ការថ្លែងអំពីការសោកស្ដាយរបស់សាក្សី សួង ស៊ីគឿន គឺធ្វើឡើង ក្នុងពេលដែលគាត់ពន្យល់អំពីរបៀបដែលគេចាប់មនុស្សនៅក្រសួងការបរទេស តាមចម្លើយសារភាពរបស់អ្នកទោសនៅគុកទួលស្លែង ឬហៅកាត់ថា មន្ទីរ ស-២១។ លោកថាពេលនោះ មិនមែនជាបដិវត្តបម្រើជាតិទេ៖ «សុំអត់ទោសបងៗ ខ្ញុំថា បើខ្ញុំដឹងមុន ខ្ញុំអត់ចូលជិតទេ ប៉ុន្តែសំណាងខ្ញុំ។ បើសិនខ្ញុំដឹងនៅពេលនោះ ខ្ញុំក៏មិនបានរស់ដែរ ព្រោះខ្ញុំមិនខ្លាចទេ វាដល់ក។ ធ្វើដល់អ៊ីចឹង វាមិនមែនអីជាសង្គមនិយម មិនមែនជាបដិវត្ត មិនមែនបម្រើប្រជាជន ឬបម្រើជាតិទេ។ ខ្ញុំឈឺចាប់ណាស់»។
នៅពេលឆ្លើយតបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញា ក្នុងសវនាការនៅថ្ងៃទី ៦ សីហា សាក្សី សួង ស៊ីគឿន ដែលអះអាងថា ជាសកម្មជនបក្សកុម្មុយនិស្តកម្ពុជាមួយរូប បានរំឭកដល់មិត្តភ័ក្ដិរបស់គាត់ម្នាក់ដែលត្រូវស្លាប់ដោយសារមន្ទីរ ស-២១ ឬគុកទួលស្លែងនៃរបបកម្ពុជាប្រជាធិបតេយ្យ។
លោក សួង ស៊ីគឿន ហៅរឿងរ៉ាវមិត្តភ័ក្ដិរបស់គាត់នៅគុកទួលស្លែងនោះថា ជាវិនាសកម្មដែលធ្វើឱ្យគាត់ឈឺចាប់ និងហួសចិត្ត៖ «ការវិនាសកម្មនេះ ខ្ញុំឃើញនៅទួលស្លែង ខ្ញុំទៅមើលទួលស្លែង គឺមិត្តភ័ក្ដិខ្ញុំដែលស្លូតត្រង់ ខ្ញុំហួសចិត្តតែម្ដង។ ស្លូតត្រង់ជាគ្រូពេទ្យ ហើយជាមនុស្សល្អ យកគ្នាទៅសម្លាប់ចោល គឺវាអាណោចអាធ័មណាស់»។
ទាក់ទងនឹងវិនាសកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សាក្សីជម្រាបអង្គសវនាការការថា នៅក្រសួងការបរទេសក្នុងសម័យកាលនោះ គាត់ឃើញមានមនុស្សសំខាន់ៗ ជាច្រើនរូប រាប់ទាំងមិត្តភ័ក្ដិរបស់គាត់ផង បានបាត់ខ្លួន។ ប៉ុន្តែគាត់មិនដឹងថា អ្នកទាំងនោះបាត់ទៅណាទេ។
ទោះជាដូច្នេះក្ដី សាក្សី សួង ស៊ីគឿន បញ្ជាក់ថា បុគ្គលិក ឬកម្មាភិបាលធ្វើការនៅមន្ទីរ ប១ ត្រូវគេចាប់ខ្លួនភ្លាមៗ ប្រសិនបើមានអ្នកទោសនៅគុកទួលស្លែង ៣ នាក់ឆ្លើយដាក់។ គាត់ឱ្យនិយមន័យចម្លើយ ៣ នាក់នោះថា ៣ ឯកសារ។
លោកពន្យល់ថា ការអនុវត្តការចាប់ខ្លួនតាមចម្លើយ ៣ ឯកសារដូច្នេះយូរៗ នាំឱ្យមានការចាប់ច្រើនឡើងៗ។ ដោយសារការចាប់ច្រើន ទើបគេដំឡើងទៅជា ៥ ឯកសារ រហូតដល់មានគោលការណ៍លើកលែងទោស ៨ ចំណុច ឬហៅថា ៨ ឯកសារ នៅឆ្នាំ ១៩៧៨។ លោកថាគោលការណ៍នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយជនជាប់ចោទ អៀង ធីរិទ្ធ ដែលជាបងថ្លៃរបស់គាត់។
សាក្សី សួង ស៊ីគឿន អាចរួចខ្លួនពីការចាប់ចងនៅពេលនោះ ព្រោះតែគាត់មានឯកសារឆ្លើយដាក់តិចជាងគេ ដោយសារតែគាត់មិនសូវចូលជប់លៀងជាមួយអ្នកដទៃ ដែលធ្វើគាត់មិនមានឯកសារគ្រប់ចំនួន ត្រូវចាប់ខ្លួន៖ «ទាល់តែ ៥ ឯកសារ ទើបចាប់ខ្លួនបាន។ ក៏ប៉ុន្តែ នៅក្រសួងបរទេស ខ្ញុំសូមជម្រាបថា មានតែខ្ញុំទេ មានឯកសារតិចជាងគេ។ អ៊ីចឹងហើយ ទើបខ្ញុំមើលវ៉ឹបសៃថ៍ណាមួយ ដាក់រូបខ្ញុំហើយ គេថា អ្នកបន្តវេនពី ប៉ុល ពត។ គេដាក់ខ្ញុំអ៊ីចឹង ហើយជួនកាលចេញពីសាលាហ្នឹងទៅ គេថាខ្ញុំទៀតហើយ។ ចាំមើលអាស៊ីសេរី ឬក៏ វីអូអេ ហ្នឹង គាត់ថាម៉េច ចាំមើលទៀត។ ជួនកាលចេញវ៉ឹបសៃថ៍ ចេញរបៀបអ៊ីចឹង»។
សាក្សី សួង ស៊ីគឿន ថ្លែងថា បើទោះជាគេអនុវត្តគោលការណ៍ចាប់ខ្លួនតាមរយៈ ៥ ឯកសារដូច្នេះក្ដី លោក គាត ឈន់ មានរហូត ៦០ ឯកសារ ដែលគេឆ្លើយដាក់ ព្រោះតែលោកមានមិត្តភ័ក្ដិច្រើន ហើយឧស្សាហ៍ចូលរួមជប់លៀងជាមួយអ្នកទាំងនោះ។ ក៏ប៉ុន្តែ ដោយសារតែគេយល់ឃើញថា ប្រសិនបើគេចាប់ខ្លួនលោក គាត ឈន់ និងមនុស្សសំខាន់ៗមួយចំនួនទៀត តាមការឆ្លើយដាក់របស់អ្នកទោសនៅគុកទួលស្លែង ក្រសួងការបរទេស នឹងត្រូវអស់មនុស្សធ្វើការ ហើយមិនអាចដំណើរការទៅទៀតបាន។ ហេតុផលនោះហើយ ទើបគេមិនចាប់លោក គាត ឈន់។
ការស្ដាប់សក្ខីកម្មរបស់សាក្សី សួង ស៊ីគឿន នៅមិនទាន់បញ្ចប់ទេ ហើយនឹងត្រូវធ្វើបន្តនៅថ្ងៃអង្គារ ទី៧ សីហាទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
