សាលាក្ដី​ខ្មែរ​ក្រហម​រៀបចំ​ដំណើរការ​សំណុំ​រឿង​០០២

នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​បាន​ប្រកាស​ថា គេ​នឹង​ចាប់ផ្ដើម​ដំណើរការ​សវនាការ​សំណុំ​រឿង ០០២ នៅ​ចុង​ខែ​នេះ។

0:00 / 0:00

សាលាក្ដី​ខ្មែរ​ក្រហម​នឹង​ចាប់​ផ្ដើម​បើក​សវនាការ​បឋម​រឿង​ក្ដី ០០២ ដែល​នឹង​ធ្វើ​ឡើង​រយៈពេល ៤​ថ្ងៃ គឺ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១១។ នេះ​ជា​ការ​ចាប់​ផ្ដើម​ដំណើរការ​ជំនុំជម្រះ​ក្ដី​ជា​ផ្លូវការ​ប្រឆាំង​ជន​ជាប់​ចោទ​ ៤​នាក់​ដែល​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ។

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា លោក ឡាស អូលសិន (Lars Olsen) បាន​ថ្លែង​ថា ចំពោះ​សវនាការ​បឋម​នេះ គឺ​មន្ត្រី​តុលាការ​នឹង​មិន​លើក​ឡើង​អំពី​កំហុស និង​ពិរុទ្ធភាព​របស់​ជន​ជាប់​ចោទ​ទាំង ៤​នាក់​ក្នុង​បទឧក្រិដ្ឋ​ដែល​បាន​ចោទ​ដូច​ដីកា​ដែល​បាន​បញ្ជូន​ជំនុំជម្រះ​កន្លងមក​ទេ។ សវនាការ​បឋម​នេះ នឹង​មិន​មាន​ការ​ចោទ​ឆ្លើយឆ្លង​រវាង​ជន​ជាប់​ចោទ និង​ដើម​ចោទ ឬ​មាន​សាក្សី​បង្ហាញ​មុខ​អ្វី​នោះ​ទេ។

លោក ឡាស អូលសិន​ បាន​បញ្ជាក់​តាម​រយៈ​អ្នក​បក​ប្រែ​ថា សវនាការ​បឋម​របស់​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ នឹង​លើក​ឡើង​អញ្ញត្រកម្ម គឺ​មាន​ន័យ​ថា ការ​លើក​ឡើង​ការ​ជំទាស់​នានា របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ដែល​ទាក់ទង​ទៅ​នឹង​យុត្តាធិការ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​ខ្មែរ​ក្រហម។

មន្ត្រី​សាលាក្ដី ៣០៥
២៣-មិថុនា-២០១១៖ មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ធ្វើ​សន្និសីទ​កាសែត​អំពី​ដំណើរការ​សំណុំ​រឿង ០០២។ (RFA/Leng Maly)

ចំពោះ​សវនាការ​កាត់​ទោស ឬ​ហៅ​ជា​ភាសា​ច្បាប់​ថា «សវនាការ​អង្គ​សេចក្ដី» នោះ​នឹង​ធ្វើ​នៅ​បន្ទាប់​ពី​សវនាការ​បឋម​នេះ​ចប់ ហើយ​នៅ​ក្នុង​សវនាការ​បឋម​នេះ គេ​រំពឹង​ថា មាន​សាក្សី​អ្នក​ជំនាញ​ច្បាប់​ចូល​រួម​ជាង ១.០០០​នាក់។

លោក ឡាស អូលសិន ៖ «ដូច្នេះ​នៅ​ក្នុង​ដំណើរ​នៃ​ការ​លើក​ឡើង​ទាក់ទង​នឹង​អញ្ញត្រកម្ម និង​ដំណើរការ​យន្តការ​នៃ​ដំណើរការ​នេះ គឺ​សំណួរ​នឹង​លើក​ឡើង​ទាក់ទង​ថា តើ​នរណា​ខ្លះ​គួរ​ត្រូវ​តែ​បាន​នាំ​មក​វិនិច្ឆ័យ​ទោស​ក្នុង​ដែន​សមត្ថកិច្ច​ក្នុង​តុលាការ​វិសាមញ្ញ​កម្ពុជា»

លោក​បន្ត​ថា នៅ​ក្នុង​ដំណើរការ​សវនាការ​បឋម​នេះ​ នឹង​ផ្ដល់​ឱកាស​ដល់​មេធាវី​នាំ​មុខ​នៃ​បណ្ដឹង​រដ្ឋប្បវេណី​ដើម្បី​ទាមទារ​សំណង ដូច​ជា​សំណង​សមូហភាព សំណង​ផ្លូវ​ចិត្ត និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​រឿង​ក្ដី​នេះ។

ដោយ​ឡែក អៀង សារី ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំងមុខ​​ម្ដង​មក​ហើយ នៅ​ឆ្នាំ​១៩៧៩ ដោយ​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា ក្នុង​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា។ ក្រោយ​មក អៀង សារី បាន​នាំ​ពួក​ខ្មែរ​ក្រហម​ទាំង​ប្រជាជន ទាំង​កងទ័ព​​នៅ​ខេត្ត​ប៉ៃលិន ចុះ​ចូល​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ លើកលែង​ទោស​នៅ​ឆ្នាំ​១៩៩៦។

