អតីត​អ្នក​ទោស​នៅ​មន្ទីរ​ស-​២១​សម្ដែង​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​បន្ត​ចូលរួម​សវនការ ឌុច

អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​មួយ​រូប ដែល​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម និយាយ​ថា គាត់​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​ទេ​ថា តើ​នឹង​ត្រូវ​បន្ត​ចូល​រួម ឬ​យ៉ាង​ណា​ទេ ក្នុង​សវនា​ការ​លើ​សំណុំ​រឿង​ក្តី​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០០៩​ខាង​មុខ។

ការ​ថ្លែង​ពី​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​ការ​ចូលរួម​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម លើ​សំណុំ​រឿង​ក្តី​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០០៩ ខាង​មុខ​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០០៩ ដោយ​លោក ជុំ ម៉ី អតីត​អ្នក​ទោស​របស់​ខ្មែរ​ក្រហម​មួយ​រូប នៅ​មន្ទីរ​ស-​២១ ឬ​គុក​ទួល​ស្លែង បន្ទាប់​ពី​រូប​លោក​និង​ក្រុម​ជន​រង​គ្រោះ ដែល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​ក្រុម​ទៀត មិន​ចូលរួម​សវនាការ​នៅ​ក្នុង​សប្តាហ៍​នេះ ៖ «មិន​ទាន់​ដឹង​ទេ ចាំ​មើល​ចម្លើយ​ចៅក្រម​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច»

ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​មក លោក ជុំ ម៉ី រួម​ជាមួយ​ជន​រង​គ្រោះ​ដែល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ២៧​រូប​ផ្សេង​ទៀត បាន​រួម​គ្នា​ធ្វើ​ពហិការ​មួយ ដោយ​មិន​ចូលរួម​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ក្តី​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង​ដោយ​សារ​តែ​ការ​សម្រេច​របស់​ក្រុម​ចៅក្រម​ជំនុំ​ជម្រះ មិន​អនុញ្ញាត​ឲ្យ​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​សិទ្ធិ​សួរ​អំពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ។

ទាក់​ទង​នឹង​ការ​សម្រេច​របស់​ក្រុម​ចៅក្រម លោក ជុំ ម៉ី ថ្លែង​ថា ៖ «រឿង​អី​បាន​អត់​ឲ្យ​មេធាវី​សួរ​រឿង​អត្តចរិត ឌុច ដល់​អ៊ីចឹង​ហាក់​ដូចជា​រឿង​ខ្ញុំ គេ​អត់​ទទួល​ស្គាល់។ ខ្ញុំ​បាន​ចូលរួម​តាំង​ពី​ដើម​ទី​មក ខ្ញុំ​តាម​ដាន ខ្ញុំ​ថា ខ្ញុំ​មាន​ពន្លឺ​យុត្តិធម៌ ១០០% តែ​ខ្ញុំ​ស្ដាយ​បន្តិច​ត្រង់​ហ្នឹង​ទេ ត្រង់​គាត់​អត់​ឲ្យ​មេធាវី​ខ្ញុំ​សួរ​អត្តចរិត ឌុច វា​អត់​សម​ហេតុ​សម​ផល​ទេ​ដល់​អ៊ីចឹង​នោះ»

សេចក្តី​សម្រេច​របស់​ក្រុម​ចៅក្រម​ជំនុំ​ជម្រះ​មិន​អនុញ្ញាត​ឲ្យ​មេធាវី​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​មាន​សិទ្ធិ​សួរ​អំពី​អត្តចរិត​ជន​ជាប់​ចោទ ត្រូវ​បាន​ប្រកាស​ដោយ​លោក និល ណុន ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០០៩ ក្នុង​នីតិ​វិធី​មួយ ដែល​មាន​សាក្សី​ចំនួន ៦​រូប ឡើង​ថ្លែង​អំពី​អត្តចរិត​របស់​ជន​ជាប់​ចោទ ឌុច។

លោក និល ណុន ថ្លែង​យ៉ាង​ដូច្នេះ ៖ «តាម​មតិ​ភាគ​ច្រើន​របស់​អង្គ​ជំនុំ​ជម្រះ និង​មតិ​ជំទាស់​របស់​ចៅក្រម Lavergne អង្គ​ជំនុំ​ជម្រះ​សម្រេច​ដូច​ខាង​ក្រោម​នេះ ដើម​បណ្តឹង​រដ្ឋប្ប​វេណី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សួរ​ជន​ជាប់​ចោទ ពាក់ព័ន្ធ​នឹង​អត្ត​ចរិត និង​សាក្សី​ដែល​មាន»

លោក និល ណុន ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ បាន​បញ្ជាក់​ថា សេចក្តី​សំអាង​ជា​លាយ​ល័ក្ខណ៍​អក្សរ​ ចំពោះ​ការ​បដិសេធ​សិទ្ធិ​របស់​មេធាវី​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​នឹង​ត្រូវ​ប្រកាស​ដល់​គ្រប់​ភាគី​នៅ​ក្នុង​ពេល​សមស្រប​ណា​មួយ​ខាង​មុខ។

នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា​នេះ សាលាក្តី​ខ្មែរ​ក្រហម​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​មួយ ដើម្បី​ពិក្សា​អំពី​បញ្ហា​ផ្សេង​របស់​សាលាក្តី​នេះ។ លោក ជុំ ម៉ី ថ្លែង​ថា លោក​រង់​ចាំ​លទ្ធផល​ពី​ការ​នេះ ថា​តើ​សាលាក្តី​នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​សិទ្ធិ​មេធាវី​របស់​លោក៕