ស្ថិតិ​នៃ​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩

មន្ត្រី​ជាន់​ខ្ពស់​របស់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​៦ មករា ឆ្នាំ​២០១០​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ​ថ្មីៗ​នេះ មជ្ឈមណ្ឌល​បាន​បោស​សម្អាត​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​ជាង​១​សែន​៤​ម៉ឺន​គ្រាប់ តួលេខ​នេះ​នៅ​តិច​ជាង​ឆ្នាំ​២០០៨​កន្លង​មក។

0:00 / 0:00

លោក ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា បាន​ថ្លែង​បន្ថែម​ទៀត​ថា សម្រាប់​ផ្ទៃ​ដី​ដែល​បាន​សម្អាត​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ឆ្នាំ​២០០៩ មាន​ជាង​៣១​គីឡូម៉ែត្រ​ការ៉េ គឺ​ចំនួន​ច្រើន​ជាង បើ​ធៀប​នឹង​ឆ្នាំ​២០០៨ ដែល​មាន​ចំនួន​តែ​ជាង​២៧​គីឡូម៉ែត្រ​ការ៉េ។

លោក ហេង រតនា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «១​សែន​៤​ម៉ឺន​គ្រាប់​នេះ យើង​រាប់​បញ្ជូល​ទាំង​គ្រាប់​មីន​ប្រឆាំង​មនុស្ស គ្រាប់​មីន​ប្រឆាំង​រថក្រោះ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​មាន​គ្រាប់​រ៉ុកែត​គ្រាប់​អី​គ្រប់​ប្រភេទ​ហ្នឹង។ យើង​និយាយ​អំពី​ផ្ទៃ​ដី​មាន​ការ​កើន​ឡើង បើ​យើង​ប្រៀប​ធៀប​២០០៨ មាន​តែ​ប្រហែល​ជា​២៧​ជិត​២៨​គីឡូមែត្រ​ការ៉េ​ទេ ២០០៩​នេះ​យើង​សម្រេច​បាន​ជាង​៣១​គីឡូម៉ែត្រ​ការ៉េ​ហើយ​ដល់​ដាច់​ខែ​១១ អ៊ីចឹង​ខែ​១២​នេះ យើង​បាន​ប្រហែល​ជា​ជាង​២​គីឡូម៉ែត្រ​ការ៉េ​ទៀត»

លោក​បាន​ថ្លែង​ទៀត​ថា ក្នុង​មួយ​ឆ្នាំៗ CMAC បាន​ចំណាយ​ថវិកា​ចំនួន​ប្រមាណ​១០​ទៅ​ជាង​១២​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​សកម្មភាព​កម្ចាត់​មីន។ លោក​អគ្គនាយក CMAC មាន​ប្រសាសន៍​ទៀត​ថា តាម​ផែនការ​ជាតិ ប្រទេស​កម្ពុជា​នឹង​ដោះ​មីន​ប្រឆាំង​មនុស្ស​ឲ្យ​អស់​នៅ​ចុង​ឆ្នាំ​២០១៩។

ចំណែក​ឯ​លោក ជុំ ប៊ុនរ៉ុង អគ្គ​លេខាធិការ​អាជ្ញាធរ​មីន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដី​ដែល​សមត្ថកិច្ច​ជំនាញ​បាន​បោស​សម្អាត​មីន​រួច​រាល់​ជាង​៥០០​គីឡូម៉ែត្រ​ការ៉េ​នោះ គឺ​បាន​ប្រគល់​ទៅ​ឲ្យ​សហគមន៍​និង​អាជ្ញាធរ​នៅ​តាម​តំបន់​នោះ​ចែក​ជូន​ប្រជាពលរដ្ឋ។
លោក​ថ្លែង​ទៀត​ថា រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ចំនួន​៥​សំខាន់ៗ​ដើម្បី​ដោះ​មីន និង​ជួយ​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ។

លោក ជុំ ប៊ុនរ៉ុង មាន​ប្រសាសន៍​ដូច្នេះ ៖ «យុទ្ធសាស្រ្ដ​របស់​យើង គឺ​ប្រមូល​ផ្ដុំ​ទៅ​លើ​យុទ្ធសាស្រ្ដ​ទាំង​៥ គឺ​ថា ត្រូវ​តែ​ដោះ​មីន កម្ទេច​មីន ជួយ​អ្នក​រង​គ្រោះ​ដោយសារ​មីន ផ្សព្វផ្សាយ​ពី​មីន ហើយ​និង​ធ្វើការ​តស៊ូ​ដើម្បី​ឲ្យ​មាន​ជំនួន​ដើម្បី​ការ​សម្អាត​មីន​ហ្នឹង។ យុទ្ធសាស្រ្ដ​គឺ​មាន​យុទ្ធសាស្រ្ដ​៥​ឆ្នាំ ស្រប​ទៅ​តាម​យុទ្ធសាស្រ្ដ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​យើង​ហ្នឹង គឺ​ទុក​អាទិភាព​ដោះ​មីន​ហ្នឹង​ជា​អាទិភាព​ចម្បង ហើយ​គួប​ផ្សំ​នឹង​យុទ្ធសាស្រ្ដ​និង​ផែនការ​សហសវត្សរ៍​របស់​យើង​ជាមួយ​អង្គការ​សហ​ប្រជាជាតិ ក៏​ទុក​បញ្ហា​ការ​ដោះ​មីន សកម្មភាព​មីន​ជា​អាទិភាព​ចម្បង​ដែរ»

លោក ជុំ ប៊ុនរ៉ុង មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រាម​ជា​ច្រើន​លើក​មក​ហើយ​តាំង​ពី​ឆ្នាំ​១៩៧០​មក​ដល់​ឆ្នាំ​១៩៩៨ និង​រង​ឥទ្ធិពល​សង្គ្រាម​ពី​ប្រទេស​ជិត​ខាង​នោះ គឺ​បាន​បន្សល់​ទុក​នូវ​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។ លោក​ថ្លែង​ទៀត​ថា គ្រាន់​តែ​សង្គ្រាម​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​វៀតណាម​នោះ សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ជាង​២​លាន​៧៥​តោន៕