ស្រ្តីមួយរូបឈ្មោះ ឌី បានអះអាងថា អ្នកភូមិទី២៣ មានការព្រួយបារម្ភចំពោះទីលំនៅរបស់ពួកគេដែលខាងភាគីក្រុមហ៊ុនស៊ូកាគូមិនដែលមកជួបមុខនិយាយគ្នាជាមួយប្រជាពលរដ្ឋនោះថា មានការដោះដូរឬផ្តល់សំណងឲ្យប្រជាពលរដ្ឋយ៉ាងណានោះ ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកភូមិមួយចំនួនបានជួសជុលផ្ទះ ប៉ុន្តែក្រុមហ៊ុនបានមកហាមឃាត់ទៅវិញ។
អ្នកស្រី ឌី បានឲ្យដឹងដូច្នេះ ៖ «ខាងក្រុមហ៊ុនយកកម្លាំងសមត្ថកិច្ចមកចាប់យកសសរផ្ទះ យកសម្ភារៈដែលជួសជុលដឹកយកទៅខណ្ឌអស់»។
ស្រ្តីម្នាក់ទៀតដែលជាម្ចាស់ផ្ទះធ្វើការជួសជុលនោះ បាននិយាយដែរថា ផ្ទះអ្នកស្រីបានជួសជុលរួច ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានទៅដាក់កំណត់ឲ្យរុះដូចដើមវិញ ព្រមទាំងមានលិខិតឲ្យរុះរើពីអភិបាលរងខណ្ឌដូនពេញ គឺលោក សុខ ពេញវុធ យកទៅបិទភ្ជាប់នៅលើជញ្ជាំងផ្ទះផងដែរ។
ស្ត្រីដដែលបានអះអាងទៀតថា ផ្ទះរបស់ពួកគេមិនមែនជាផ្ទះនៅលើទឹកបឹងកក់នោះទេ គឺនៅជាប់ខាងក្រោយស្ថានទូតបារាំង ហើយចំពោះផ្ទះអ្នកមានអំណាចមួយចំនួននៅតំបន់នោះដែរ ពុំមានការហាមឃាត់មិនឲ្យជួសជុលនោះឡើយ។
ស្រ្ដីដែលមិនបញ្ចេញឈ្មោះឲ្យដឹងដូច្នេះថា ៖ «ដូចថា ផ្ទះខ្លះគេធ្វើជាវីឡាកូនកាត់អ៊ីចឹងទៅ គេអត់រុះរើដោយសារគេមានខ្នង ឬក៏ជាអង្គរក្សអ្នកនេះអ្នកនោះអ៊ីចឹង គេអត់រុះរើទេ ដល់ពេលខ្ញុំ ខ្ញុំប្រជាជនធម្មតាអ៊ីចឹងគេមករករឿងយើង។ បើនៅកន្លែងសង្កាត់អ៊ីចឹងខ្ញុំថាអ៊ីចេះ ពូឯងមើលផ្ទះគេជួសជុលបានអត់រុះរើផ្ទះគេ ម៉េចមករុះរើតែផ្ទះខ្ញុំ បើពូឯងវ៉ៃចោល វ៉ៃផ្ទះគេដែរទៅ ខ្ញុំក៏សុខចិត្តដែរ។ គាត់សួរថា អ្ហែងមានខ្នងដូចគេឬអត់? ខ្ញុំថា អ៊ីចឹងប្រជាជនធម្មតាទាល់តែមានខ្នងដូចពូឯងនិយាយអ៊ីចឹងបានរស់នៅបានឬ?»។
អភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ មិនបានអធិប្បាយអំពីបញ្ហានេះទេ ដោយលោកឲ្យសួរទៅក្រុមហ៊ុននិងលោក សុខ សម្បត្តិ ជាអភិបាលខណ្ឌដូនពេញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតាមទូរស័ព្ទសួរលោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ និងភាគីក្រុមហ៊ុនសូកាគូបានទេនៅថ្ងៃទី១៩ មករា។
រីឯចៅសង្កាត់ស្រះចកបានមានប្រសាសន៍ថា លោកមិនដឹងរឿងនេះទេ ព្រោះលោកសុំច្បាប់ឈប់សម្រាក១ខែ ដោយលោកបានបញ្ជាក់ថា ឲ្យសួរទៅអភិបាលខណ្ឌរងគឺលោក សុខ ពេញវុធ ដដែល ព្រោះថាលោក សុខ ពេញវុធ ជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ។
អភិបាលរងរាជធានីភ្នំពេញ លោក ម៉ាន់ ឈឿន ក៏មិនបានដឹងអំពីបញ្ហានេះដែរ ដោយលោកឲ្យសួរទៅខាងអភិបាលខណ្ឌដូនពេញដូចគ្នានឹងលោកចៅសង្កាត់ស្រះចកដែរ ព្រោះគេបានបង្កើតគណៈកម្មការមួយដើម្បីដោះស្រាយអំពីបញ្ហានេះ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋបានបញ្ជាក់ថា បើសិនជាក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍បឹងកក់ ហើយប៉ះពាល់ផ្ទះពួកគេដែលកំពុងរស់នៅតាំងពីឆ្នាំ១៩៨០មកហើយនោះ គឺសុំឲ្យក្រុមហ៊ុនមានគោលការណ៍ចរចាគ្នាឲ្យបានច្បាស់លាស់នោះពួកគេមិនជំទាស់ឡើយ៕