ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​បារម្ភ​ចំពោះ​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន

ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្មាច់ញ៉ាម សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​ថ្លែង​ដោយ​ព្រួយ​បារម្ភ​​ថា សកម្មភាព​បូម​ខ្សាច់​នៅ​សមុទ្រ​ក្រៅ​ក្នុង​តំបន់​ឡាំដាំ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​និង​ការ​នេសាទ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ។

0:00 / 0:00

បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់​នៅ​ភូមិ​ស្មាច់ញ៉ាម បាន​ថ្លែង​ថា ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ កន្លង​មក​នេះ ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សមុទ្រ​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដូច​ជា​ល្អក់​ទឹក​សមុទ្រ​ដែល​ធ្វើ​ឲ្យ​ផល​នេសាទ​សម្រាប់​អ្នក​នេសាទ​នៅ​ក្នុង​តំបន់​នោះ​ធ្លាក់​ចុះ ៖ «កប៉ាល់​រាប់​រយ ប្រហែល​ពីរ​បី​ឆ្នាំ ឆ្នាំ​នេះ​ហើយ។ វេទនា​ណាស់​ឥឡូវ​ហ្នឹង វេទនា​រឿង​នេសាទ អ្នក​នេសាទ​ចេះ​តែ​បារម្ភ ហើយ​គ្មាន​នរណា​គេ​ឈឺឆ្អាល​អី​សោះ»

ប្រភព​ពី​ពលរដ្ឋ​ដដែល​បាន​អះអាង​ថា ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​តំបន់​សមុទ្រ​ក្រៅ ហៅ​ឡាំដាំ មាន​ច្រើន​ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន​បរទេស​និង​ខ្មែរ​ផង​ដែរ ដែល​បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សមុទ្រ​លក់​ទៅ​ក្រៅ​ប្រទេស​ប្រហែល​៣​ឆ្នាំ​មក​ហើយ។

លោក យុទ្ធ ភូថង អភិបាល​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​៥ ថា លោក​បាន​ជ្រាប​ពី​ករណី​នេះ​ហើយ ហើយ​កំពុង​តែ​ប្រជុំ​គណៈកម្មការ​ជំនាញ​ដែល​ពាក់​ព័ន្ធ​ដើម្បី​ចុះ​ត្រួត​ពិនិត្យ ៖ «ប៉ះពាល់​ដល់​ក្ដាម ឬ​ក៏​ជីវចម្រុះ​នៅ​ក្នុង​ទឹក​ហ្នឹង ឥឡូវ​គាត់​រក​អត់​បាន ពួក​គាត់​នេសាទ​ហ្នឹង ហើយ​ទី​២ វា​ប៉ះពាល់​ដល់​កោះ​ជ្រោយ​មួយ​ចំនួន​ដែល​កំពុង​រក​បាក់។ ខ្ញុំ​កំពុង​ឲ្យ​គណៈកម្មការ​និង​អ្នក​ជំនាញ​គេ​ទៅ​ពិនិត្យ​មើល​ថា​ការ​បូម​ហ្នឹង​វា​ប៉ះពាល់​អី​ខ្លះ នឹង​រាយការណ៍​ជូន​រដ្ឋាភិបាល»

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង បាន​ថ្លែង​ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់ ព្រោះ​បើ​មិន​មាន​ការ​ទប់​ស្កាត់​ទេ ធនធាន​ធម្មជាតិ​នៅ​ដែន​សមុទ្រ​នឹង​បាត់​បង់​ពី​តំបន់​នោះ។

ទាក់​ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សមុទ្រ​នោះ លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ឲ្យ​ដឹង​ថា ៖ «សព្វថ្ងៃ​នេះ​អន្តរជាតិ​គេ​កំពុង​រួម​គ្នា​ដើម្បី​ការពារ​បរិស្ថាន ហើយ​ការ​បូម​ខ្សាច់​ចេញ​ពី​មាត់​សមុទ្រ​វា​នាំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​រស់​នៅ​របស់​មច្ឆា​ជាតិ​នៅ​ក្នុង​សមុទ្រ វា​ប៉ះពាល់​ទៅ​ដល់​ទឹក ការ​ប្រើប្រាស់​របស់​ប្រជាជន ប៉ះពាល់​ទៅ​ដល់​ការ​បាក់​ដី ឬ​មួយ​ក៏​បាក់​ច្រាំង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ វា​មាន​ហេតុផល​ប៉ះពាល់​ច្រើន​ណាស់ អ្វី​ក៏​ដោយ​តែ​យើង​ធ្វើ​ខុស​ពី​ធម្មជាតិ​ដែល​បាន​រក្សា​ទុក​ពី​ដើម​មក គឺ​វា​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជា​មិន​ខាន​ទេ»

សូម​រំឭក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ បាន​ប្រកាស​បញ្ឈប់​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស រាប់​ទាំង​ការ​ធ្វើ​អាជីវកម្ម​បូម​ដី​ខ្សាច់​នៅ​ដែន​សមុទ្រ និង​ទាំង​ការ​បូម​ខ្សាច់​នៅ​ទន្លេ ស្ទឹង ព្រែក។ ក៏ប៉ុន្តែ​បាន​កំណត់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ករណី​តម្រូវការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ និង​ទីន្លែង​ណា​ដែល​មា​នខ្សាច់​កក​ស្ទះ​ដល់​ចរន្ត​ទឹក ដើម្បី​ការពារ​លំនឹង​ធម្មជាតិ បរិស្ថាន និង​ការពារ​នូវ​ដែន​ទឹក​សាប​និង​ដែន​ទឹក​សមុទ្រ៕