ទាក់ទង​រឿង​ក្ដី អៀង សារី នេះ លោក អាង ឧត្ដម មេធាវី​ការពារ​ក្ដី​ឲ្យ អៀង សារី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា នៅ​ក្នុង​សវនាការ​បឋម​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​នឹង​ធ្វើ​ឡើង​នា​ចុង​ខែ​មិថុនា នេះ លោក​នឹង​ទាមទារ​មន្ត្រី​តុលាការ​ខ្មែរ​ក្រហម​មិន​ឲ្យ​កាត់​ក្ដី​ អៀង សារី ដែល​កូន​ក្ដី​របស់​លោក​ជា​លើក​ទី​ពីរ​ទៀត​ទេ។

លោក អាង ឧត្ដម បន្ត​ដូច្នេះ ៖ «តុលាការ​បាន​កាត់​ទោស​គាត់​ម្ដង​ហើយ​ ចេញ​សាលក្រម​ស្ថាពរ​ពេញលេញ​រួច​ហើយ​ ហើយ​មាន​ច្បាប់​ឆ្នាំ​១៩៩៤ ដាក់​កម្ពុជា​ប្រជាធិបតេយ្យ​ឲ្យ​នៅ​ក្រៅ​ច្បាប់​ ហើយ​ក្រោយ​ឡើង​ទាក់ទង​រឿង​ព្រះ​រាជក្រឹត្យ​លើកលែង​ទោស នេះ​ករណីយ​ពីរ​ផ្សេង​គ្នា។ ព្រោះ​យើង​ប្រើ​ច្បាប់​ជាតិ ច្បាប់​ឆ្នាំ​១៩៥៦​ ក៏​អ៊ីចឹង ច្បាប់​ក្រោយៗ​មក​ទៀត​ក៏​អ៊ីចឹង ប៉ុន្តែ​គ្រាន់​ថា អ្នក​បកស្រាយ​ហ្នឹង​ចេះ​តែ​ទាញ​ទៅ​ផ្សេងៗ​គ្នា​ទៅ​ ដើម្បី​រក​ផលប្រយោជន៍​រៀង​ខ្លួន មិន​រក​ផលប្រយោជន៍​ផ្នែក​យុត្តិធម៌​ទេ»

លោក អាង ឧត្ដម បាន​បន្ថែម​ថា ការ​កាត់​ទោស​កូន​ក្ដី​របស់​លោក គឺ អៀង សារី ជា​ថ្មី​ម្ដង​ទៀត​ដោយ​តុលាការ​ខ្មែរ​ក្រហម​លើក​នេះ គឺ​ផុត​អាជ្ញាយុកាល មាន​ន័យ​ថា ហួស​ពេល​កំណត់​ដែល​លោក​ថា នេះ​ជា​ការ​រំលោភ​បំពាន​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។

អតីត​មេដឹកនាំ​ជាន់​ខ្ពស់​​ខ្មែរ​ក្រហម​ដែល​ត្រូវ​កាត់​ទោស​នោះ មាន នួន ជា អតីត​ប្រធាន​សភា​តំណាង​ប្រជាជន ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង អៀង ធីរិទ្ធ ប្រពន្ធ អៀង សារី ជា​អតីត​រដ្ឋ​ក្រសួង​សង្គមកិច្ច។ អ្នក​ទាំង​៤ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ជិត​ស្លាប់​ជិត ២​លាន​នាក់​ក្នុង​របប​ខ្មែរ​ក្រហម​កាន់​កាប់​អំណាច​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

តុលាការ​ខ្មែរ​ក្រហម ដែល​គេ​ហៅ​ជា​ផ្លូវការ​ថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ខ្មែរ​ក្រហម ទើប​បាន​កាត់​ទោស​សំណុំ​រឿង​០០១ គឺ​កាត់​ទោស កាំង ហ្គិកអៀវ ហៅ ឌុច មេ​គុក​ទួល​ស្លែង​ឲ្យ​ជាប់​គុក ៣៥​ឆ្នាំ​ ក្នុង​ការ​ទទួល​ខុស​ត្រូវ​អ្នក​ទោស​​ជាង ២​ម៉ឺន​នាក់​ដែល​ត្រូវ​គេ​ធ្វើ​ទារុណកម្ម និង​វាយ​សម្លាប់​ចោល​យ៉ាង​ព្រៃផ្សៃ​​ក្នុង​របប​ខ្មែរ​ក្រហម​កាន់​អំណាច។

តុលាការ​ខ្មែរ​ក្រហម​មាន​គម្រោង​បន្ត​​បើក​សវនាការ​រឿង​ក្ដី ០០៣ និង ០០៤ បន្ត​ទៅ​ទៀត ខណៈ​ដែល​ភាគី​រដ្ឋាភិបាល​កម្ពុជា ជំទាស់​ថា ការ​នាំ​ខ្លួន​ជនសង្ស័យ​ជា​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​​​បន្ថែម​ទៀត ​នឹង​អាច​​នាំ​​ឲ្យ​ប្រទេស​កម្ពុជា វិល​ទៅ​រក​សង្គ្រាម​ដូច​ដើម​វិញ ព្រោះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ខ្លះ​ភ័យខ្លាច​ចាប់​ខ្លួន ​ហើយ​ពួក​គេ​​អាច​នាំ​គ្នា​រត់​ចូល​ព្រៃ​តស៊ូ​ប្រឆាំង​តប​វិញ៕