ក្នុងពេលដែលតុលាការខ្មែរក្រហមដែលមានការចូលរួមពីអង្គការសហប្រជាជាតិ កំពុងបើកសវនាការកាត់ទោសអតីតមេគុកទួលស្លែង កាំង ហ្កេចអ៊ាវ ហៅ ឌុច មុននឹងឈានដល់ការសម្រេចផ្តន្ទាទោសនោះ ក្រុមអន្តរជាតិមួយដែលតាមឃ្លាំមើលតុលាការខ្មែរក្រហមបានលើកឡើងថា ការជ្រៀតជ្រែករបស់រដ្ឋាភិបាលកម្ពុជា គឺគំរាមដល់ដំណើរការរបស់តុលាការនេះ។
របាយការណ៍របស់ក្រុមមួយដែលជាអ្នកឃ្លាំមើលតុលាការកាត់ទោសខ្មែរក្រហមឈ្មោះ Open Society Justice Initiative ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ២៤ វិច្ឆិកាថា ការជ្រៀតជ្រែកខាងនយោបាយចូលក្នុងតុលាការនេះ បង្កជាទំនាស់ធ្ងន់ធ្ងរដល់ភាពគួរឲ្យជឿទុកចិត្តរបស់តុលាការផង និងដល់គុណភាពរបស់តុលាការក្នុងដំណើរការតាមបទដ្ឋានអន្តរជាតិផង។
របាយការណ៍បន្តទៀតថា ការបដិសេធរបស់សហចៅក្រមស៊ើបអង្កេតខ្មែរមិនកោះហៅមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតមកសាកសួរ ហើយនិងប្រសាសន៍ប្រឆាំងនឹងតុលាការពីសំណាក់មន្ត្រីជាន់ខ្ពស់នានាក្នុងរដ្ឋាភិបាលកម្ពុជា បាននាំឲ្យមានការបារម្ភកាន់តែខ្លាំងឡើង។
អង្គការដដែលនេះក៏បានលើកឡើងទៀតថា ការអូសបន្លាយរបស់រដ្ឋាភិបាលខ្មែរក្នុងការជ្រើសតាំងសហព្រះរាជអាជ្ញាអន្តរជាតិថ្មី បន្ទាប់ពីជនជាតិកាណាដា លោក រ៉ូប៊ែរ ប៉ឺទី (Robert Petit) បានប្រកាសលាឈប់ពីការងារកាលពីខែមិថុនា ដោយមូលហេតុគ្រួសារនោះ បានទុកឲ្យដំណើរការកាត់ទោសដោយគ្មានតុល្យភាពនិងគ្មានភាពដឹកនាំរឹងមាំ។
របាយការណ៍បញ្ជាក់ថា ក្នុងពេលដែលគេមិនបានប្រកាសជាសាធារណៈនូវមូលហេតុស្តីពីការអូសបន្លាយនេះ គឺបញ្ហានេះបានក្លាយកាន់តែច្បាស់ឡើងហើយថា វាអាចនឹង ហើយប្រហែលជាបម្រុងធ្វើឲ្យការិយាល័យព្រះរាជអាជ្ញាចុះខ្សោយ ដោយដកហូតរយៈពេលយូរមិនឲ្យមានភាពដឹកនាំរឹងមាំក្នុងសវនាការនោះ៕