិ​ជា​មូលដ្ឋាន ដូច​ជា ម្ចាស់​ភាសា និង​ជំនឿ​សាសនា​ជា​ដើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល